រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនក្រុមអ្នកលេងកាប់ចាក់ប្រុសស្រីចំនួន៥នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតាមចាប់ខ្លួនពួកគេដល់លើភ្នំដងរែកខេត្តឧត្តរមានជ័យ ។
ជនសង្ស័យទាំង៥នេះ មាន៖១-ឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកយកកាំបិតប័ុងតោកាប់ជនរងគ្រោះ២-ឈ្មោះ លីម លីលី ហៅ បុត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះតាមផ្លូវលេខ១៦ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៣-ឈ្មោះ គង់ សុខទីន ភេទប្រុស អាយុ១៧ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋានមួយស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៤-ឈ្មោះ ឈឹម ពេជ្រមរកត ហៅ ស៊ូសីភេទស្រី (កាត់សក់ ស្លៀកពាក់ធ្វើប្រុស) អាយុ១៨ឆ្នាំ ស្នាក់នៅខុនដូយូខេ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៥-ឈ្មោះ ជា បញ្ញា ហៅញ៉ាតូច ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ២ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទាក់ទិននឹងករណីបញ្ជូនខ្លួនជន៥នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនេះ វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យរូបលោកដឹកនាំកម្លាំងទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងកម្លាំងវរៈការពារព្រំដែនលេខ៩០៥ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ដែលពាក់ព័ន្ធប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតប៉័ងតោ ខ្សែក្រវាត់ និងមួកសុវត្ថិភាព កាប់និងវាយបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់) ប្រព្រឹត្តនៅម្តុំមុខផ្សារអុីឌិនហ្គាឌិន ផ្លូវអ៊ែរ៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥នាក់ សុទ្ធតែមានដីកាបញ្ជាឲ្យចូលខ្លួនចេញដោយលោក ហេងផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដកហូតវត្ថុតាងម៉ូតូដែលជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន២គ្រឿងផងដែរ ។
លោកនាយការិយាល័យ ប៊ុន សត្យា បន្តថា កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសជាទម្ងន់ នៅម្តុំមុខផ្សារអុីឌិនហ្គាឌិន ផ្លូវអ៊ែរ៦ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា១៣នាក់ ជិះម៉ូតូចំនួន៧គ្រឿង ។អង្គហេតុដំបូង គឺជនសង្ស័យនិងបក្ខពួកនាំគ្នាអង្គុយលេងនៅម៉ាតក្នុងកាំកូស៊ីធី ស្រាប់តែជនរងគ្រោះមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង បានយកដុំថ្មដុំគប់ទៅត្រូវជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត និងបក្ខពួក ប៉ុន្តែពុំបណ្តាលឲ្យនរណាម្នាករងរបួសទេ ។
បន្ទាប់ពីភាគីជនរងគ្រោះដែលមានឈ្មោះ ជុន ស៊ីង និងបក្ខពួក យកដុំថ្មគប់ទៅលើជនសង្ស័យនិងបក្ខពួករួចហើយ ជនរងគ្រោះ និងបក្ខពួកក៏នាំគ្នាជិះម៉ូតូគេចខ្លួន ។ ភ្លាមនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូដេញតាម ពេលទៅដល់រង្វង់មូលកាំកូស៊ីធី ជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត ឃើញគេអូសរ៉ឺម៉កលក់ដូងមានកាំបិតប៉័ងតោ ក៏ទាញយកកាំបិតនោះ បន្តជិះម៉ូតូដេញតាមក្រុមម្ខាងទៀតរហូតដល់ចំណុចកើតហេតុ ។
ពេលនោះស្រាប់តែបក្ខពួកម្ខាងទៀតនោះ ដែលមានកាំបិតកែច្នៃចំនួន២ បានយារក្នុងបំណងគប់ទៅលើជនសង្ស័យតែមិនត្រូវ ។ ឯក្រុមជនសង្ស័យ បានជិះម៉ូតូទៅអែបម៉ូតូជនរងគ្រោះ ធ្វើឲ្យឈ្មោះ ជុន ស៊ីង មានការភ័យខ្លាចក៏ជិះម៉ូតូទៅបុកចិញ្ចើមថ្នល់ដួល ទើបភ្លាមនោះជនសង្ស័យឈ្មោះ ប្រាក់ កាណាន់ ហៅ គោដុត បានចុះពីលើម៉ូតូយកកាំបិតប៉័ងតោ ទៅកាប់ឈ្មោះ ជុន ស៊ីង ត្រូវស្លឹកត្រចៀកខាងឆ្វេង ក្បាលកដៃឆ្វេង និងជើងឆ្វេងបណ្តាលឲ្យរងរបួសជាទម្ងន់ ។
ចំណែកបក្ខពួកផ្សេងទៀត បានចុះពីលើម៉ូតូទៅវាយទាត់ធាក់ជនរងគ្រោះឈ្មោះ ជុន ស៊ីងបន្ថែមទៀត ដែលក្នុងនោះមានខ្លះយកដំបងវាយម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាត រួចហើយនាំគ្នាបើកម៉ូតូគេចខ្លួនបាត់អស់ ។ ក្រោយពីសង្គ្រាមប្រើកាំបិតបុ័ងតោ និងដុំថ្ម ប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមនៅក្នុងប្លុកបឹងកក់រួចមក ជនរងគ្រោះឈ្មោះ ជុន ស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ១៧០ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ត្រូវបាននគរបាលប៉ុស្តិ៍ស្រះចកហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។
សំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចកសាង និងដាក់ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំបើកការស៊ើបអង្កេត ស្វែងរកចាប់ខ្លួនភាគីប្រើកាំបិតបុ័ងតោ ទើបបានជានៅថ្ងៃទីថ្ងៃទី១៣ ខែឧសភា សមត្ថកិច្ចសហការតាមចាប់ខ្លួនជនដៃដល់ឈ្មោះ ប្រាក់កាណាន់ ហៅ គោដុត ដល់លើភ្នំដងរែក ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលជននេះបានទៅលាក់ខ្លួនជាមួយឪពុក និងបងប្រុសដែលកំពុងសំណាក់ធម៌នៅលើកំពូលភ្នំនោះ ។ សមត្ថកិច្ច បានបន្តចាប់ខ្លួនបក្ខពួកប្រុសស្រីសរុបរហូតដល់៥នាក់ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាពេលនេះ ៕
ចែករំលែកព័តមាននេះ