រាជធានីភ្នំពេញ ៖ អតីតវីរបុរសបាល់ទាត់កម្ពុជាលោកប៉ែន ផាត ពេលនេះកំពុងតែជាប់ផុងនៅក្នុងប្រទេសថៃដោយសារតែវិបត្តិជំងឺឆ្លងកូវីដ-១៩ រាតត្បាតពាសពេញពិភពលោក ។ លោក ប៉ែន ផាត ដែលបច្ចុប្បន្នមានអាយុ៧២ឆ្នាំទៅហើយនោះ គឺជាគ្រូបង្វឹកបាល់ទាត់Academyនៅខេត្តឈុនបូរី ប្រទេសថៃ ។លោកបានក្លាយជាគ្រូបង្វឹកនៅទីនោះរយៈពេល៣ឆ្នាំមកហើយជាមួយកិច្ចសន្យា៦ខែម្ដង ។
គ្រូបង្វឹកដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ឯប្រទេសបារាំងរូបនេះបានប្រាប់ឲ្យដឹងពីខេត្តឈុនបូរីមកថា កិច្ចសន្យាត្រូវបញ្ចប់នៅខែមិថុនានេះ ។ បន្ទាប់ពីចប់កិច្ចសន្យាលោកតែងតែមកស្រុកខ្មែរដើម្បីជួបជាមួយមិត្តភក្តិចាស់ៗ និងហូបបាយជាមួយគ្នារំលឹកពីអនុស្សាវរីយ៍កន្លងមកដែលធ្លាប់ជាអ្នកកីឡាដូចគ្នា ។បន្ទាប់មកទើបលោកត្រឡប់ទៅកាន់ប្រទេសបារាំងវិញដើម្បីរង់ចាំទទួលកិច្ចសន្យាថ្មី ។
អតីតកីឡាករឆ្នើមកម្ពុជាដែលធ្លាប់លេងបាល់ជាមួយស្តេចបាល់ទាត់ប្រេស៊ីលPeleរូបនេះបន្ថែមថា សម្រាប់ពេលនេះកិច្ចសន្យាជិតនឹងបញ្ចប់ហើយ រីឯសិស្សរបស់លោកប្រមាណជាង១០០នាក់បានចាកចេញពីជំរំហ្វឹកហាត់ទៅផ្ទះវិញហើយ នៅសល់កីឡាករក្មេងៗតែជាង១០នាក់ប៉ុណ្ណោះ ។ លោកត្រៀមខ្លួនទៅស្រុកខ្មែររួចរាល់តែគ្មានជើងយន្ដហោះទៅទេ ចំពោះយន្ដហោះទៅស្រុកបារាំងក៏គ្មានដែរទើបលោកជាប់ផុងនៅស្រុកថៃបែបនេះ ។
លោកប៉ែន ផាត ជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់កម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០និង១៩៧០ ។ នៅឆ្នាំ១៩៧២លោកបានចាកចេញពីស្រុកខ្មែរទៅលេងឲ្យក្លិបមួយនៅប្រទេសថៃរហូតខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញ ។ លោកបានបន្តលេងនៅប្រទេសថៃមុនពេលលោកភៀសខ្លួនទៅរស់នៅប្រទេសបារាំង ។ នៅប្រទេសថៃលោកត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាសត្វពស់កេងកងដោយសារតែចលនាបណ្ដើរបាល់របស់លោករស់រវើកដូចសត្វពស់លូនអ៊ីចឹង ។
ក្នុងអំឡុងពេលខ្មែរក្រហមត្រួតត្រាប្រទេសនោះ លោកត្រូវបានពួកថៃទាមទារឲ្យលោកកាន់លិខិតឆ្លងដែនថៃដើម្បីឲ្យលោកលេងក្នុងក្រុមជម្រើសជាតិថៃបាន តែលោកបដិសេធ ។ ការបដិសេធនេះបានធ្វើឲ្យសហព័ន្ធបាល់ទាត់ថៃមិនសប្បាយចិត្តហើយតែងតែរារាំងមិនឲ្យលោកចាកចេញពីប្រទេសថៃទៅកាន់ប្រទេសទី៣បានឡើយ ។
ទោះបីយ៉ាងណាទីបំផុតលោកបានចាកចេញពីប្រទេសថៃទៅកាន់ប្រទេសបារាំងបានដោយមានការជួយជ្រោមជ្រែងពីមិត្តភក្តិថៃមួយចំនួន ។ លោកនិយាយថា មិត្តភក្តិជនជាតិថៃដែលធ្លាប់លេងបាល់ជាមួយលោកនៅតែរាប់អានលោកហើយតែងតែទាក់ទងលោកឲ្យមកជួយបង្ហាត់កុមារតូចៗនៅប្រទេសថៃដូចសព្វថ្ងៃនេះអញ្ចឹង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ