អាវុធហត្ថ​បញ្ជូនក្រុម​ជនសង្ស័យ​ ទៅ​តុលាការ ករណីបង្ខាំង​មនុស្ស​ខុសច្បាប់


រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៩នាក់ ក្នុង​នោះ​មាន​(​បុរស​ចិន​០៨​នាក់ និងស្ត្រី​ភូមា​ម្នាក់​) ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​​ចាប់​ជន​ជាតិចិន​បង្ខាំង​​ដោយ​ខុសច្បាប់ ។​

​បើ​តាម​របាយការណ៍​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួនជនសង្ស័យ១០នាក់​ រួម​មាន ៖

​ទី​១- ឡូ​វ ពិន​ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​ជនជាតិ​ចិន​
​ទី​២- ឈិ​ន ស៊ី ភេទ​ប្រុស ​អាយុ​៤៦​ឆ្នាំ​ ជនជាតិ​ចិន​
​ទី​៣- ស៊ុ​ង ជាំ​ង ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ចិន​
​ទី​៤- សោ ឆោ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន​
​ទី​៥- វ៉ាង វិ​ន​ហ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​
​ទី​៦- ជា​យូ ជឺ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​
​ទី​៧- ចូ​វ ហន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន​
​ទី​៨- ហង ឡុ​ង​ម៉ី​ង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន​
​ទី​៩- ហម ទិ​ប​ឈី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ ជនជាតិ​ភូមា​
​និង​ទី​១០- ងែ​ត ផល្លា ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ ។​

សូមជម្រានថា ក្រោមការ​សាកសួរ និង​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ក្រុម​ជនសង្ស័យ​ចំនួន​០៩​នាក់​(​បុរស​ចិន​០៨​នាក់ នារី​ភូមា​០១​នាក់​) បាន​ជាប់​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ ចំណែកនារី​ខ្មែរ​ជា​អ្នក​ដាំបាយ​មិនជាប់ពាក់ព័ន្ធ​ទេ ។

​សូម​រម្លឹក​ថា «បំបែក​សំបុ​កចិន​ចាប់​ចិន​បង្ខាំ​មនុស្ស​ខុសច្បាប់ជម្រិត​ទារប្រាក់​» កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប ឆែកឆេរ​បន្ទប់​ចំនួន​៤ ក្នុង​ខុន​ដូរ​មួយ​កន្លែង ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ តាម​ពាក្យបណ្ដឹង​បងប្រុស​ជន​រង​គ្រោះ​ឈ្មោះ​XIAO WEN YANG ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​អ៊ូ​ឆាង សង្កាត់​អឺ​ប៉ី ក្រុង​អឺ​ប៉ី ខេត្ត​ហ៊ូ​ប៉ី និង​រំដោះ​បាន​ជន​រង​គ្រោះ​ចំនួន​០១​នាក់ ។​

​ជន​រង​គ្រោះ ជា​ជនជាតិ​ចិន ត្រូវ​បាន​ចិន​គ្នា​ឯង ចាប់​បង្ខាំង​តាំងពី​អំឡុង​ខែ​០៣ ឆ្នាំ​២០២០ មក​ម្លេះ ព្រោះ​ជន​រង​គ្រោះ​បានដឹង​ការ​សម្ងាត់​របស់​ក្រុម​ជនល្មើស ដែល​សុទ្ធតែ​ជា​ក្រុម​មនុស្ស​មាន​ពិរុទ្ធភាព រកស៊ី​ខុសច្បាប់ និង​ត្រូវ​បាន​ប៉ូលិស​ចិន​តាម​ចាប់ខ្លួន​ផង​ដែរ ហើយ​នៅ​ពេល​នោះ ជន​រង​គ្រោះ​បាន​លួច​ផ្ញើ​សារ​ទៅ​កាន់​បងប្រុស​ខ្លួន នៅ​ឯ​ប្រទេស​ចិន ដើម្បី​ឲ្យ​រក​មធ្យោបាយ​ជួយ​រំដោះខ្លួន តែ​ដោយសារ​ស្ថានភាព​នៅ​ប្រទេស​ចិន​នា​ពេល​នោះ កំពុង​ត្រូវ​បាន​ជំងឺ​កូ​វី​ដ​១៩​រាតត្បាត បាន​ធ្វើ​ឲ្យ​បងប្រុស​របស់​ជន​រង​គ្រោះ មិន​អាច​ចាក​ចេញពី​ប្រទេស​ចិន​បាន ក៏​បាន​ពន្យា​ពេល​ធ្វើ​ដំណើរ​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ ទើប​បងប្រុស​ជន​រង​គ្រោះ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា និង​បាន​ទំនាក់ទំនង​ទៅ​កាន់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​រំដោះ​ប្អូនប្រុស​របស់​ខ្លួន ។​

​ក្រោយ​ពី​សមត្ថកិច្ច​អាវុធហត្ថ​បាន​ទទួល​ពាក្យបណ្តឹង​ភ្លាម ក៏​ចាត់វិធានការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា ជនល្មើស​កំពុង​ស្នាក់​នៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង ក្នុង​ខណ្ឌ​ជ្រោយចង្វារ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​សហការ ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ដោយ លោក ហេង ផេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​និង​ឆេ​ក​ឆេរ​បន្ទប់​ចំនួន​4 ក្នុង​ទីតាំង​ខុន​ដូ ស្ថិត​នៅ​ចំណុច​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​និង​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​១០​នាក់​(​បុរស​ចិន​០៨​នាក់ នារី​ភូមា​០១​នាក់ និង​នារី​ខ្មែរ​ជា​អ្នក​ដាំបាយ​០១​នាក់​) យក​មក​សាកសួរ​តាម​វិធានការ​ជំនាញ និង​បាន​រំដោះ​ជន​រង​គ្រោះ​០១​នាក់ ឲ្យ​មាន​សេរីភាព​វិញ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ