ខេត្តបន្ទាយមានជ័យ ៖ ករណីមរណភាពមាតានៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោយសម្រាលកូនត្រូវមន្ត្រីបានចុះធ្វើការស្រាវជ្រាវករណីស្លាប់ស្ត្រីមាតាវ័យក្មេងម្នាក់សម្រាលកូនដំបូងពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០ថ្មីៗនេះ ។ ក្រុមការងារនោះ រួមមានអ្នកស្រីយក់ សុវុទ្ធី វេជ្ជបណ្ឌិតសំ ហិម៉ាឡៃ និងមន្ត្រី គ្រូពេទ្យជាច្រើន ។
សូមបញ្ជាក់ថា៖ ស្ត្រីមាតាវ័យក្មេងដែលស្លាប់ឈ្មោះគល់ សយ អាយុ១៩ឆ្នាំ រស់នៅអូរកំបុត ភូមិបឹងតាស្រី (មហោស្រព) ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មុនកើតហេតុ ស្ត្រីរងគ្រោះបានឈឺពោះ ហើយត្រូវប្តីនិងក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកថ្មពួក កាលពីល្ងាចថ្ងៃទី០៥ ឧសភា ២០២០ ហើយបានសម្រាលកូនប្រុសម្នាក់ ។ លុះដល់ល្ងាចថ្ងៃទី៦ខែឧសភា ស្ត្រីនិងក្រុមគ្រួសារបានស្នើសុំ ហើយគ្រូពេទ្យ(ឆ្មប)បានអនុញ្ញាតិអោយចេញទៅផ្ទះ។ ប៉ុន្តែដោយមិនស្រួល គឺចេះតែសន្លប់ញឹកញាប់នៅថ្ងៃទី១៣ ខែឧសភា ស្ត្រីនេះត្រូវបានបញ្ជូនមកមន្ទីរពេទ្យនេះសារជាថ្មី ដើម្បីអោយគ្រូពេទ្យឆ្លុះអេកូពិនិត្យកម្ទេចសុកដែលមិនស្អាតដោយសម្អាត ដាក់សេរ៉ូមព្យាបាលថែទាំ ។
មន្ត្រីអាជ្ញាធរមន្ត្រីសុខាភិបាលគ្រូពេទ្យនិងក្រុមគ្រួសារថា មុនស្លាប់ស្ត្រីរងគ្រោះមានសុខភាពល្អ បំបៅកូនដោយទឹកដោះធម្មតា ។ប៉ុន្តែគ្រាន់តែស្ត្រីនោះ បានសម្រាលកូនរួច ក៏ចេញទៅផ្ទះ ហើយវិលមកពេទ្យលើកទី២ ព្រោះមិនស្រួល សង្ស័យការសម្អាតសុកមិនស្អាត។
លោកវេជ្ជបណ្ឌិតញ៉ែម ភារម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ឧសភា ថា
បើពិនិត្យលើឯកសារពេទ្យឆ្មបឃើញថា ស្ត្រីនេះមានសុខភាពធម្មតាទារកល្អ មានស្ថានភាពទាក់ទិនការសម្រាលកូនល្អធម្មតាទាំងមុននិងទាំងកំពុងនិងក្រោយសម្រាល ។ តែគាត់មានជីវភាពក្រីក្រណាស់ ខ្វះអាហារូបត្ថម្ភដែរ ហើយពេទ្យបានផ្តល់សេវាដោយប្រើប័ណ្ណក្រីក្រ ។ ហេតុនេះ បានជាពេទ្យអនុញាតិ
អោយចេញតាមការស្នើសុំរបស់គ្រួសារ ។
លោកញ៉ែម ភារម្យ បានបន្តថា ៖ ប៉ុន្តែ ពេលវិលលើកទី១ទៅផ្ទះវិញ គ្រួសារបានឆ្អើរភ្លើងស្ត្រីនេះយូរពេក ទើបបណ្តាលអោយស្ទះនិងសន្លប់ម្តងៗ។ស្ថានភាពសុខភាពស្ត្រីនេះដែលចេញពីពេទ្យលើកទី១ និងលើកទី២គឺល្អ រឹងប៉ឹងធម្មតា ។ ក្រុមគ្រួសារ(ប្តី និងឱពុកម្តាយ)នៃសពនិងលោកនៃ ពៅ មេឃុំគោករមៀត ស្រុកថ្មពួកប្រាប់ នៅថ្ងៃទី១៨ ឧសភា ថា ៖ មន្ត្រីអាជ្ញាធរស្រុក ឃុំនិងក្រុមការងារចុះជួយមូលដ្ឋានបានទៅរំលែកទុក្ខ និងជួយថវិកាបុណ្យសពដល់ក្រុមគ្រួសារដែរ។
ប្រភពដដែលបានបញ្ជាក់ថា៖ ក្រោយចេញពីមន្ទីរពេទ្យ ស្ត្រីគល់ សយ អាយុ១៩ឆ្នាំ មានកម្លាំង ហើយដើរភឹល (ដើរដោយស្វាហាប់) មានទឹកដោះបំបៅកូនយ៉ាងល្អសោះ តែបែរជាស្លាប់ចោលកូនអោយបៅទឹកដោះគោដូច្នេះសោះ ។ ហេតុការណ៍ស្លាប់របស់ស្ត្រីនេះ ក៏មិនដឹងជាមូលហេតុអ្វី?
ប៉ុន្តែលោកយង់ យឺន អភិបាលរងស្រុកថ្មពួកបានអោយដឹងថា៖គួរអោយស្តាយផងដែរកាលពីថ្ងៃទី១៦ខែឧសភា ស្ត្រីឈ្មោះគល់ សយអាយុ២២ឆ្នាំ នៅភូមិបឹងតាស្រី (អូរកំបុត) បានស្លាប់ក្រោយសម្រាលកូនដំបូងរួច ចេញពីមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ៕
ចែករំលែកព័តមាននេះ