ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ចិត្ត​ទុរេន​កំពត​មែន? តែ​ប្រយ័ត្ន​មាន​អ្នក​ក្លែង​​ពី​តំបន់​ផ្សេង​​មក​​បន្លំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​ទុរេន​កំពត ​កំពុង​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា​ ជា​ផលិត​មួយ​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​ក្លិន​ប្លែក​ពី​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង ក៏​ប៉ុន្តែ​ទុរេន​នេះ ​ត្រូវ​បាន​ឈ្មួញ​មួយ​ក្ដាប់​តូច កំពុង​រកស៊ី​អាក្រក់ និង​បន្លំ​ដោយ​យក​ទុរេន​ពី​តំបន់​ផ្សេង​មក​បន្លំ​ជា​ទុរេន​កំពត​…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ទុរេន​កំពត ​កំពុង​ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ទទួលស្គាល់​ថា​ ជា​ផលិត​មួយ​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​ក្លិន​ប្លែក​ពី​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង ក៏​ប៉ុន្តែ​ទុរេន​នេះ ​ត្រូវ​បាន​ឈ្មួញ​មួយ​ក្ដាប់​តូច កំពុង​រកស៊ី​អាក្រក់ និង​បន្លំ​ដោយ​យក​ទុរេន​ពី​តំបន់​ផ្សេង​មក​បន្លំ​ជា​ទុរេន​កំពត​ និង​លក់​ក្នុង​តម្លៃ​មួយ​ថ្លៃ​ខ្ពស់​ផង​ដែរ ។ នេះ​បើ​តាម​អ្នកចំការ​នៅ​ក្នុង​ខេត្តកំពត​បាន​បញ្ជាក់​ប្រាប់ ។

លោក​នួន មឿ​ន ម្ចាស់​ចំការ​ក្នុង​ខេត្តកំពត​មួយ​រូប បាន​និយាយ​ថា វា​ពិតជា​មានការ​ក្លែងបន្លំ​ម៉ាក​ទុរេន​កំពត សម្រាប់​លក់​លើ​ទីផ្សារ​ពិតប្រាកដ​មែន ជា​ពិសេស​នោះ ​គឺ​ឈ្មួញកណ្ដាល​ក្នុង​តំបន់​នោះ មិន​បាន​ទិញ​ទុរេន​ពី​ម្ចាស់​ចំការ​នោះ​ទេ តែ​បែរជា​យក​ទុរេន​ពី​តំបន់​ផ្សេង ដូច​ជា​ពី​កោះកុង​ពី​ប្រទេស​ថៃ រួច​ហើយ​ដឹក​ចូល​ក្នុង​ឃ្លាំង​គេ ដែល​មាន​ទីតាំង​ក្នុង​ខេត្តកំពត​ដែរ រួច​ក៏​បញ្ចេញ​ទៅ​លក់​នៅ​តាម​គោលដៅ​នានា​ក្នុង​ប្រទេស ដោយ​និយាយ​ថា​ ទុរេន​កំពត ។

លោក​បន្ត​ថា ទុរេន​កំពត​ខែ​នេះ មាន​តែ​ពូជ​ឪ​ខាក់​ទេ ចំណែក​ម៉ា​ន់​ថង គឺ​មាន​តិច​បំផុត​ដោយសារ​តែ​វា​ជា​ពូជ​ដែល​ពិបាក​ថែទាំ តែ​ពូជ​ឪ​ខាក់​ដែល​ដាំ​នៅ​កំពត​គឺ​មាន​រស់ជាតិ​ឆ្ងាញ់ និង​ឈ្ងុយ​លើស​ទុរេន​ដាំ​នៅ​តំបន់​ផ្សេង​ៗ​តែ​អ្វី​ដែល​ឧបសគ្គ​នោះ គឺ​ការ​បន្លំ​ម៉ាក​ទុរេន​ផ្សេង​ថា​ជា​របស់​កំពត ។ លោក​ថា ៖« អ្នកខ្លះ​ដោយ​គិត​ថា​ចង់បាន​ទុរេន​កំពត​ញ៉ាំ​នោះ ក៏​ទៅ​ទិញ​ដល់​ទឹកដី​កំពត ឬ​មុខ​ចំការ​តែ​ម្ដង តែ​វា​ក៏​មិន​ប្រាកដ​ថា​ទុរេន​កំពត​១០០​ភាគរយ​ដែរ » ។

លោក​បន្ថែម​ថា ចង់បាន​ទុរេន​កំពត​ទទួលទាន​នោះ គឺ​មាន​តែ​ស្គាល់​ម្ចាស់​ចំការ​ហើយ​ទិញ​ពី​ម្ចាស់​ចំការ​ផ្ទាល់ ឬ អ្នក​ដែល​រកស៊ី​មិន​កេង​បន្លំ តែ​យ៉ាងណា​អ្នក​រកស៊ី​បច្ចុប្បន្ន​នេះ ពិបាក​ទុកចិត្ត​ណាស់ ព្រោះ​ឈ្មួញ​ខ្លះ ទិញ​ហើយ​យក​លុយ​ក៏​ទៅ​បាត់ មិនដឹង​ទៅ​រក​នៅ​ណា​ទេ តែ​សម្រាប់​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ​គេ​ចង់​ទុក​កេរ្តិ៍​ឈ្មោះ​រកស៊ី​ថ្ងៃក្រោយ គេ​អាច​នឹង​លក់​ទុរេន​កំពត​ពិត​ៗ ។

ចំណែក​អ្នកស្រី​ណា​សាង ម្ចាស់​ចំការ​មួយ​រូប​ក៏​បាន​និយាយ​ថា សព្វ​ថ្ងៃនេះ អ្នកស្រី​មិន​លក់​ទុរេន​អោយ​ឈ្មួញកណ្ដាល​នៅ​ក្នុង​ខេត្តកំពត​ទេ គឺ​អ្នកស្រី​បាន​បញ្ជូន​ទៅ​អោយ​អតិថិជន​នៅ​ភ្នំពេញ និង​នៅ បណ្ដា​ខេត្ត​វិញ ។ អ្នកស្រី​ក៏​មានការ​ធានា​អះអាង​១០០​ភាគរយ​ថា​បើសិនជា​អតិថិជន​ដែល​យក​ទុរេន​នោះ​ទៅ​បរិភោគ​ហើយ​វា​មិនមែន​ជា​ទុរេន​កំពត​គឺ​ប្តូរ​ជូន ។ មួយវិញទៀត បើ​មានការ​ខូចខាត​ស្អុយ​ឬ​មិន​មាន​សាច់​ក៏​ត្រូវ​ប្តូរ​ជូន​ដែរ ។ ការ​រកស៊ី​ត្រូវ​មាន​ភាព​ស្មោះត្រង់​ទើប​អាច​រកស៊ី​បាន​យូរអង្វែង ។

ពាក់ព័ន្ធ​នឹង​តម្លៃ​ទុរេន​វិញ ឆ្នាំ​នេះ​តម្លៃ​លក់រាយ​គឺ២៨០០០រៀល​ក្នុង​មួយ​គី​ឡួ​ក្រាម​ខណៈ​ឆ្នាំ​មុន​គឺ​ត្រឹម ២៥០០០ រៀល​។ ចំណែក​តម្លៃ​បោះ​ដុំ​ឆ្នាំ​២០២០ គឺ​ពី​រង្វង់ ២៣០០០ ទៅ ២៥០០០ រៀល​ក្នុង​មួយ​គីឡូ​ក្រាម ដែល​ឆ្នាំ​២០១៩ គឺ​ត្រឹមតែ២០០០០រៀល​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ