ខេត្តស្វាយរៀង ៖ រណ្តៅដីដូចរន្ធបាយខុំរបស់ឈ្មួញដីជីកយកអាចម៍ដីលក់មានជម្រៅហួសពីច្បាប់អនុញ្ញាត ដែលពាក្យសាមញ្ញថាជ្រៅដល់ក្បាលប្រេត ធ្វើឲ្យប្រជាពលរដ្ឋដែលមានដីស្រែក្បែររណ្តៅដី មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅ និងសត្វពាហនៈធ្លាក់ចូលក្នុងរណ្តៅដីមរណៈនៅរដូវវស្សា ។ បានកត់សម្គាល់ឃើញ ក្នុងមួយខែមកនេះ ក្រុមរថយន្តដឹកដីទាំងនោះកំពុងសំរុកដឹកជញ្ជូន ធ្វើឲ្យធូលីដីហុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិតបង្កឲ្យប៉ះពាល់ដល់សុខុមាលភាពមនុស្សនិងសត្វយ៉ាងខ្លាំង ។
ដោយសារផលប៉ះពាល់នេះក៏មានការអំពាវនាវសុំឲ្យអាជ្ញាធរក្រុង-ខេត្តមេត្តាទៅពិនិត្យដោះស្រាយដោយអនុគ្រោះផង ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់នេះឈ្មោះ សុខ ហេង បានមកធ្វើអាជីវកម្មជីករណ្តៅដី យកអាចម៍ដីលក់នេះរយៈពេលជិត១ខែមកហើយ បង្កឲ្យមានធូលីដីហុយទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ បង្កផលប៉ះពាល់ដល់សុខភាពអ្នកភូមិតាមដងផ្លូវយ៉ាងខ្លាំង ។
ចំពោះរណ្តៅដីដែលក្រុមហ៊ុនសុខហេងកំពុងជីកយកអាចម៍ដីលក់នោះ គឺមានជម្រៅជ្រៅប្រមាណជាង
១០ម៉ែត្រទៅហើយ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចបាក់ដីស្រែរបស់ពួកគាត់ដែលនៅជិតរណ្តៅដី ពិសេសនៅរដូវវស្សាខ្លាចគោ-ក្របីដែលជាសត្វពាហនៈរបស់ខ្លួនធ្លាក់លង់ងាប់ ឬក្មេងធ្លាក់លង់ស្លាប់ដោយរណ្តៅដីនេះ ។ អ្នកភូមិថាគេជីករណ្តៅក្បែរគ្នាបួនប្រាំរណ្តៅដី ហើយសុទ្ធតែមានជម្រៅជ្រៅជាង១០ម៉ែត្រ សង្ស័យណាស់មន្ត្រីជំនាញត្រូវថ្នាំសណ្តំ ។
ទាក់ទិនករណីនេះដែរលោក ប៉ាត់ សាក់ ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែនិងថាមពលខេត្តស្វាយរៀងបានឆ្លើយតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ឧសភានេះថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណនិងមានច្បាប់ទើបគេហ៊ានជីក បើអ្នកសារព័ត៌មានចង់ដឹងទៅសួរម្ចាស់ធ្វើអាជីវកម្មនោះទៅរួចបិទទូរស័ព្ទភ្លាមដូចខ្លាចសួរទៀត។
ចំណែកលោក ប៉ុក តក ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានមានប្រសាសន៍ថា ចំពោះក្រុមហ៊ុនសុខហេងនេះ លោកមិនបានដឹងទេ ហើយក៏មិនដឹងថា គេសុំច្បាប់ថ្នាក់ខេត្តឬថ្នាក់ក្រសួងក៏មិនដឹងដែរ តាំងពីមានករណីកូវីដ-១៩មក លោកមិនដែលបានចុះមូលដ្ឋានមើលរណ្តៅដីទេ ជាប់រវល់ការងារពង្រឹងផ្សព្វផ្សាយកូវីដ-១៩ ។ លោក ប៉ុក តក បន្តទៀតថា បើក្រុមហ៊ុនអាជីវកម្មសុំច្បាប់តាមរយៈមន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរអនុញ្ញាតឲ្យជីកជម្រៅ៤ម៉ែត្រទៅ៤ម៉ែត្រកន្លះប៉ុណ្ណោះ ។ លោកថាបើសុំថ្នាក់ខេត្តអនុញ្ញាតត្រឹម៤ម៉ែត្រកន្លះទៅ៥ម៉ែត្រ តាមស្ថានភាពដី ហើយបើចាប់ពី១ហិកតាឡើងទៅ ត្រូវទៅសុំច្បាប់ដល់ក្រសួង អនុញ្ញាតចាប់ពី៥ម៉ែត្រទៅដល់១០ម៉ែត្រ តាមស្ថានភាពដីជាក់ស្តែង ។
ទាក់ទិនករណីនេះដែរលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកអរគុណដល់អ្នកយកព័ត៌មានបានផ្តល់ព័ត៌មានជូនលោកបានជ្រាប លោកនិងចាត់ឲ្យលោកអភិបាលក្រុងបាវិតនិងលោកប្រធានមន្ទីររ៉ែនិងឋាមពលខេត្តចុះទៅពិនិត្យស្រាវជ្រាវនិងដោះស្រាយ ។
មហាជនកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរខេត្ត ដែលឈ្មួញជីកយកអាចម៍ដីលក់ជម្រៅជ្រៅដល់ក្បាលប្រេតនៅខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិត ដោយកន្លងមកមានទាំងក្រុមអាជីវកម្មមានច្បាប់ និងអត់ច្បាប់ធ្វើអាជីវកម្មគ្រប់ស្រុកក្រុងគួរឲ្យព្រួយបារម្ភ ដោយជីករណ្តៅដីជ្រៅចាប់ពី៧ម៉ែត្រទៅជាង១០ម៉ែត្ររាប់សិបរណ្តៅដូចរន្ធបាយខុំ ដែលអ្នកស្រុកសង្ស័យថា ប្រសិនអ្នកមានអំណាច មិនបានលាភក៏មិនបណ្តោយអុីចឹងដែរ ។ តើមានវិធានការលុបវិញដែរឬអត់ បើជ្រៅម្ល៉ឹងៗ ៕
ចែករំលែកព័តមាននេះ