ប្រទេសកូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា សាលារៀនរាប់សិបកន្លែង នៅក្រុងអ៊ីនឈុន ភាគខាងលិចនៃទីក្រុងសេអ៊ូល ត្រូវបានបិទជាថ្មីម្តងទៀត នៅថ្ងៃដំបូងនៃការត្រឡប់ទៅសាលារៀន បន្ទាប់ពីករណីកូវីដ១៩ ចំនួនពីរករណី ត្រូវបានរកឃើញនៅលើសិស្ស២នាក់។
សាលារៀនដែលមានករណីនេះកើតឡើង បានសម្រេចបិទការមករៀនដោយផ្ទាល់ភ្លាមៗកាលពីថ្ងៃពុធ ខណៈដែលសាលារៀន៦៦កន្លែងទៀតនៅក្នុងក្រុងអ៊ីនឈុន បានបើកហើយបិទទៅវិញក្នុងរយៈពេល២ម៉ោងក្រោយ ដែលជាវិធានការបង្ការទុកជាមុន ទម្រាំតែការស្វែងរកអ្នកឆ្លងផ្សេងទៀតនឹងត្រូវបញ្ចប់។
សិស្សទាំងពីរនាក់ បានទៅច្រៀងនៅបន្ទប់ខារ៉ាអូខេ ដែលជាកន្លែងដែលសិស្សមានផ្ទុកកូវីដ១៩ធ្លាប់បានទៅនាពេលកន្លងមក។
ករណីទាំងនេះត្រូវបានគេជឿជាក់ថា មានជាប់ទាក់ទងនឹងការឆ្លងនៅក្នុងក្លិបរាត្រី Itaewon។ រហូតមកដល់ពេលនេះមានករណីសរុបចំនួន១៩៦ករណី ត្រូវបានគេរាយការណ៍ទាក់ទងនឹងការឆ្លងនៅក្នុងក្លិបរាត្រីនោះ។
កាលបរិច្ឆេទបើកវិញសម្រាប់សាលាទាំងនេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ