គ្រាន់តែ​និយាយ​រឿង​ខ្វះខាត​ម៉ាស់​វេជ្ជបណ្ឌិត​ម្នាក់​ត្រូវ​ប​ញ្ជួ​ន​ទៅ​ពេទ្យ​ផ្លូវចិត្ត


ឥណ្ឌា​៖ វេជ្ជបណ្ឌិត​ជនជាតិ​ឥណ្ឌា​ម្នាក់​មុន​ដំបូង​ត្រូវ​បាន​ព្យួរការងារ ​បន្ទាប់​ពី​លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​រឿង​កង្វះខាត​ម៉ាស់​ពាក់​ការពារ​កូ​វី​ដ​-១៩ ពេល​នេះ​បង្ក​នូវ​ការ​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ម្តងទៀត ​បន្ទាប់​ពី​មន្ត្រី​បាន​ប្រគល់​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្លូវចិត្ត​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នា​ថ្ងៃ​ទី ២១ ឧសភា​នេះ ។

លោក​វេជ្ជបណ្ឌិត Sudhakar Rao ដែល​ជា​អ្នកជំនាញ​ខាង​ថ្នាំ​សន្លប់​ដែល​មានបទពិសោធន៍ ២០ ឆ្នាំ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​នៅ​លើ​សារព័ត៌មាន​ជាតិ​ជា​លើក​ទី ២ ក្នុង​រយៈពេល​ពីរ​ខែ​។

ខ្សែ​វី​ដេ​អូ​ជា​ច្រើន​ឃ្លី​ប​ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុសផុល​លើ​បណ្តាញ​សង្គម និង WhatsApp បាន​បង្ហាញ​ពី​វេជ្ជបណ្ឌិត​រូប​នេះ​ប្រឈម​មុខ​ប្រទូស្ត​រាយ​ជាមួយនឹង​ប៉ូ​លី​ស​នៅ​ផ្លូវ highway មួយ​នៅ​ភាគ​ខាងត្បូង​នៃ ទីក្រុង Visakhapatnam ដែល​ជា​កន្លែង​ដែល​វេជ្ជបណ្ឌិត Rao រស់នៅ​និង​ធ្វើការ​។ ក្រោយមក​អាជ្ញាធរ​និយាយ​ថា​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផ្លូវចិត្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មួយ​ដែល​លើក​ឡើង​ថា វេជ្ជបណ្ឌិត​ឥណ្ឌា​ជា​ច្រើន​រូប​កំពុង​ប្រឈម​មុខ​នឹង​ការ​បង្ក្រាប់​បន្ទាប់​ពី​ពួក​គេ​បាន​និយាយ​អំពី​ការ​ខ្វះខាត​ឧបករណ៍​ការពារ ឬ​កង្វះ​ម៉ាស់​ពាក់​ការពារ ឬ​ការ​រៀបចំ​មិន​បាន​ល្អ​នៅ​ក្នុង​មន្ទីរពេទ្យ​។

វី​ដេ​អូ​មួយ​ក្នុង​ចំណោម​វី​ដេ​អូ​ចែកចាយ​យ៉ាង​ខ្លាំងក្លា​បង្ក​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ប៉ូ​លី​ស​នោះ គឺ​គេ​បានឃើញ​វេជ្ជបណ្ឌិត Rao អង្គុយ​ក្នុង​ឡាន​ដោយ​គ្មាន​ពាក់អាវ​និង​បាន​ស្រែក​ទៅ​កាន់​ប៉ូ​លី​ស​។ វី​ដេ​អូ​ផ្សេង​ទៀត គឺជា​រូបភាព​ដែល​វេជ្ជបណ្ឌិត​រូប​នេះ​ត្រូវ​បាន​ប៉ូ​លី​ស​ផ្តូ​ល​ទៅ​លើ​ដី និង​ដៃ​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ក្រវាត់​មក​ក្រោយខ្នង​និង​មាន​ដំបង​ប៉ូ​លី​ស​សង្កត់​ផង​ដែរ ។ប៉ូ​លិ​សបាន​លើក​ឡើង​ថា​គាត់​ត្រូវ​បាន​គេ​នាំ​ទៅ​សាកសួរ​និង​មិន​អនុញ្ញាត​ឲ្យ​បន្តការងារ​របស់​លោក​ឡើយ ដោយ​រង់ចាំ​ការ​សួរនាំ​បន្ត ។

នៅ​ក្នុង​វី​ដេ​អូ​មួយទៀត​ដែល​ទំនងជា​វី​ដេ​អូ​ចុង​ក្រោយ​គេ គឺ​ឃើញ​មន្ត្រី​ប៉ូ​លី​សបាន​ចាប់​រុញ​វេជ្ជបណ្ឌិត​រួប​នេះ​ចូល​ទៅ​កង់​៣​ឥ​ណ្ដា​និង​ដឹក​ចេញ​ទៅ ។

ប៉ុន្តែ​មុន​ពេល​គាត់​ត្រូវ​បាន​ប៉ូ​លី​ស​នាំ​ខ្លួន​យក​បាត់​នោះ លោក​វេជ្ជបណ្ឌិត Rao បាន​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​ចុះ​ទៅ​ប្រមូលផ្តុំ​នៅ​កន្លែង​កើតហេតុ​នោះ ដើម្បី​ដឹង​ថា​មាន​អ្វី​កើតឡើង​។ គាត់​បាន​និយាយ​ថា​គាត់​ត្រូវ​បាន​ប៉ូ​លី​ស​ឃាត់​និង​បង្ខំ​ឱ្យ​ចេញពី​ឡាន​របស់​គាត់ ។

គាត់​បាន​ចោទប្រកាន់​ថា «​ពួក​គេ (​ប៉ូ​លី​ស​) បាន​ឆក់​យក​ទូរស័ព្ទ​និង​កាបូប​របស់ខ្ញុំ​។ ពួក​គេ​បាន​វាយ​ខ្ញុំ​» ។ ការ​ឃុំខ្លួន​គាត់​បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និង​អ្នក​ផ្សេង​ទៀត​បាន​រិះគន់​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាលរ​ចំពោះ​ស្ថានភាព​នេះ​។ ក្រុមប្រឆាំង​បាន​ថ្លឹងថ្លែង​ដោយ​ចោទប្រកាន់​ប៉ូ​លី​ស​ថា​ប្រើប្រាស់​កម្លាំង​ហួសហេតុ​។ ករណី​របស់​វេជ្ជបណ្ឌិត​រ៉ូ​វ​គឺ​មាន​លក្ខណៈ​ចម្រូងចម្រាស​ជា​ពិសេស​ពីព្រោះ​គាត់​ត្រូវ​បាន​ព្យួរការងារ​ក្រោយ​និយាយ​រឿង​ខ្វះខាត​ឧបករណ៍​ការពារ​សម្រាប់​គ្រូពេទ្យ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ