បុរស​ម្នាក់​ចេញពី​សៀមរាប​តេស្ត​ឃើញ​កូ​វី​ដ​-១៩​នៅ​វៀតណាម​តែ​កម្ពុជា​គ្មាន​ព័ត៌មាន​ផ្លូវការ​នៅឡើយ


រាជធានី​ភ្នំពេញ​៖ រឿងរ៉ាវ​ជុំវិញ​សារព័ត៌មាន​វៀតណាម​ទាំង​ភាសា​វៀតណាម និង​អង់គ្លេស​បាន​ចុះ​ផ្សាយ​អំពី​ការ​រក​ឃើញ​កូ​វី​ដ​-១៩ វិជ្ជមាន​លើ​បុរស​វៀតណាម​វ័យ ៣៩ ឆ្នាំ​មួយ​រួប​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប​នៃ​ប្រទេស​កម្ពុជា​ចូល​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​នោះ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​កម្ពុជា​បញ្ជាក់​ជា​ថ្មី​ថា​គិត​ត្រឹម​ថ្ងៃ​ទី ១៨ ឧសភា​នេះ គឺ​កម្ពុជា​នៅ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ពី​វៀតណាម​នៅឡើយ ។

ឆ្លើយ​តប​នឹង​សំណួ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ករណី​ថា​តើ​ជនជាតិ​ខ្មែរ​ដែល​ប៉ះពាល់​បុរស​ជនជាតិ​វៀតណាម​ដែល​កើត​កូ​វី​ដ​-១៩​នោះ​យ៉ាងណា​ហើយ​នោះ លោក​ជំទាវ ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ថ្លែង​យ៉ាង​ខ្លី​ថា «​នៅ​តែ​គ្មាន​ព័ត៌មាន​ផ្លូវការ​ពី​វៀតណាម​។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​រក​ឃើញ​អ្នកមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​នោះ​ទេ​។ ហើយ​ប្រសិនបើ​មាន ក្រសួង​នឹង​ជម្រាប​ជូន​ហើយ​» ។

សូម​រម្លឹក​ថា យោង​តាម​ការ​ចុះ​ផ្សាយ​របស់​តាម​សារព័ត៌មាន VN EXPRESS បាន​ឲ្យ​ដឹង​ថា​ជនជាតិ​វៀតណាម ៤ នាក់​ដែល​ត្រឡប់​មក​ពី​បរទេស ក្នុង​នោះ​មាន ២​នាក់​មក​ពី​រុ​ស្ស៊ី ១​មក​ពី​ហ្វី​លី​ពី​ន និង​បុរស​វ័យ ៣៩ ឆ្នាំ​ម្នាក់​មក​ពី​ខេត្តសៀមរាប ប្រទេស​កម្ពុជា ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នាំ​ឲ្យ​ការ​ឆ្លង​វីរុស​មួយ​នេះ​នៅ​ប្រទេស​វៀតណាម​បាន​ហក់​ឡើង​ដល់ ៣១៨ និង​ករណី​សកម្ម​ដល់ ៥៨ ករណី​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា « អ្នកជម្ងឺ​ទី ៣១៥» គឺជា​បុរស​អាយុ ៣៩ ឆ្នាំ​នៅ​ស្រុក​តាន់​ចូ ក្នុង​ខេត្ត​តា​ញិញ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បុរស​វៀតណាម​ខាងលើ​បាន​មក​កាន់​កម្ពុជា កាលពី​ថ្ងៃ​ទី ១០ ខែមករា​ដើម្បី​បម្រើ​ការងារ ។ រហូត​ដល់​ថ្ងៃ​ទី ថ្ងៃ​ទី ២ ខែឧសភា​បុរស​ខាងលើ​បាន​ធ្វើ​ដំណើរ​ចូល​ទឹកដី​វៀតណាម​វិញ​ដោយ​ខុសច្បាប់​តាម​ផ្លូវលំ​។ បុរស​ជនជាតិ​វៀតណាម​ដែល​ចេញពី​កម្ពុជា​និង​បាន​រក​ឃើញ​ថា​មាន​វីរុស​កូ​វី​ដ​-១៩ បាន​ធ្វើតេស្ត​លើក​ទី ១ កាលពី​ថ្ងៃ​ទី ៥ ឧសភា តែ​លទ្ធផល​អវិជ្ជមាន​។ រហូត ១០ ថ្ងៃក្រោយ​ការ​ធ្វើតេស្ត​លើក​ទី ២ គឹ​ចំ​ថ្ងៃ​ទី ១៥ ខែឧសភា គឺ​លទ្ធផល​បាន​បង្ហាញ​ថា​គាត់​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នេះ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ