ក្លិបបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញ និងអុីតាលី នឹងត្រូវចាប់ផ្តើមការហ្វឹកហាត់លក្ខណៈជាក្រុមវិញនៅថ្ងៃចន្ទ ទី១៨ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងប្រទេសរៀងខ្លួន ។ ក្លិបទាំងអស់នៅក្នុងក្របខណ្ឌកំពូលទាំង២របស់ប្រទេសអេស្ប៉ាញគឺ La Liga និង…
ក្លិបទាំងអស់នៅក្នុងក្របខណ្ឌកំពូលទាំង២របស់ប្រទេសអេស្ប៉ាញគឺ La Liga និង Segunda División ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមហ្វឹកហាត់ជាលក្ខណៈក្រុមតូចៗ ចាប់ពីថ្ងៃចន្ទតទៅ ។
អង្គភាពរៀបចំការប្រកួតក្របខណ្ឌ La Liga បានជូនដំណឹងដល់ក្លិបទាំងអស់ថា ពួកគេអាចចាប់ផ្តើមហ្វឹកហាត់ចែកជាក្រុម ដោយក្នុងមួយក្រុមមានចាប់ពី ១០នាក់ បន្ទាប់ពីបទបញ្ជាដែលចេញដោយនាយកដ្ឋានសុខភាពរបស់រដ្ឋាភិបាល បានចេញប្រកាសកាលពីថ្ងៃសៅរ៍ ដែលបានកែប្រែគោលការណ៍ណែនាំសម្រាប់កីឡាករ ។
ដោយឡែកនាយករដ្ឋមន្ត្រីអុីតាលីលោក Giuseppe Conte បានថ្លែងកាលពីថ្ងៃសៅរ៍ថា ក្លិបបាល់ទាត់ទាំងអស់ក្នុងក្របខណ្ឌកំពូលអ៊ីតាលី Serie A អាចចាប់ផ្តើមការហ្វឹកហាត់ពេញលេញចាប់ពីថ្ងៃចន្ទ ទី១៨ ខែឧសភា ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយលើការរឹតបន្តឹងការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ។
ក្របខ័ណ្ឌ Serie A ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៩ ខែមីនា ហើយកាលបរិច្ឆេទវិលត្រឡប់ទៅរកសកម្មភាពប្រកួតប្រជែង មិនទាន់បានកំណត់នៅឡើយទេ ទោះបីជាបានអនុញ្ញាតឲ្យកីឡាករវិលត្រឡប់ចូលជំរំហ្វឹកហាត់រៀងៗខ្លួនវិញក៏ដោយ ។
លោក Giuseppe Conte បានបញ្ជាក់ថា «ក្លិបបាល់ទាត់នឹងអាចវិលត្រឡប់មកហ្វឹកហាត់ជាក្រុមវិញនៅថ្ងៃចន្ទ ប៉ុន្តែពួកយើងនៅតែមិនទាន់អាចផ្តល់ព័ត៌មានលម្អិត អំពីពេលវេលាដែលក្របខណ្ឌ Serie A នឹងត្រូវចាប់ផ្តើមឡើងវិញ នៅឡើយទេ» ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ