រក​ឃើញ​កូ​វីដ​ថ្មី​៧០​ករណី ​នៅ​តាម​សាលា​គ្រាន់តែ​បើក​ឲ្យ​ចូល​រៀន​បាន​មួយ​អាទិត្យ


បារាំង ៖ ប្រទេស​បារាំង​បាន​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ចំនួន​៧០​ករណី នៅ​តាម​សាលា បន្ទាប់​ពី​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​ក្មេង​ៗ​ប្រមាណ​ជាង​១​លាន​នាក់​ចូល​រៀន​ឡើង​វិញ​បាន​មួ​យស​ប្តា​ហ៌​នោះ ។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រីក្រសួង​អប់រំ​បារាំង​ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Businessinsider ចុះ​ថ្ងៃ​ទី ១៩ ឧសភា ។

ប្រទេស​បារាំង​បាន​បិទ​សាលា​និង​វិទ្យាស្ថាន​ឧត្តម​សិក្សា​ចាប់ពី​ថ្ងៃ​ទី ១៧ ខែមីនា​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​ប្រទេស​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​។ ប្រទេស​បារាំង​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ប្រមាណ​ជាង ១៨០.០០០ ករណី​និង​ច្រើន​ជាង ២៨.០០០ នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ទី ១៨ ឧសភា ។ បន្ទាប់​ពី​ការ​ចាក់សោ​អស់​រយៈពេល​ពីរ​ខែ​ប្រទេស​បារាំង​បាន​ចាប់ផ្តើម​ដក​ការ​រឹតត្បិត ឬ​បន្ធូរ​ប​ន្ធ​យ​ការ​រឹតត្បិត រួម​ទាំង​ការ​បើកហាង​និង​សា​លាម​ត្តេ​យ្យ​និង​សាលា​បឋម​សិក្សា​មួយ​ចំនួន​ទៀត​។

យោង​តាម France24 ថ្នាក់រៀន​ត្រូវ​បាន​កំណត់​នូវ​ចំនួន​សិស្ស​ត្រឹម ១០ នាក់​សម្រាប់​សា​លាម​ត្តេ​យ្យ​និង ១៥ នាក់​សម្រាប់​ក្រុម​ក្មេង​អាយុ​ផ្សេង​ទៀត​ពី​នេះ ។ រដ្ឋមន្ត្រីក្រសួង​អប់រំ Jean-Michel Blanquer បាន​ប្រាប់​វិទ្យុ​បារាំង RTL នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ករណី​ថ្មី​ចំនួន ៧០ នៃ COVID-19 ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​មួ​យស​ប្តា​ហ៍​ចាប់តាំងពី​កូនសិស្ស​បាន​ត្រឡប់​មក​ចូល​រៀន​វិញ ដែល​នោះ​ជា​អ្វី​គាត់​បាន​និយាយ​ថា​ការ​ឆ្លង​ពេល​ចូល​រៀន​វិញ​ជា​រឿង « ជៀស​មិន​រួច​» ។ លោក​បាន​និយាយ​ថា «​វា​មិន​អាច​ជៀស​ផុត​បាន​ទេ​សម្រាប់​រឿង​ប្រភេទ​នេះ​ថា​វា​ពិត​នឹង​កើតឡើង​» ។

លោក Blanquer បាន​កត់​សម្គាល់ថា ៧០ ករណី​គឺជា​សមាមាត្រ​តូច​មួយ​នៃ​សិស្សសាលា ១,៤ លាន​នាក់​ដែល​បាន​វិល​ត្រឡប់​មក​វិញ​។ លោក​ថា​សាលារៀន​ដែល​រង​ផល​ប៉ះពាល់​នឹង​ត្រូវ​បិទ​ជា​បន្ទាន់​។

ប្រទេស​បារាំង​ស្ថិត​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​ជា​ច្រើន រួម​មាន​ប្រទេស​អា​ល្លឺ​ម៉​ង់​ដា​ណឺ​ម៉ាក ន័​រ​វែ​ស សាធារណរដ្ឋ​ឆែក និង​ប៉ូ​ឡូញ ដែល​បាន​ចាប់ផ្តើម​លើកយក​វិធាន​ការណ៍​ចាក់សោរ​ប្រទេស ឬ​បិទ​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ប្រទេស​ដា​ណឺ​ម៉ាក​កាលពី​ខែ​មុន​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​អឺរ៉ុប​ដែល​បើក​សាលារៀន​ឡើង​វិញ​ដែល​ជំរុញ​ឱ្យ​ឪពុក​ម្តាយ​លើក​ឡើង​នូវ​ការ​ព្រួយបារម្ភ​ថា​កូន​ៗ របស់​ពួក​គេ​ត្រូវ​បាន​ប្រើ​ជា «​កូនជ្រូក​» ដើម្បី​សាកល្បង​គោលនយោបាយ​របស់​រដ្ឋាភិបាល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ