រាជធានីភ្នំពេញ ៖ ខណៈដែលស្ថានភាពវីរុសកូវីដ-១៩ នៅកម្ពុជាមានស្ថានភាពប្រសើរឡើង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាក៏កំពុងសស្រាក់សស្រាំរៀបចំវិធានការសំខាន់ៗក្នុងការស្តាឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជានោះ ព្រោះរយៈពេលប៉ុន្មានខែចុងក្រោយនេះវិស័យអាកាសចរណ៍កម្ពុជាបានរងផលប៉ះពាល់ច្រើនដោយសារតែវីរុសឆ្លងមួយនេះ ។
លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពឲ្យដឹងថា ផលប៉ះពាល់កន្លងមកនៃវីរុសកូវីដ១៩ លើវិស័យអាកាសចរណ៍កម្ពុជា គឺការផ្អាកជើងហោះហើរចេញ-ចូលកម្ពុជា មានចំនួនច្រើន ។ លោកបានឲ្យដឹងថា មានប្រទេសចំនួន៣៨ប្រទេស បានសម្រេចផ្អាកការហោះហើរចេញ-ចូលកម្ពុជា ដែលស្មើនឹង៩៨ភាគរយ នេះបើធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
លោក សិរីវត្ថា បានបន្តថា «៩៨ភាគរយនេះ គឺគិតលើអាកាសយានដ្ឋានបីកន្លែងដូចជា ភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ។ ភ្នំពេញមានការធ្លាក់ចុះនៃចំនួនអ្នកដំណើរ ៩៦.៧ភាគរយ ហើយសៀមរាបធ្លាក់ចុះនៃចំនួនអ្នកដំណើរ១០០ភាគរយ និងក្រុងព្រះសីហនុធ្លាក់ចុះនៃចំនួនអ្នកដំណើរ៩៨.៤ភាគរយ ។
គួរបញ្ជាក់ថា កម្ពុជាបាននឹងកំពុងបន្តវិធានការហាមឃាត់អ្នកដំណើរ៦សញ្ជាតិដូចជា បារាំង អង់គ្លេស អេស្បាញ អ៊ីតាលី អាមេរិក និងអ៊រ៉ង់ ដែលតាមវិធានការដាក់ចេញដោយរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ ដើម្បីទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃកូវីដ-១៩ នៅកម្ពុជា ៕
ចែករំលែកព័តមាននេះ