ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី និង​បង្កង​នៅ​ឃុំ​ទន្លេ​បិទ អ្នកលក់​ត្អួ​ញ​ត្អែ​រថា មិន​​​ដូច​មុន ចង់​ឈប់​លក់​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រើយ​ខាងកើត​ទន្លេមេគង្គ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ មាន​ប្រជាពលរដ្ឋ​បាន​ចាប់​យក​អាជីព​លក់​ត្រី និង​បង្កង​មាន​មិន​ដល់​១០​កន្លែង​នោះ​ទេ​។ ជាមួយ​នោះ​ដែរ គេ​តែងតែ​សង្កេត​ឃើញ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច​ធំ​ចូល​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ត្រើយ​ខាងកើត​ទន្លេមេគង្គ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ មាន​ប្រជាពលរដ្ឋ​បាន​ចាប់​យក​អាជីព​លក់​ត្រី និង​បង្កង​មាន​មិន​ដល់​១០​កន្លែង​នោះ​ទេ​។ ជាមួយ​នោះ​ដែរ គេ​តែងតែ​សង្កេត​ឃើញ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​តូច​ធំ​ចូល​ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ ហើយ​របរ​នេះ​ក៏​បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​មួយ​កម្រិត​ផង​ដែរ​។

បើ​តាម​អ្នកលក់​ត្រី​ឈ្មោះ នី រ៉ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ចាប់តាំងពី​ពេល​ដែល​បាន​ប្រកប​របរ​លក់​ត្រី និង​បង្កង​នៅ​តាម​ដងផ្លូវ​ជាតិ​នេះ​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​។ ក្នុង​ពេល​ចេញ​លក់​ដំបូង​មាន​មនុស្ស​តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ ហើយ​ក៏​លក់ដាច់​ទទួល​បាន​ប្រាក់​ចំណេញ​គ្រាន់បើ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ លុះ​ក្រោយមក ដោយសារ​តែ​ឃើញ​គាត់​លក់ដាច់ អ្នក​ផ្សេង​ទៀត​ក៏​បង្កើត​របរ​លក់ដូរ​ដូច​គាត់​ដែរ មាន​រហូត​ទៅ​ដល់​ជាង​១០​កន្លែង​ឯណោះ​។

អ្នកលក់​ត្រី​ខាងលើ​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ត្រី​គ្រុំ​មាស លក់​ក្នុង​មួយ​គីឡូ​តម្លៃ​២៥.០០០​រៀល ត្រី​តា​នេ​ល​1kg​តម្លៃ​៣​ម៉ឺន​រៀល និង​បង្កង​មួយ​គីឡូក្រាម​តម្លៃ​៥​ម៉ឺន​រៀល​។ ប្រសិនបើ​ថ្ងៃ​ណា ដែល​លក់ដាច់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​៥​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ ។ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ របស់​នេះ​ហាក់បីដូចជា​លែង​ចង់​ប្រកប​លក់​បន្ត​ទៀត​ដោយសារ​តែ​លក់​មិន​ដាច់ គឺ​មានការ​ថមថយ​ច្រើន​។ ហើយ​មាន​ពេល​ខ្លះ​លក់​មិន​ដាច់​ក៏​មាន​ត្រូវ​ចូល​ដើម​ទៀត​ផង គឺ​ចាប់​តាំងពី​ពេល​ដែល​ផ្ទុះ​ជំងឺ​កូ​វី​១៩​មក ត្រី និង​បង្កង​លក់​មិនសូវ​ដាច់​នោះ​ទេ ពេល​ខ្លះ​លក់​ខាត​ចូល​ដើម​ក៏​មាន​ដែរ​។

បើ​តាម​អ្នកលក់​ត្រី​ឈ្មោះ សាន់ រី​ណា ជា​ជនជាតិ​ខ្មែរឥស្លាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ត្រី​គ្រុំ​មាស គាត់​លក់​ក្នុង​មួយ​គីឡូ​តម្លៃ​ជាង​២​ម៉ឺន រៀល​បង្កង​១​គីឡូក្រាម​តម្លៃ ៤៥.០០០​រៀល ហើយ​ត្រី​ទាំងនេះ​ទទួល​ពី​ម៉ូយ​មក​ពី​ក្រុង​កំពង់ចាម សម្រាប់​លក់​បន្ត​។ មាន​ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​មក​ចូល​ទិញ​បង្កង​របស់​ប្អូន​គាត់ លុះ​ពេល​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​មាន​រសជាតិ​ឆ្ងាញ់ គេ​ក៏​កម្ម​ង់​តាម​ទូរស័ព្ទ​ឱ្យ​ផ្ញើ​តាម​រថយន្ត​យក​ទៅ​ដល់​ខេត្តក្រចេះ និង​អ្នកដំណើរ​ខ្លះ​ទៀត​នៅ​រាជធានី​ភ្នំពេញ ក៏​កម្ម​ង់​ទិញ​ជា​ច្រើន​គីឡូ​ដែរ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ពិសារ​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ផ្សេង​ៗ​ក៏​មាន​។

ចំណែក​អ្នកស្រី​សាក់ ស៊ី​ណ​: អាយុ​៤៥​ឆ្នាំ ជា​កន្លែង​លក់​ទី​៣ ប្រាប់​ដឹង​ថា គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​បី​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ គាត់​បាន​ចាប់ផ្ដើម​លក់​ត្រី និង​បង្កង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុង​ឃុំ​ទន្លេ​បិទ​នេះ​រយៈពេល​៣​ខែ​ហើយ ។ សម្រាប់​ថ្ងៃ​លក់ដាច់ គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ឬ​ក៏​ថ្ងៃ​មានបុណ្យ​ទាន​ជាដើម ដែល​អាច​លក់ដូរ​ដាច់​ក្នុង​មួយ​ថ្ងៃ​បាន​ចំនួន​១០​គីឡូក្រាម ហើយ​ទទួល​ប្រាក់​ចំណេញ​ប្រមាណ​៥​ម៉ឺន​រៀល សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ ។

អ្នកលក់​ត្រី​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ត្រី និង​បង្កង​លក់ដាច់​តាម​ដងផ្លូវ​ជាតិ​លេខ ៧ ក្នុង​ឃុំ​ទន្លេ​បិទ មាន​ជា​ច្រើន​កន្លែង​រហូត​ទៅ​ដល់​ជាង​១០​នាក់ តែ​មក​ដល់​ពេល​នេះ​របប​លក់​ត្រី​នេះ​ហាក់បីដូចជា​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ចំនួន​អ្នកលក់​នៅ​សល់​ប្រមាណ​៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​បងប្អូន​ខ្មែរឥស្លាម​បាន​ចាប់ផ្ដើម​លក់​ក្នុង​ឆ្នាំ​២០១៩ ត្រី និង​បង្កង​លក់ដាច់​មាន​ជា​ច្រើន​កន្លែង ដោយ​តាម​ការ​សង្កេត​ផ្ទាល់​មាន​ចាប់ពី​ចំណុច​ម្ដុំ​មុខ​អាហារ​ដ្ឋា​ន​បឹង​ទន្លេ​មាស ដល់​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ លុះ​មក​ដល់​ពេល​នេះ​មាន​អ្នកលក់​មួយ​ចំនួន​ត្រូវ​បាន​ឈប់ ដោយសារ​តែ​លក់​មិន​ដាច់​ដូច​ពី​មុន ចំណែក​អ្នកខ្លះ​ទៀត​ក៏​នៅ​តែ​បន្ត​របរ​លក់ដូរ​នេះ​បន្ត​ទៀត ដើម្បី​រក​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង​ដែរ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ