ខេត្តក្រចេះ ៖ មនុស្សយ៉ាងហោច៨នាក់ដែលសមត្ថកិច្ចបរិស្ថានកំណត់ថា ជាមុខសញ្ញាក្នុងអំពើកាប់គាស់រុករានទន្ទ្រានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃធ្វើកម្មសិទ្ធិ ត្រូវបានមន្ត្រីបរិស្ថានប្រចាំការនៅស្នាក់ការព្រៃឡង់ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ។ នៅថ្ងៃទី១៨ ឧសភា តុលាការកំពុងតែបន្តការសាកសួរមនុស្សទាំង៨នាក់នេះ ក្រោយពីពួកគេត្រូវបានកម្លាំងមន្ត្រីបរិស្ថានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ឧសភា ខណៈកំពុងតែ ធ្វើសកម្មភាពកាប់ឆ្ការ និងដុតឈូសឆាយដីព្រៃឡង់ នៅចំនុចខាងក្រោយស្រុកសំបូរ។
អនុប្រធានមន្ទីរបរិស្ថាន និងជានាយកដែនជម្រកសត្វព្រៃឡង់ លោកហាស់ វិបុល បាន ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មនុស្សទាំង៨នាក់ ដែលកម្លាំងបរិស្ថានចាប់ខ្លួននេះ គឺសុទ្ធសឹងតែជាមុខសញ្ញាក្នុងអំពើកាប់គាស់រុករានទន្ទ្រានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃក្នុង ដែនជម្រកសត្វព្រៃឡង់ធ្វើជាកម្មសិទ្ធិ ។ មនុស្សទាំង៨នាក់នេះ មានទីលំនៅផ្សេងគ្នា ។
ហើយសកម្មភាពរបស់ពួកគេមានខ្លះជាមុខសញ្ញាដើរទិញលក់ ខ្លះស៊ីឈ្នួលកាប់ទន្ទ្រាននិងខ្លះជាមុខ សញ្ញាសកម្មក្នុងការកាប់ឆ្ការទន្ទ្រានធ្វើកម្មសិទ្ធិ ។ លោកប្រធានដែនជម្រករូបនេះ ទទួលស្គាល់ថា សព្វថ្ងៃដីព្រៃឡង់កំពុងតែរងការរំលោភ បំពានយ៉ាងគំហុកហាស់ពីក្រុមអ្នកដើរកាប់ឆ្ការ។ ដោយសារតែចំនួនមន្ត្រីប្រចាំការរបស់លោក មានគ្នាតិច ទើបមិនអាចធ្វើការការពារបានទាំងស្រុកលើដីព្រៃឡង់ដែលមានវិសាលភាពធំ ទូលាយរហូតរាប់សិបម៉ឺនហិកតាឯណោះ។
បើតាមសេចក្តីរាយការណ៍នានា ពាក់ព័ន្ធនិងតំបន់ព្រៃឡង់បានឲ្យដឹងថា ដីព្រៃឡង់ដែល ជាព្រៃសម្បូរដោយជីវចម្រុះ និងជាគំរបព្រៃអភិរក្សពណ៌បៃតង និងមានវិសាលភាពដ៏ធំទូលាយ។ សព្វថ្ងៃនេះ តំបន់ដីព្រៃទាំងនោះ មានកន្លែងខ្លះបានក្លាយជាវាលរហោស្ថាន ដោយសារតែកំពុងរង ការកាប់ទន្ទ្រានពីអ្នកមានលុយ និងមានឥទ្ធិពល ដើម្បីរំលោភយកដីទំហំ រាប់ពាន់ហិកតាមកធ្វើជាមក្មសិទ្ធិ ។ ចំណែកឯបទល្មើសការកាប់អារឈើខុសច្បាប់ ក៏មានប្រភពខ្លាំងក្នុងតំបន់ព្រៃឡង់ ។ សព្វថ្ងៃក្រុមឈ្មួញកំពុងតែសម្រុកកាប់អារ និងដឹកតាមគ្រប់រូបភាព មធ្យោបាយសម្រាប់អាជីវកម្មខុសច្បាប់របស់ពួកគេ ។
គេមិនបានដឹងថា សកម្មភាពបទល្មើសគ្រប់ទ្រង់ទ្រាយ ដែលកំពុងតែកើតមានទាំងនេះ ធ្វើឲ្យតំបន់ព្រៃឡង់ស្ទើតែក្លាយជាវិនាសកម្មទៅហើយនោះ គឺការធ្វើទៅបានដោយសារតែ មានការត្រូវរ៉ូវគ្នា ពីក្រុមល្មើសច្បាប់ជាមួយ និងមន្ត្រីឈរជើងប្រចាំការនៅតំបន់ ឬក៏យ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ