ស្គាល់​អត្តសញ្ញាណ​ហើយ! អ្នក​រត់​ម៉ូតូ​កង់​បីដេកសន្លប់​ក្រោយនារីវ័យក្មេងឱបថើប​ ​


រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ដែល​គេ​សង្ស័យ​ថាត្រូវថ្នាំសណ្តំ និង​ប្រទះ​ឃើញ​ដេក​នៅ​លើ​កង់​បី​កាលពី​ព្រឹក​ថ្ងៃ​​ទី​១៩ ឧសភា កន្លង​មកនេះ​ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​សុ​ី​ធី​ស្ថិត​ក្នុងភូមិ​ទួ​ល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ​ក្រោយ​ពី​បុរស​រូប​នោះ​ត្រូវ​បាន​ប្រពន្ធ​នាំ​យក​​ចេញពី​មន្ទីរពេទ្យ​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ខណ្ឌ​សែន​សុខ ។ គួររំលឹកថា មានរឿង​អ្វី​ទៅ​! នារី​វ័យក្មេង​អោប​ថើប​អ្នក​​រត់​កង់​បី​ក៏​ស្ងាត់ឈឹង រួច​នាង​យួរ​ថង់​​​ដើរ​ចេញ

​បើ​តាម​ប្រភពពី​ស្ត្រីឈ្មោះ​យិ​ន ស្រី​កែវ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ត្រូវជា​ប្រពន្ធ​បុរស​រត់​ម៉ូតូ​កង់​បី​​ម្នាក់​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា បុរស​ដែល​ដេក​សន្លប់​ស្តូកស្តឹង​ក្នុង​ម៉ូតូ​កង់​បី​នោះ​គឺជា​ប្តី​របស់​គាត់​មានឈ្មោះ​ចេ​ង សោភ័ណ អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ។

ស្ត្រីជា​ប្រពន្ធបានបន្ត​ថា នៅ​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ប្តី​​បាន​ទូរស័ព្ទ​មក​គាត់​ថា ឱ្យ​​យក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង ​ប៉ុន្តែ​ពេល​ប្តី​និយាយ​មក​​កាន់​គាត់​ហាក់​បី​ដូចជា​​មានសតិ​មិន​​​ប្រក្រតី​ខុស​ប្លែក​ពី​សព្វដង ។ ដោយ​មានការ​សង្ស័យ​ផង ​ម្យ៉ាងទៀត​បាត់​ប្តី​មួយ​យប់ បែរជា​​ប្តី​ទូរស័ព្ទ​ចេញពី​មន្ទីរ​ទៅ​វិញ ដើម្បី​ចង់​ដឹង​ការ​ពិត​ គាត់​ក៏​បាន​នាំ​សាច់ញាតិ​ទៅ​​កាន់​មន្ទីរ​កាល់​ម៉ែ​ត ។

ស្ត្រីជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​​បន្ត​ថា នៅ​ពេល​ទៅ​ដល់​មន្ទីរ​កាល់​ម៉ែ​ត​នៅ​អាគារ​សង្គ្រោះ​បន្ទាន់​ ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​កំពុង​តែ​ដេក​នៅ​គ្រែ​ទាំង​មាន​បន្តោង​សេរ៉ូម​ផង​ដែរ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ​​បាន​ប្រាប់​គាត់​ថា ប្តី​​របស់​គាត់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​មក​ដល់​អាគារ​សង្គ្រោះ​បន្ទាន់​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា រួច​ក្រុម​គ្រូពេទ្យ​បាន​រៀបចំ​បន្តោង​សេរ៉ូមដែរ​ ប៉ុន្តែ​តែងតែ​បោច​សេរ៉ូម​ចេញ ។ ដោយ​មិន​ចង់​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ពិបាក ​ក៏​ដូច​ជា​ការ​សំណូមព​របស់​ប្តី​ឲ្យ​យក​ទៅ​ផ្ទះ​វិញផងនោះ​ ​ទើប​​គាត់​បាន​សុំ​ដល់​អ្នក​ទទួលខុស​មន្ទីរពេទ្យ ហើយ​គេ​ក៏​ឯក​​ភាព​ឲ្យ​នាំ​ប្តី​ចេញ​ទៅ​ផ្ទះ​នៅវេលាម៉ោង​ម៉ោង​ជិត​១២ ។

​ស្ត្រីជា​ប្រពន្ធបាន​បន្ត​​ថា ប្តី​របស់​គាត់​ទើ​តែ​រត់​ម៉ូតូ​កង់​បី​​មួយគ្រឿង​ដែល​មាន​ពាក់​ស្លាក​លេខ​ ១HU-៥៤៤០ ពណ៌​ស បាន​ប្រហែល​៧​ខែ​ប៉ុណ្ណោះ ​ដោយ​បាន​ខ្ចី​លុយ​ពី​ធនាគារ ​ហើយ​ក្នុង​មួយ​ខែ​ត្រូវ​បង់​ឲ្យ​ធនាគារ​១៥០​ដុល្លារ ។ ជា​រៀងរាល់ថ្ងៃ​ប្តី​របស់​គាត់​តែងតែ​ចូល​ផ្ទះ​នៅ​ម៉ោង​១២​យប់​ មាន​ថ្ងៃ​ខ្លះ​ម៉ោង​មួយ​យប់​ក៏​មានដែរ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ឧសភា ប្តី​គាត់​បាន​ចេញពីផ្ទះ​វេលា​ម៉ោង​៨​ព្រឹក ។ លុះដល់​ពាក់កណ្តាល​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ឧសភា អត់​ឃើញ​ប្តី​ត្រឡប់​មក​ផ្ទះវិញ​ ហើយ​គាត់​ទូរស័ព្ទ​ទៅ​ប្តី​ដែរ តែ​មិន​ចូល​សោះ ។ គាត់​ក៏​កើត​មានការ​សង្ស័យ​ដែរ​ តែ​មិនដឹង​ធ្វើ​ម្តេច​នាំ​គ្នា​រង់ចាំ​ទាល់​ភ្លឺ ម្យ៉ាងវិញទៀត​ប្តី​គាត់​រត់​ម៉ូតូ​កង់​បី​នេះ​ចល័ត​រហូត​មិន​នៅ​មួយ​កន្លែង​ឲ្យ​ច្បាស់លាស់​នោះ​ទេ ។ លុះដល់​ថ្ងៃ​ទី​១៩ ខែឧសភា វេលា​ម៉ោងជាង​៩​យប់​ទើប​មាន​គេ​​ទូរស័ព្ទ​មក​ប្រាប់​ថា ​ប្តី​របស់គាត់​កំពុង​ដេក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អាគារ​សង្គ្រោះ​បន្ទាន់ ។

​ស្ត្រីជា​ប្រពន្ធ​បាន​ឱ្យ​ដឹងបន្ត​ទៀត​​ថា ៖ គ្រូពេទ្យ​មិន​បាន​​ប្រាប់​ថា ប្តី​របស់​គាត់​កើត​​ជំងឺ​​អ្វី​នោះ​ទេ ពេល​មក​ដល់​ផ្ ទះ​ស្ថានភាព​ប្តី​របស់​គាត់​និយាយ​មិនដឹង​ខុស​ត្រូវ​នោះ​ឡើយ ហើយ​សាច់ញាតិ​កំពុង​តែ​ឲ្យ​ផឹកទឹក​ក្រូចឆ្មារ ក្រែង​បាន​ធូ​រ​ស្បើយ ។ នៅ​ក្នុង​ហេតុ​ការ​ខាងលើ​​នេះដែរ ប្តី​​របស់​គាត់​បាន​បាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿងតម្លៃ​ជាង​២០០​ដុល្លា ហើយ​ទូរស័ព្ទ​នេះ​កំពុង​បង់​រំ​លួស​ផង​ដែរ រីឯ​លុយកាក់​គាត់​មិន​បានដឹង​នោះ​ទេ ។ ​ស្ត្រីជា​ប្រពន្ធ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដែល​បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​​របស់​គាត់​ថា ម៉ូតូ​កង់​បី​របស់​ប្តី​គាត់​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ​ខណៈដែល​​គាត់​យល់​ថា​ ម៉ូតូ​កង់​បី​បាន​បាត់​ទៅ​ហើយនោះ​ ។

គួ​​របញ្ជាក់​ថា ៖ មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ​ខណៈ​បុរស​ម្នាក់​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដែល​គេ​ស្គាល់​ត្រឹម​ថា ជា​អ្នក​រត់​ម៉ូតូ​កង់​បី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HU5440 មួយ​គ្រឿង​ បើ​តាម​សាក្សី​ដែល​ជា​អ្នកលក់​ចា​ខ្វៃ​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​សន្លប់​ដេក​ស្តូកស្តឹង​តាំងពី​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែឧសភា​​ មកម៉្លេះ បន្ទាប់​ពី​គាត់​បាន​ដឹក​នារី​វ័យក្មេង​ម្នាក់​ ។

​បើ​​តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រត់​កង់​បី​រូប​នោះ​បាន​ដឹក​នារី​វ័យក្មេង​ម្នាក់​ស្លៀក​រ៉ូ​ប​ឈុត​គេង ពណ៌​ស្វាយ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង បាន​មក​ឈប់​នៅ​កន្លែង​កើតហេតុ ក៏​ឮ​សូរ​សម្លេង​ឈ្លោះប្រកែក​គ្នា ហើយ​ទំនងជា​អ្នក​ម៉ូតូ​កង់​បី​ទារ​លុយ​ ។ ក្រោយមក គេ​ក៏​ឃើញ​នារី​រូប​នោះ​បាន​ស្ទុះ​ទៅ​អោប​ថើប​អ្នក​រត់​ម៉ូតូ​កង់​បី ហើយ​ក៏​ស្ងាត់ឈឹង​តែ​ម្តង​។

តាម​​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មួ​យសន្ទុះ​​ស្រាប់តែ​គេ​ឃើញ​នារី​រូប​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​ដោយ​មាន​យួរ​ស្បោង​ចំនួន​២​ទៀត​ផង ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល​ឃើញ​អ្នក​រត់​ម៉ូតូ​កង់​បី បាន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ម៉ូតូ​កង់​បី ​ហូត​ដល់​ភ្លឺ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយមកដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕ (កែសម្រួលដោយ ៖​ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ