អា​មេ​រិ​ក​ បរិច្ចាគឧបករណ៍​ជំនួយ​ដង្ហើម ២០០​គ្រឿង ឲ្យ​​ប្រទេស​រុ​ស្ស៊ី


ម៉ូ​ស្គូ ៖ សហរដ្ឋអាមេរិក បាន​បញ្ជូន​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ចំនួន ២០០​គ្រឿង ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ដែល​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រីក​រាលដាល​នៅឡើយ ។ ជំនួយ​នេះ បន្ទាប់​ពី​ទីក្រុង​មូ​ស្គូ បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ ទៅ​កាន់​អា​មេ​រិ​ក​ផង​ដែរ កាលពី​ខែមេសា នេះ​បើ​តាម​សារព័ត៌មាន​រុ​ស្ស៊ី RT ។

មន្ត្រីជាន់ខ្ពស់​របស់​អា​មេ​រិ​កមួយ​រូប​បាន​ប្រាប់​អោយ​ដឹង​ថា គ្រឿង​បរិក្ខារ​ដែល​ផលិត​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ត្រូវ​បាន​បញ្ជា​ទិញ​ពី​ប្រធានាធិបតី​លោក ដូ ណា​ល់​ត្រាំ ។ មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ឧបករណ៍​សង្គ្រោះ​ជីវិត (​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​) ត្រូវ​បាន​បរិច្ចាគ ដោយ​ឥត​គិតថ្លៃ ។

មន្ត្រី​ដដែល​បាន​និយាយ​ប​ន្ដែ​ម​ថា ទីក្រុង​មូ​ស្គូ មិនមែន​ជា​អ្នក​ទទួល​ជំនួយ​តែ​មួយ​គត់​ទេ កន្លង​មក​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ដឹក​ជញ្ជូន​ផ្ដល់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម​ចំនួន ១៥.០០០​គ្រឿង ទៅ​បណ្ដា​ប្រទេស​ជាង​៥០ រួច​ទៅ​ហើយ ។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​បញ្ជាក់​ថា ការ​បញ្ជូន​ចាប់ផ្ដើម​កាលពី​ថ្ងៃអាទិត្យ ។ លោក​បាន​ប្រាប់​កាសែត​វ៉ា​ស៊ី​ន​តោន​ថា “​គ្រឿង​បរិក្ខារ​ទាំងនោះ កំពុង​ដំណើរការ​ហើយ​” ។ អ្នកការទូត​កំពូល​អា​មេ​រិ​ក​រូប​នេះ បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​នេះ នឹង​រួម​បញ្ចូល​ទាំង​ឧបករណ៍​សម្រាប់​ធ្វើតេស្ត ក៏​ដូច​ជា​ម៉ាស៊ីន​ជំនួយ​ដង្ហើម ។

ស្ថានភាព​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​ប្រទេស​រុ​ស្ស៊ី អាច​មើលទៅ​គួរ​ឲ្យ​ញញើត​ណាស់ ព្រោះថា ចំនួន​ករណី​ដែល​បាន​ឆ្លង​នៅ​ទីនោះ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូត​ជិត​ដល់ ៣០០.០០០​ករណី​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ ឧសភា​នេះ ដោយ​ស្ថិត​នៅ​លំដាប់​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ។ ទោះ​យ៉ាងណា ប្រទេស​រុ​ស្ស៊ី ក៏​មាន​អត្រា​មរណភាព​របស់​អ្នកជំងឺ Covid-19 ទាប​បំផុត​មួយ​នៅ​លើ​ទ្វីប​នេះ​ដែរ ត្រឹមតែ​ជាង ២,៨០០​នាក់​ប៉ុណ្ណោះ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ