ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទាហាន​២​ធ្នូ ចង់​ហូប​ឆ្ងាញ់ និង​ចង់​​ជួប​មុខ​មេបញ្ជាការ​ជា​លើក​ចុង​ក្រោយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​រាប់​មិន​អស់ និង​ហែល​ឆ្លង​គ្រប់​ឧបសគ្គ​នៅ​ក្នុង​លោក​សន្និវាស​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោកតា​មិនតូច​ចិត្ត​នោះ​ទេ ចុងបញ្ចប់​នៃ​ជីវិត​មួយ​នេះ លោកតា​សូម​បាន​ហូប​ឆ្ងាញ់ និង​មាន​លុយ​តិចតួច​ទៅ​ធ្វើបុណ្យ ព្រោះ​មួយ​ជីវិត​នេះ លោកតា​មិន​ដែល​មាន​លុយកាក់​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ញាតិ​ការ​របស់​ខ្លួន​ឡើយ…

ខេត្តកំពង់ស្ពឺ ៖ ឆ្លងកាត់​សមរភូមិ​ប្រយុទ្ធ​រាប់​មិន​អស់ និង​ហែល​ឆ្លង​គ្រប់​ឧបសគ្គ​នៅ​ក្នុង​លោក​សន្និវាស​មួយ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោកតា​មិនតូច​ចិត្ត​នោះ​ទេ ចុងបញ្ចប់​នៃ​ជីវិត​មួយ​នេះ លោកតា​សូម​បាន​ហូប​ឆ្ងាញ់ និង​មាន​លុយ​តិចតួច​ទៅ​ធ្វើបុណ្យ ព្រោះ​មួយ​ជីវិត​នេះ លោកតា​មិន​ដែល​មាន​លុយកាក់​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ញាតិ​ការ​របស់​ខ្លួន​ឡើយ ជា​ពិសេស​គឺ​ចង់​ជួប​មុខ​អតីត​មេបញ្ជាការ​របស់​លោកតា​តែ​ម្ដង ទោះ​លោកតា​ត្រូវ​បាត់បង់​ជីវិត​ទៅ ក៏​បិទ​ភ្នែក​ជិត​ហើយ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង លោកតា នុ​ត ស៊ា​ន បាន​ប្រាប់​ថា គាត់​កើត​ឆ្នាំ 1937 ដោយ​មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ច្រក​ម្ទេស ស្រុក​ប្រ​សូត្រ ខេត្តស្វាយរៀង សព្វថ្ងៃ​នេះ​រស់​ផ្ទះ​ខ្ទម​សង់​លើ​ដី​ចំណី​ស្ទឹង​នៅ​ភូមិ​ស្ទឹង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ មាស ផូ អាយុ​៧៣​ឆ្នាំ​។

លោកតា​រៀបរាប់​បន្ត​ថា លោកតា​បាន​ចូល​បម្រើកងទ័ព​តាំងពី​អាយុ​៣៦​ឆ្នាំ ដោយ​កាលនោះ​លោកតា​រត់​ភៀសខ្លួន​ពី​ស្រុក​កំណើត​ទៅ​កាន់​ប្រទេស​វៀតណាម​ជាមួយ​មិត្តភក្តិ​ជា​ច្រើន​នាក់ ដើម្បី​វាយ​រំដោះប្រទេស​ពី​របប​អាវ​ខ្មៅ​។ ការ​ដែលរ​ត់ទៅ​ធ្វើ​កងទ័ព​រំដោះ​នេះ​ដោយសារ​តែ​អាណិត​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ពួក​ខ្មែរក្រហម​សម្លាប់ ហើយ​ម្យ៉ាងទៀត​ដោយសារ​តែ​លោកតា​បានលឺ​ដំណឹង​ថា មាន​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​បាន​ជួបជុំ​គ្នា​នៅ​ទីនោះ ដើម្បី​រៀបចំ​គម្រោង​វាយ​រំដោះប្រទេស​ពី​ខ្មែរក្រហម ទើប​លោកតា​នាំ​គ្នា​រត់​ចូល​ទៅ​ទីនោះ ដើម្បី​បាន​បំរើ​ជា​កងទ័ព​។

លោកតា​បន្ត​ថា ពេល​ដែល​លោកតា​បាន​ចូល​ដល់​ប្រទេស​វៀតណាម ហើយ​មាន​ថ្នាក់ដឹកនាំ​កងទ័ព​នៅ​ទីនោះ​បាន​ទទួល ដោយ​មាន​មេបញ្ជាការ​ឈ្មោះ ជុំ ណា​ល់ ជា​អ្នក​បំពាក់អាវុធ​ឲ្យ​គាត់ រួម​ទាំង​យុទ្ធ​មិត្ត​ជា​ច្រើន​រូប​ទៀត ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​ខ្មែរក្រហម​។ កាលនោះ​លោក​តា រួម​ទាំង​មិត្ត​រួម​អាវុធ​ជា​ច្រើន​ទៀត បាន​វាយ​ជាមួយ​កងទ័ព​ខ្មែរក្រហម រហូត​ទទួល​បាន​ជ័យ​ជំនះ​នៅ​ថ្ងៃ​ទី​2 ធ្នូ ឆ្នាំ​1978 គឺ​នៅ​ស្រុក​ស្នួល​តែ​ម្ដង​។

លោកតា​បន្ត​ទៀត​ថា ក្រោយមក​លោកតា​ត្រូវ​ថ្នាក់លើ​បញ្ជូន​ឱ្យទៅ​កងពល​លេខ 7 ដែល​មាន​មេបញ្ជាការ​ឈ្មោះ សំ​រិ​ន ជា​អ្នកដឹកនាំ​ប្រយុទ្ធ​ចូល​មក​វាយ​រំដោះ​យក​ក្រុងភ្នំពេញ​ពី​ការ​កាន់កាប់​របស់​ពួក​ខ្មែរក្រហម ដោយ​ក្រុម​របស់​លោកតា​ប្រយុទ្ធ​ទទួល​បាន​ជោគជ័យ​ជា​រឿយ​ៗ ថ្នាក់លើ​ក៏​បាន​បញ្ជូន​ឱ្យមក​ប្រយុទ្ធ​នៅ​ទិស​ដៅ​ផ្លូវជាតិ​លេខ​4 ពេល​ដែល​ប្រយុទ្ធ​ចូល​ខេត្តកំពង់ស្ពឺ បាន​ទទួល​ជោគជ័យ ហើយនឹង​បាន​ប្រមូល​ប្រជាពលរដ្ឋ​ឱ្យ​ត្រឡប់​ចូល​មក​ភូមិឋាន​វិញ​អស់ ហើយ​លោកតា​ក៏​ត្រូវ​ថ្នាក់លើ​ជ្រើសរើស​ទាហាន​ចាស់​ៗ​ត្រឡប់​យក​ទៅ​ការពារ​ក្រ​វ៉ា​ត់​ក្រុង (​ម​ជ្ឈឹ​ម​) បន្ទាប់​មក​នៅ​ចន្លោះ​ឆ្នាំ​ចាំ​មិន​ច្បាស់ លោកតា​ក៏​ត្រូវ​ថ្នាក់លើ​រំសាយ​តែ​ម្ដង​។

លោក​បន្ត​ថា ចាប់តាំងពី​លោកតា​ត្រូវ​ថ្នាក់លើ​រំសាយ​មក​មិត្តភក្តិ​រួម​អាវុធ​ដែល​នៅ​ស្រុក​ជាមួយ​គ្នា​ធ្លាប់​បាន​បបួល​លោកតា​ថា ទៅ​លេង​ផ្ទះ​មេ​របស់​ខ្លួន​ដែរ តែ​លោកតា​មិន​ហ៊ាន​ទៅ​ទេ ដោយ​ខ្លាច​ថា មេ​ឥឡូវ​ឡើង​ធ្វើ​ធំ (​មាន​ងារ​ជាស​ម្ដេច​អស់ហើយ​) ដូច្នេះ​គាត់​ម៉េច​នឹង​ឱ្យ​យើង​ជួប​ជាមួយ​គាត់​ដោយ​ងាយ​ៗ​។ ជីវិត​លោកតា​ចាប់តាំងពី​ថ្នាក់លើ​រំសាយ​មក​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត ដោយ​ការ​ស៊ីឈ្នួល​រែក​ដី​រែក​ទឹក​នៅ​តាម​ពិធីបុណ្យ ដើម្បី​យក​កម្រៃ​មក​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លោកតា​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ ព្រោះ​កាន់តែ​ជរា​កម្លាំង​ក៏​ទ្រុឌទ្រោម​ខ្លាំង​ណាស់​ទៅ​ហើយ​ដែរ​។

លោក​បន្ត​ទៀត​ថា ក្តី​បំណងប្រាថ្នា​ចុង​ក្រោយ​ក្នុង​ជីវិត​របស់​លោកតា​នា ពេល​នេះ​ទី​1 គឺ​ចង់បាន​ម្ហូប​ហូប​ឆ្ងាញ់​បាន​ម្ដង ទី​2 ចង់​មាន​ប្រាក់​បន្តិចបន្តួច​ដើម្បី​ធ្វើបុណ្យ និង​ទី​3 គឺ​ចង់​ជួប​មុខ​អតីត​មេបញ្ជាការ​របស់​លោកតា​ខ្លាំង​ណាស់ ព្រោះ​ចាប់​តាំង​អំពី​ថ្នាក់លើ​រំសាយ​មក រហូត​មក​ដល់​ពេល​នេះ​លោកតា​នៅ​តែ​នឹក​ដល់​មេបញ្ជាការ​របស់​ខ្លួន​ដែល​មាន​អនុស្សាវរីយ៍​ដឹកនាំ​ប្រយុទ្ធ​ជាមួយ​ពួក​ខ្មែរក្រហម​ទាំង​ពីរ​នាក់​គ្រប់ពេលវេលា​។

លោកតា នុ​ត ស៊ា​ន បាន​និយាយ​ថា ក្នុង​នាម​ជា​អតីត​កូនទាហាន​នៅ​តែ​នឹករលឹក​ដល់​អតីត​មេបញ្ជាការ​របស់​ខ្លួន​គ្រប់ពេលវេលា ហើយ​ទោះបី​ដឹង​ថា លោកតា​មិន​អាច​មាន​លទ្ធភាព​ទៅ​ជួប​មេបញ្ជាការ​របស់​ខ្លួន​ក៏​ដោយ ព្រោះ​បច្ចុប្បន្ន​នេះ មេបញ្ជាការ​របស់​គាត់​ទាំង​ពីរ​នាក់​បាន​ក្លាយជា​អ្នកដឹកនាំ​កំពូល​អស់ហើយ ថែម​ទាំង​មាន​ងារ​ជាស​ម្តេច​ទៀត​ផង​។

ចំណែក​លោកយាយ ផូ ដែល​ជា​ប្រពន្ធ​វិញ បាន​រៀបរាប់​ថា កាលពី​ពេល​កន្លង​ទៅ មាន​មនុស្ស​មួយ​ក្រុម​បាន​មក​សួរ​ជីវប្រវត្តិ​របស់​ប្តី​គាត់​តាំងពី​ចូល​បម្រើកងទ័ព រហូត​ដល់​ត្រូវ​គេ​រំសាយ និង​ទទួលស្គាល់​ថា គាត់​ពិតជា​ធ្លាប់​បាន​បម្រើកងទ័ព​វាយ​រំដោះប្រទេស​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ពិត​ប្រាកដ​មែន ហើយ​គេ​ក៏​សន្យា​ថា នឹង​យក​រឿង​នេះ​ទៅ​ជម្រាប​ជូន​សម្ដេច ដើម្បី​ឱ្យ​ជ្រាប ព្រម​ទាំង​សន្យា​ថា​នឹង​មក​សង់ផ្ទះ​ឲ្យ​គាត់​ទៀត​ផង ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ក៏​បាត់​ដំណឹង​សូន្យឈឹង​តែ​ម្ដង​។

ទាំងនេះ គឺជា​ការ​រៀបរាប់​អំពី​ខ្សែជីវិត​របស់​លោកតា​នេះ ជា​រឿង​ដែល​រៀបរាប់​ដោយ​ផ្ទាល់​ហើយ​លោកតា​បាន​អះអាង​ថា ការ​រៀបរាប់​នេះ គឺជា​ការ​ពិត អត់​ក្លែងបន្លំ​ភូតភរ​កុហក់​បោកប្រាស់​នោះ​ទេ ព្រោះ​លោកតា​អាយុ​ចំណាស់​នេះ​ទៅ​ហើយ រស់​មិន​បាន​យូរ​ទៀត​ទេ មិន​ចាំបាច់​អ្វី​ត្រូវ​ទៅ​កុហក​អ្នក​ដទៃ​ឲ្យ​ជឿ​ខ្លួន​។ លោកតា​បន្ត​ថា បើ​លោក​មេបញ្ជាការ​ទាំង​ពីរ​បានឃើញ​ហើយ សូម​មេត្តា​ផ្ដល់​ក្តី​ស​ណ្ដោះ​ប្រណី​លោកតា​ផង ព្រោះ​ពេល​នេះ​ជីវភាព​លោកតា​ក្រីក្រ​លំបាក​ខ្លាំង​ណាស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ