ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ។ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ។ ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់ ទន្លេមេគង្គ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូន​អំពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ ។


១- ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ​ក្នុង​តំបន់​៖
យោង​តាម​ការ​សង្កេត ពិនិត្យ​ទៅ​លើ​បាតុភូត​ធម្មជាតិ និង​ការ​ព្យាករ​តាម​រយៈ ENSO Forecast រួច​មក​ឃើញ​ថា​៖ ចាប់ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ បាតុភូត Neutral មាន​៦០% បាតុភូត El Nino មាន​១០% និង​បាតុភូត La Nin មាន​៣០% ។ ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ភ្លៀង​អាច​មាន ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅ​ក្នុង​អាង​ទន្លេមេគង្គ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

២- ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ៖ ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ចាប់ពី​ដើមឆ្នាំ​២០២០​នេះ មក​មាន​ស្ថានភាព​ដូច​ខាងក្រោម​៖
ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង ឆ្នាំ​២០១៥ ប្រមាណ​០.៥០​ម៉ែត្រ តែ​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​០.៣០​ម៉ែត្រ​។

ទន្លេមេគង្គ​-​ក្រចេះ ទឹក​មាន​កម្រិត​កម្ពស់​ទាប ជាង​ឆ្នាំ​២០១៥ ដល់​ទៅ​១.១២​ម៉ែត្រ តែ​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​០.៥០​ម៉ែត្រ​។

ទន្លេមេគង្គ​-​កំពង់ចាម ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ​១.៧២​ម៉ែត្រ តែ​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​០.១៤​ម៉ែត្រ​។

រាជធានី​ភ្នំពេញ ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ ទឹក​មាន​កម្រិត​កម្ពស់ ទាប​ជាង​ឆ្នាំ ២០១៩ ដល់​ទៅ​១.៧៣​ម៉ែត្រ តែ​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច​។ទឹក​ក្នុង​បឹង​ទន្លេសាប នៅ​ស្ថានីយ​ក្រគរ​-​កំពង់ហ្លួង ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង មធ្យម​ច្រើន​ប្រមាណ​ពី​០.១៧​ម៉ែត្រ ទៅ​២.៦៧​ម៉ែត្រ​។

៣- ការ​ព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០៖
យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ នា​ពេល​បច្ចុប្បន្ន​កត្តា​អាកាសធាតុ និង​ការ​វិភាគ លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការ​វិភាគ​លើ​វដ្ត​ទឹក ការ​ព្យាករ​លើក​ទី​១ បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​-​ចតុមុខ នា​ឆ្នាំ​២០២០​នេះ ទឹក​អាច​នឹង​មាន​កម្ពស់​៩.៧០​ម៉ែត្រ​ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម ៕