ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​នៃសត្វព្រៃ​សត្វព្រៃ​ច្រើន​ប្រភេទ​ថត​​ជាប់​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ

3 ឆ្នាំ មុន

ខេត្តរតនគិរី​៖ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ប្រមូល​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​ដាក់​ថត​សត្វព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ។ ម៉ាស៊ីន​ស្វ័យប្រវត្តិ ថត​បាន​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​រួម​មាន…

ខេត្តរតនគិរី​៖ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ប្រមូល​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​ដាក់​ថត​សត្វព្រៃ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ។ ម៉ាស៊ីន​ស្វ័យប្រវត្តិ ថត​បាន​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​រួម​មាន សត្វ​ខ្ទីង ខ្លា​ពពក ខ្លា​ភ្ញី​ថ្មកែវ ប្រើស ឈ្លូស សត្វតេះ ឬ​កែះ សត្វ​សំពោច សត្វ​ជ្រូកព្រៃ ខ្លាឃ្មុំ និង​ពពួក​បក្សី​កម្រ​ដូច​ជា​មាន់ទោ​ពណ៌​ប្រាក់ និង​កេងកង​ជាដើម​ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ និង​អភិរក្ស ។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​វត្តមាន​សត្វព្រៃ​មាន​កំណើន​ឡើង​រួម​ទាំង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​មួយ​ចំនួន​ផង ដោយសារ​តែ​ការ​ខិតខំ​អភិរក្ស និង​ការពារ​ជម្រក​សត្វព្រៃ​របស់​កម្លាំង​មាន​សមត្ថកិច្ច ។ វត្តមាន​សត្វព្រៃ​ទាំង​អស់នេះ​គឺ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​សម្រាប់​ប្រជាជន​កម្ពុជា និង​សម្រាប់​ផលប្រយោជន៍​ជីវៈចម្រុះ​របស់​ពិភពលោក ដោយ​សារ​តែ​ប្រភេទ​សត្វ​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ​ពីលើ​ពិភពលោក ប៉ុន្តែ​មាន​វត្ត​មាននៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ។

លោក​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា​យោង​តាម​ការ​ចាត់​ថ្នាក់​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN) ខ្លា​ពពក ខ្លាឃ្មុំ តេះ ខ្ទីង និង​សត្វ​កេងកង ដែល​មាន​វត្ត​មាននៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​(VU) ដែល​មាន​ន័យ​ថា​វា​អាច​ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​ក្នុង​ព្រៃ​ធម្មជាតិ ។ ខ្លា​ភ្ញី​ថ្មកែវ ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ រងគ្រោះថ្នាក់ (NT) ដែល​មាន​ន័យ​ថា​វា​អាច​ឈាន​ទៅ​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ ផង​ដែរ នៅ​ពេល​ខាង​មុខ ។

ដោយឡែក​ឈ្លូស ប្រើស ជ្រូកព្រៃ និង​មាន់ទោ​ពណ៌​ប្រាក់ ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​រង​គ្រោះ​ថ្នាក់​តិចតួច​(LC) ដែល​មាន​ន័យ​ថា​វា​មិន​ទាន់​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​រងគ្រោះថ្នាក់​ដូច​ខាង​លើ​នៅឡើយ ។ យោង​តាម​របាយការណ៍​ជាតិ​លើក​ទី​៤ ស្តី​ពី​ជីវៈចម្រុះ ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​ដែល​បាន​បង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​១២៣​ប្រភេទ សត្វ​ស្លាប​៥៤៥​ប្រភេទ ឧរង្គសត្វ​៨៨​ប្រភេទ រុក្ខជាតិ តូច​ៗ (vascular plants) ២៣០៨​ប្រភេទ ត្រី​៨៧៤​ប្រភេទ ផ្កាថ្ម​រឹង​២៤​ប្រភេទ ផ្កាថ្ម​ទន់​១៤​ប្រភេទ ស្មៅ​សមុទ្រ​១០​ប្រភេទ និង​ថលជលិក​៦៣ ប្រភេទ​។

នៅ​មាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយ ចំនួន​ទៀត ដែល​មិន​ទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​​អត្តសញ្ញាណ​នៅ​ទ្បើ​យ ។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN) ដូច​ជា ថនិកសត្វ​៣៩​ប្រភេទ ក្នុង​នោះ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ និង​ងាយ​រង​គ្រោះ​រួម​មាន​ដំរី​អាស៊ី ខ្លាដំបង ខ្លាឃ្មុំ​ធំ ខ្លា​ពពក ខ្លាត្រី ខ្លា​លឿង​មាស រមាំង កែះ ប្រើស​ស្បូវ ខ្ទីង ទន្សោង ពង្រូល ទោច​ម្កុដ ទោច​ផ្ពា​ល់​លឿង រញី​ប្រផេះ ស្វា​ត្រោស ឆ្កែព្រៃ រីឯ​សត្វ​ស្លាប​៣៦​ប្រភេទ​ដែល​ជិត​ផុត​ពូជ និង​ងាយ​រង​គ្រោះ​រួម​មាន​ត្រយង​យក្ស ត្រដក់​ធំ កេងកង​ធំ ត្មាត​ប្រផេះ ត្មោ​ត​ត្នោត ត្មាតភ្លើង ក្រ​ផល​ក្បាល​ក្រហម អង្កត់​ខ្មៅ​ជាដើម ឧរង្គសត្វ​១៣​ប្រភេទ រុក្ខជាតិ តូច​ៗ (vascular plants) ៣៨​ប្រភេទ​និង​ថលជលិក​១២​ប្រភេទ ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ប្រភេទ​សត្វព្រៃ កំពុង​ទទួល​រង​ការ​គំរាមកំហែង​ដោយ ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ការ​បាត់បង់​ទីជម្រក​បណ្តាល​មក​ពី​ការ​កាប់​ព្រៃ​ខុសច្បាប់ និង​ការ​ទន្ទ្រាន​ដី​ព្រៃ​ដើម្បី​យក​ជា​កម្មសិទ្ធិ​ជាដើម ដែល​ទាមទារ​ឱ្យ​មាននូវ​ការ​ការពារ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ហេតុ​ដូចនេះ​ហើយ​បានជា​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​តំបន់ការពារធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ខិតខំ​បំពេញការងារ​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​តាម​ចំណុច​គោលដៅ​ក្នុង​តំបន់ការពារធម្ម​ជាតិ ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដែល​នេះ​មិនមែន​ត្រឹមតែ​ជា​កាតព្វកិច្ច​ការងារ តែ​ជា​ការ​លះបង់ និង​ជា​វីរភាព ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ ប្រកបដោយ​ភាព​អត់ធ្មត់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ជីវៈចម្រុះ​របស់​ប្រទេស​កម្ពុជា​ទាំងមូល ក៏​ដូច​ជា​សម្រាប់​ពិភពលោក ។

ក្នុង​ការ​សង្គ្រោះ​សត្វព្រៃ និង​អភិរក្ស​សត្វព្រៃ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ឈរជើង​ការពារ​តំបន់​ការពារធម្មជាតិ​នានា​បាន​ដោះ​អន្ទាក់​ចេញពី​ក្នុង​ព្រៃ​បាន​ចំនួន​១៧,១៧៥ អន្ទាក់​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​គឺ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៨​ចំនួន​៥០០០​អន្ទាក់ ។ ខេត្ត​ដែល​បាន​ដោះ​អន្ទាក់​បាន​ច្រើន​ជាងគេ​គឺ​ខេត្ត កោះកុង​ដែល​មាន​ចំនួន​៧០៧៤​អន្ទាក់​នៅ​ឆ្នាំ ២០១៩​។

ប្រភព​ដដែល​ថា សត្វព្រៃ និង​សត្វ​ស្លាប​មួយ​ចំនួន​ដែល​ពិភពលោក​ជិត​ផុត​ពូជ គឺ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​នាម​ក្រសួងបរិស្ថាន លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​បរបាញ់ សត្វ​ចាប់​សត្វព្រៃ​ខុសច្បាប់​ដែល​ត្រូវ​ប្រឈម​នឹង​ច្បាប់ ។

លោក​បាន​ថ្លែង​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ការ​បរិភោគ​សាច់សត្វ​ព្រៃ​មិន​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទេ ប៉ុន្តែ​អាច​ប្រឈម​នឹង​ជំងឺឆ្លង ផ្សេង​ៗ ក៏​ដូច​ជា​ចម្លង​មេរោគ​ផង​ដែរ ។ លោក​បន្ត​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​ចុះ​ពិនិត្យ​ជា​ប្រចាំ​នៅ តាម​ទីផ្សារ​នានា និង​នៅ​តាម​ភោជនីយដ្ឋាន មិន​អនុញ្ញាត​ឱ្យ​លក់​សាច់សត្វ​ព្រៃ​ឡើយ ។ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនបើ​ឃើញ​មានការ​លក់​សាច់សត្វ​ព្រៃ ការ​បរបាញ់​សត្វព្រៃ សូម​ទាក់ទង​មក​មន្ត្រី​ជំនាញ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​»​។

កម្ពុជា​បាន​រៀបចំ​យន្តការ ក៏​ដូច​ជា​មានច្បាប់ និង​អនុវត្ត​ជា​ប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការ​ជួញ​ដូច​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជា​ច្រើន ហើយ​រំដោះ​សត្វព្រៃ​ជា​ច្រើន​ពី​ក្រញាំ​ដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ក៏​ដូច​ជា​ការ​ផាកពិន័យ​ជា​ប្រាក់ និង​ការ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សក្មភាព​ជាដើម ។

រូបភាព​នៃ​វត្តមាន​សត្វព្រៃ​ទាំងនោះ ជា​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ និង​អភិរក្ស ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ