រឿងចាក់ដីលុបព្រែក​បិទផ្លូវទឹក សន្យា​ចេញ​វិញ ចាំមើល៍កាយដីឬកាយខ្យល់!


ខេត្តស្វាយរៀង ៖ ​​ប្រជាពលរដ្ឋ​នៅ​ភូមិ​បាក់​រនាស់​ និង​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ បាន​លើកគ្នា​តវា​ជា​ថ្មី​ សុំ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន​ សែន ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ឈ្មោះ​សំ សា​វឿ​ន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ ជា​ប្រធាន​ក្រុមហ៊ុន នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ជីកដី​ស្រែ ​ប្រជាពលរដ្ឋ​២​គ្រួសារ​យក​អាចម៍ដី​លុប​អូរ​ធម្មជាតិ​ តាំងពី​បុរាណ​បិទផ្លូវ​ទឹក​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ បង្ក​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​រដូវវស្សា​ ។​

ដោយ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​ដោះស្រាយ​រយៈ​ពេល​០៣​ខែ​មក​ហើយ ​គឺ​គ្មាន​លទ្ធផល ហាក់បីដូច​មាន​អ្វី​នៅ​ពីក្រោយ​វាំងនន​ទើប​ដោះស្រាយ​មិន​ចេញ (​ចាក់​ដី​លប់​ចំណី​ព្រែក​ទន្លេ​វ៉ៃ​គោ ធ្វើ​ជា​លំនៅ​ឋាន​សង់​ផ្ទះថ្ម សង់រោង​កញ្ចុះ ជីកដី​ស្រែ​ប្រជាពលរដ្ឋ​២​គ្រួសារ​យក​អាចម៍ដី​លុប​អូរ​ធម្មជាតិ​ទំហំទទឹង​១២​ម៉ែត្រ​ បណ្តោយ​ជិត​៣០០​ម៉ែត្រ​ បិទផ្លូវ​ទឹក​ប្រជាពលរដ្ឋ​២​ភូមិ​)​ ។ ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​សម្តេច​ជួយ​។​

ករណី​នេះ​ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២០ ​ឧសភា ​២០២០​ នៅ​លើ​ទីតាំង​លប់​អូរ​ភូមិ​បាក់​រនាស់ ​សង្កាត់​សង្ឃ​រ័ ​ក្រុង​ស្វាយ​រៀង​។ ​បើ​តាម​លោកស្រី​សុខ ណ​ន ចៅសង្កាត់​សង្ឃ័រ បាន​ឲ្យ​ដឹង​ថា ឈ្មោះ​សំសា​វឿ​ន បាន​ជី​ដី​របស់​ប្រជាពលរដ្ឋ​២​គ្រួសារ​យក​អាចម៍ដី​លុបអូរ​សាធារណៈ​ទទឹង​១២​ម៉ែត្រ​ បណ្តោយ​ជិត​៣០០​ម៉ែត្រ​ អាច​បង្ក​ឲ្យ​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​ ហើយ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​ហាក់បី​ដូ​ជា​យូរ រយៈពេល​០៣​ខែ​មក​ហើយ​ ចាប់តាំងពី​ខែកុម្ភៈ​ ២០២០​ មក​ដល់​ថ្ងៃ​ទី​២០​ឧសភា​នេះ​ មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ ទើប​ប្រជាពលរដ្ឋ​លើកគ្នា​តវា​ជា​ថ្មី ​។

រីឯ​ឈ្មោះ​សំ សា​វឿ​ន​វិញ បាន​និយាយ​ថា ដោយ​ផ្ទះ​គាត់​នៅ​ខាងក្រោយ​គ្មាន​ផ្លូវ​ចេញ ក៏​បាន​ធ្វើ​សំណើរ​ទៅ​លោកស្រី​ចៅសង្កាត់​សង្ឃ័រ​សុំ​លប់​អូរ ធ្វើ​ថ្នល់​ប្រវែង​៣០០​ម៉ែត្រ​ជា​ផ្លូវ​សាធារណៈ​និង​ដាក់​លូ​បណ្តោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​មុខកាត់​១​ម៉ែត្រ ក៏​ប៉ុន្តែ​លោកស្រី​ចៅសង្កាត់​មិន​ព្រម​ចុះហត្ថលេខា​អោយ​ហើយ​ឲ្យ​សុំ​ទៅ​លោក​អភិបាលក្រុង​ស្វាយ​រៀង​លោក​អភិបាលក្រុង​ស្វាយ​រៀង​មិន​ឆ្លើយ​តប​ទៀត​ទើប​ខ្លួន​ចាក់​ដី​លុប​អូរ​តែ​ម្តង​។

​ទាក់ទិន​ករណី​នេះ​ដែរ​ លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​កោះហៅ ឈ្មោះ​សំ​សា​វឿ​ន​ និង​តំណាង​ប្រជាពលរដ្ឋ​ចូល​ទៅ​ដោះស្រាយ​នៅ​សាលាក្រុង លទ្ធផល​ឈ្មោះ​សំសា​វឿ​ន​សុំ​ពេល​១​ខែ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥​ឧសភា​ដល់​១៥​មិថុណា​២០២០ ទើប​កាយ​អាចម៍ដី​ចេញពី​អូរ​នេះ​ឲ្យ​រួចរាល់​ដូច្នេះ​មក​ដល់​ពេល​នេះ​ទើបតែ​បាន​០៥​ថ្ងៃ​នៅ​២៥​ថ្ងៃ​ទៀត​បើ​មិន​ព្រម​កាយ​ទើប​អាជ្ញា​ធរមាន​ចំណាត់ការ​។​ចំពោះ​ប្រជាពលរដ្ឋ​វិញ​លើក​ឡើង​ថាបើ​រង់ចាំ​២៥​ថ្ងៃ​ទៀត​បាន​ចាត់ការ​នោះ​ភ្លៀង​មក​ពិតជា​លិច​លំនៅ​ឋាន​របស់​ពួក​គាត់​ជា​មិន​ខាន​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា និង​អំពាវនាវ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​អាជ្ញាធរ​យក​គ្រឿងចក្រ​កាយ​យក​អាចម៍ដី​ចេញពី​អូរ​បុរាណ​ឲ្យ​បាន​ឆាប់ ដើម្បី​បើកផ្លូវ​ទឹក កុំ​ឲ្យ​ទឹក​ជន​លិច​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ៕​​

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ