ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងសម្រាប់ខេត្តព្រះសីហនុ កំពុងក្លាយជាការចាប់អារម្មណ៍ពីមហាជនជិតឆ្ងាយចង់បើកឆ្លងកាត់ ព្រោះតែតាមផ្លូវមួយចំនួនសង្ខាងផ្លូវមានលក្ខណៈបែបធម្មជាតិស្រស់បំព្រង ជាមួយនឹងការរត់ស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតថែមទៀត។
បើតាមមន្ត្រីបានថ្លែងឱ្យដឹងថា ក្រៅពីរត់កាត់គយគន់ធម្មជាតិឆ្នេរ នៅមានចំណុចដែលចាប់អារម្មណ៍ខ្លាំងបំផុតពីមហាជននោះ គឺដើមឈើព្រៃមួយដើមដែលអជ្ញាធរបានរក្សាទុកធ្វើជារង្វង់មូលនៅកណ្តាលទ្រូងផ្លូវស្ថាបនាថ្មីជិតចុងឆ្នេរអូរត្រេះ កំពុងតែទាក់ទាញ ជាពិសេសនោះគឺការចាប់អារម្មណ៍ខ្លាំងពីមហាជនក្នុងបណ្តាញក្នុងសង្គមហ្វេសប៊ុក ដែលត្រូវបានក្រុមការងារយុវជនប្រកាសដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍» ។
មន្ត្រីដដែលបន្តថា ការដាក់ឈ្មោះដើមឈើមួយដើមនេះ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ក្នុងពេលដែលប្រតិភូថ្នាក់ជាតិដឹកនាំដោយសម្តេចពិ័ជយសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យលទ្ធផលស្ថាបនាផ្លូវថ្មីក្នុងខេត្តព្រះសីហនុ។
បើតាមមន្ត្រីថ្លែងបញ្ជាក់ទៀតថា ការដែលក្រុមការងារយុវជនដាក់ឈ្មោះបែបនេះ ជាការកត់ចំណាំ មិនសំដៅទៅរឿងស្នេហាអ្វីនោះទេ ដោយគ្រាន់តែបង្ហាញថា រង្វង់មូលដើមឈើកណ្តាលទ្រូងផ្លូវនេះ ជាទីដែលមហាជនដាក់ចិត្តស្រឡាញ់ ហើយបច្ចុប្បន្នកំពុងក្លាយទៅជាទីណាត់ជួបញាតិមិត្តសម្រាប់ដំណើរកំសាន្តទេសចរណ៍ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ