ខេត្តព្រះវិហារ ៖ កុដិមួយខ្នងក្នុងវត្តព្រហ្មវិហារធម៌ ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតស្ទើរអស់ទាំងស្រុងកាលពីវេលាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយ ។
លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន នាយសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានអោយដឹងថា ហេតុការណ៍អគ្គីភ័យឆាបឆេះកុដិមួយខ្នងនៅក្នុងវត្តព្រហ្មវិហារធម៌ ហៅវត្តអង្គការអេដស៍ នេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។
តាមប្រភពដដែលបានបន្តថា ពេលហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងនគរបាលបុស្តិ៍រដ្ឋបាលឃុំកន្ទួតក៏បានសហការជាមួយនគរបាលការពារព្រំដែនភូមិភាគទី៤ ជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ដែរ ប៉ុន្តែភ្លើងបានឆាបឆេះស្ទើរទាំងស្រុងទៅហើយ និងបណ្តាលឱ្យរងការខូចខាតដូចជា អង្ករ១,៥តោន ទឹកសុទ្ធ៥០០យួរ ទឹកក្រូច ៥០យួរ ពូក ខ្នើយ កន្ទេល សាឡុង តុបាយ សម្ភារៈអំភ្លីមេក្រូ ប្រេងសាំងចំនួន៥កាន និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលអោយព្រះសង្ឃ ឬប្រជាពលរដ្ឋរស់នៅក្បែរៗនោះរងគ្រោះថ្នាក់ឡើយ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវរកអោយឃើញនូវមូលហេតុពិតប្រាកដ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ