ប្រទេសរុស្ស៊ី៖ រដ្ឋាភិបាលរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិកបរទេស (មិនមែនជនជាតិរុស្ស៊ី) ចូលក្នុងប្រទេសនេះវិញ ដើម្បីវិលត្រឡប់ចូលរួមការប្រកួតលីគកីឡាក្នុងស្រុករបស់ខ្លួន ខណៈដែលករណីឆ្លងនៃវីរុសកូវីដ-១៩ កំពុងកើនឡើង ។
សូមរំលឹកថា ប្រទេសរុស្ស៊ីបានបិទព្រំដែនរបស់ខ្លួនកាលពីខែមីនា សម្រាប់ជនបរទេស និងបានបិទជើងហោះហើរអន្តរជាតិ លើកលែងតែជនជាតិរុស្ស៊ីដែលធ្វើមាតុភូមិនិវត្តន៍ ឬការបញ្ជូនជនជាតិបរទេសត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ។
រដ្ឋាភិបាលប្រទេសនេះ បានលើកឡើងថា អត្តពលិក និងគ្រូបង្វឹកដែលមានកិច្ចសន្យាជាមួយអង្គភាពកីឡាផ្សេងៗ របស់ប្រទេសរុស្ស៊ី នឹងត្រូវដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលពីខាងវេជ្ជសាស្ត្រ រួមនិងកាតព្វកិច្ចរយៈពេលពីរសប្តាហ៍ ក្នុងការដាក់ខ្លួននៅដាច់ដោយឡែកពីគេ នៅពេលដែលពួកគេវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញ ។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាល ក៏បានបញ្ជាក់ថា «ការសម្រេចចិត្តនេះ នឹងជួយឲ្យអង្គភាពកីឡាអាជីព រួមទាំងក្លិបបាល់ទាត់ក្នុងលីគកំពូលរបស់ប្រទេសរុស្ស៊ី អាចបន្តការហ្វឹកហាត់ឡើងវិញ បន្ទាប់ពីការបន្ធូរបន្ថយវិធានការមួយចំនួន ទាក់ទងទៅនឹងការទប់ស្កាត់វីរុសនេះ» ។
សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) បានបញ្ជាក់កាលពីថ្ងៃសុក្រថា លីគបាល់ទាត់កំពូលរបស់ប្រទេសនឹងចាប់ផ្តើមការប្រកួតឡើងវិញនៅថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីត្រូវបានផ្អាកនៅពាក់កណ្តាលខែមីនា ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ។
ដោយឡែកលោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីសប្តាហ៍មុនថា វាដល់ពេលដែលត្រូវដកការរឹតត្បិតទូទាំងប្រទេសបន្តិចម្តងៗ ដែលបានបង្ខំឲ្យមនុស្សធ្វើការពីផ្ទះ និងអាជីវកម្មជាច្រើនត្រូវបិទទ្វារជាបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា បើយោងតាមទិន្នន័យពី worldometers គិតមកទល់ថ្ងៃទី១៨ ខែឧសភាបានឲ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ឈានដល់ ២៨១.៧៥២ករណី ដែលក្លាយជាប្រទេសទី២ មានចំនួនអ្នកឆ្លងច្រើនបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ខណៈអ្នកស្លាប់សរុបមានចំនួន ២,៦៣១នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៧,៣៧៣នាក់ ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ