​សុទ្ធតែ​ជាអ្នក​ក្លាហាន ​ដេញចម្ប​ាំង​ស៊ី​សាច់​​​ហុតឈាម​​គ្នា​​កណ្តាលអធ្រាត្រ


ខេត្តបាត់ដំបង ៖  ក្រុមក្មេងពាលចំនួន០​៤នាក់ក្នុងចំណោម០៨នាក់ ដែល​សមត្ថកិច្ចឃាត់​ខ្លួនពេល​កំពុង​កាប់ចាក់គ្នាទាំងកណ្ដាលអធ្រាត្រត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹក​ថ្ងៃ​ទី១៨ ឧសភា នេះ ក្រោយពីបបញ្ចប់​ការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ​
ខេត្ត ។​

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានប្រាប់ថា ជនដៃដល់ទាំង៤នាក់ ១-ឈ្មោះលៀប ភៀន អាយុ២៣ឆ្នាំ  ២-ឈ្មោះលឿន សាវីន អាយុ១៩ឆ្នាំ  ៣-ឈ្មោះវ័ន វណ្ណៈ អាយុ ១៦ឆ្នាំ និង៤-ឈ្មោះរួម វុធ ហៅរឹម អាយុ១៦ឆ្នាំ ពួកគេរស់នៅ ឃុំពាមឯក ស្រុកឯកភ្នំ ។ ដោយ​ឡែក បក្សពួកចំនួន០៤នាក់ទៀត បានរត់គេចខ្លួន ។

លោកនាយការិយាល័យបានឲ្យដឹងទៀតថា  ជនទំនើងមួយក្រុមនេះ​ បានប្រើប្រាស់កាំបិត​តាមកាប់​ប្រហារ​ទៅលើជនមួយក្រុមទៀត បណ្ដាលឲ្យរងរបួសម្នាក់ ឈ្មោះឃុន ប៉ូឡា អាយុ៣៣ឆ្នាំ ក្រៅពី​នេះ​រត់រួចខ្លួន ។

បើតាមរបាយការណ៍បានឲ្យដឹងថា  ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានបើកឆាល​ប្រយុទ្ធ​គ្នាដោយកាំបិត កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ឧសភា ​នៅចំណុចសួនច្បារ​សម្ដេច​ក្រឡា​ហោម ស ខេង ដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ 

របាយការណ៍បានបញ្ជាក់ថា  ក្រុមដៃដល់ដែលគ្នា០៨នាក់ បានប្រើប្រាសកាំបិត ដេញកាប់ទៅលើភាគី​ម្ខាងទៀត ដែលពួកគេអះអាងថា ជាការសងសឹកគំនុំចាស់ ។  ប៉ុន្តែភាគីម្ខាងច្បាំងចាញ់​បណ្ដាល​ឱ្យ​របួស​ម្នាក់  ខណៈភាគីដែលឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗចំនួន០៤នាក់ រីឯ៤នាក់ទៀតគេច​ខ្លួនបាត់ ។ ​ពាក់ព័ន្ធនឹងអំពើហឹង្សារវាងពួកក្មេងអន្ធពាលទាំង២ក្រុមខាងលើនេះ បើតាមចម្លើយសារភាពពី​ជន​សង្ស័យ​ទាំង៤នាក់ បានប្រាប់សមត្ថកិច្ចថា  ពួកខ្លួនបានព្យាយាមតាមកាប់ភាពរងគ្រោះនោះ ដោយសារតែភាគីរង​គ្រោះធ្លាប់វាយមកលើពួកខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ 

ក្រុមនេះ បានបញ្ជាក់ថា តាំងពីពេលនោះមក ពួកខ្លួនមិនធ្លាប់ជួបគ្នាទេ លុះនៅយប់កើតហេតុហេតុ ពេល​ពួកខ្លួនជិះម៉ូតូជួបគ្នានៅម្ដុំសួនច្បារខាងលើ ពួកខ្លួនក៏ដកកាំបិតដេញកាប់តែម្ដង ។ លោកឈឿង គឹមសុង បាននិយាយថា  ជនទំនើងទាំង២ក្រុមនេះ បានកាប់ចាក់គ្នា ព្រោះតែចង់សងសឹកគំនុំចាស់ ដែលធ្លាប់ប៉ះ​ប្រយុទ្ធ​គ្នាកន្លងមក។  ប៉ុន្តែពេលនេះយើងឃាត់ខ្លួនបានចំនួន០៤នាក់ ហើយលោកស្នងការខេត្ត បានបញ្ជា​ឲ្យមន្រ្តីជំនាញ បានសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការ ចាត់ការតាមនីតិវិធីហើយ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ