ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សសរថ្ម​ធម្មជាតិ​ដ៏​កម្រ​រាប់រយ​ដើម រក​ឃើញ​នៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សសរថ្ម​ធម្មជាតិ​រាប់រយ​ដើម ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​នៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច នា​ស្រុក​កែវ​សីមា បន្ទាប់​ពី​ប្រភេទ​ថ្ម​ដ៏​កម្រ​នេះ​ធ្លាប់​រក​ឃើញ​នៅ​តំបន់​ភ្នំ​ណា​ម​លៀរ ស្រុក​ពេ​ជ្រា កាលពី​អំឡុង​ដើមឆ្នាំ​២០២០ កន្លង​ទៅ​។ ជុំវិញ​ការ​រក​ឃើញ​សសរថ្ម​ធម្មជាតិ…

ខេត្តមណ្ឌលគិរី ៖ សសរថ្ម​ធម្មជាតិ​រាប់រយ​ដើម ត្រូវ​បាន​រក​ឃើញ​បន្ថែម​ទៀត​នៅ​តំបន់​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច នា​ស្រុក​កែវ​សីមា បន្ទាប់​ពី​ប្រភេទ​ថ្ម​ដ៏​កម្រ​នេះ​ធ្លាប់​រក​ឃើញ​នៅ​តំបន់​ភ្នំ​ណា​ម​លៀរ ស្រុក​ពេ​ជ្រា កាលពី​អំឡុង​ដើមឆ្នាំ​២០២០ កន្លង​ទៅ​។ ជុំវិញ​ការ​រក​ឃើញ​សសរថ្ម​ធម្មជាតិ ដែល​មាន​រូបរាង​ស្ទើរតែ​ដូច​ទៅ​នឹង​សសរ​ប្រាសាទបុរាណ ហើយ​ត្រូវ​បងប្អូន​ជាតិ​ដើម​ភាគតិច​បាន​លើក​ឡើង​ថា ទឹកដី​នេះ​ជា​តំបន់​ដូនតា​របស់​ជនជាតិ​ដើម​ព្នង​។

ថ្ម​នេះ គឺ​មានមុខ​៤០, ៥០, ៦០​ស​.​ម ដែល​មាន​ទំរង់​ប្រាំបី​ជ្រុង និង​បួន​ជ្រុង​រាប់រយ​កំណាត់​គរ​លើ​គ្នា ហើយ​កាលពីដើម​ឆ្នាំ​២០២០ សហគមន៍​ជនជាតិ​ដើម​ព្នង បាន​នាំ​មន្ត្រី​ក្រសួង​វប្បធម៌​ទៅ​មើល​ផ្ទាំង​ថ្ម​បុ​រណ ដែល​មាន​អាយុកាល​មិន​តិច​ជាង​៨០០ ទៅ​១ ០០០​ឆ្នាំ​នោះ​ទេ​។ ហើយ​ថ្ម​ទាំងនោះ មាន​សណ្តាន​ត្រ​វែង ដែល​ពុះ​ជ្រៀក​យ៉ាង​មាន​របៀបរៀបរយ​។ បើ​តាម​សហគមន៍​ជនជាតិ​ដើម​ព្នង ដែល​នៅ​ក្នុង​តំបន់​នោះ​បញ្ជាក់​ថា ទីនោះ​គឺជា​ទី​សក្ការៈ និង​មាន​តំណម​ខ្លាំង​។

បន្ថែម​លើ​នេះ ចាស់​ៗ​ជំនាន់​មុន​នៃ​ជនជាតិ​ដើម​ព្នង បាន​បង្ហើប​ថា ថ្ម​នេះ​គឺ​មាន​ទំនាក់ទំនង​នឹង​ថ្ម​នៅ​ប្រាសាទ​នានា​នៅ​ទីក្រុង​អង្គរ កាលពី​៧០០​ទៅ​៨០០​ឆ្នាំ​មុន​។ បើ​តាម​ចាស់ទុំ​ជនជាតិ​ដើម​ព្នង​បាន​បញ្ជាក់​ថា កាលពីមុន​ដូនតា​របស់​ពួក​គាត់ គឺ​ត្រូវ​បាន​កេណ្ឌ​ឲ្យ​ទៅ​ធ្វើ​ប្រាសាទ​នៅ​ទីក្រុង​បុ​រណ​អង្គរ​។ ហើយ​ថ្ម​ៗ​ទាំងអស់ គឺជា​ថ្ម​ដែល​គេ​យក​ទៅ​ធ្វើ​ថ្ម​នៃ​ប្រាសាទ​អង្គរ និង​ប្រាសាទ​នានា​នៅ​ក្នុង​សម័យ​អង្គរ​។ កាលសម័យ​ដើម​ជនជាតិ​ដើម​ទាំងអស់ គឺ​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​កសាង​ទីក្រុង​សំខាន់​ៗ​របស់​អាណាចក្រ​អង្គរ ដូច​ជា ជនជាតិ​ដើម​កួយ គឺ​ពូកែ​ស្លរ​ដែក និង​ទាក់ដំរី ជនជាតិ​ដើម​ព្នង​គឺ​ពូក​កែ​ទាក់ដំរី និង​ចម្បាំង ជនជាតិ​ដើម​ទំពួន ក្រឹ​ង និង​ជនជាតិ​ដើម​ដទៃ​ទៀត​សុទ្ធតែ​មាន​តួនាទី​សំខាន់​ៗ​ក្នុង​ការ​កសាង​រាជធានី​អង្គរ​។

ទោះជា​យ៉ាងណា ការ​លើក​ឡើង​ខាងលើ​នេះ គឺ​យោង​ទៅ​តាម​អបិយ៍​ជំនឿ​របស់​អ្នកស្រុក​ប៉ុន​ណោះ​។​ចំណែក​លោក កែវ សុភ​គ៍ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ថ្ម​ដែល​គេ​ទើប​ប្រទះ​ឃើញ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​ទាំងនេះ គឺ​មាន​រូបរាង និង​សណ្ឋាន​ដូច​គ្នា​ទៅ​នឹង​ថ្ម ដែល​គេ​បាន​រក​ឃើញ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ​ដែរ​។ ហើយ​លោក​ក៏​បាន​បញ្ជូន​មន្ត្រី​ទៅ​ពិនិត្យ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។

លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា កន្លង​មក ពុំ​ធ្លាប់​មាន​នរណា​ម្នាក់​បាន​ដឹង​ពី​រឿងរ៉ាវ​ថ្ម​នេះ​ទេ ហើយ​លោក​ក៏​ទើប​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ និង​កំពុង​ទាក់ទង​ទៅ​ខាង​ផ្នែក​វប្បធម៌​ឲ្យ​ជំនាញ​គេ​ចុះ​ពិនិត្យ​។ លោក​អភិបាលស្រុក​ថា ពិតជា​ចំលែក​ផង​ដែរ ចំពោះ​មូលដ្ឋាន​របស់​លោក ព្រោះ​នៅ​តំបន់​នេះ​មិន​មាន​ប្រាសាទបុរាណ​សូ​ម្បី​តែ​មួយ បែរជា​មាន​ថ្ម​ដែល​មាន​រូបរាង​ដូច​ទៅ​នឹង​សសរ​ប្រាសាទ​នានា​ទៅ​វិញ​។

លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ថ្ម​ហ្នឹង គឺ​មាន​សណ្ឋាន​ដូច​គ្នា ខ្លះ​មាន​៦​ជ្រុង ៨​ជ្រុង​។ បើ​តាម​អ្នកបច្ចេកទេស​ថា វា​ជា​ថ្ម​បា​សាល់ កករ​ពី​កំអែល​ភ្នំភ្លើង​នៅ​ពេល​ចុះ​ត្រជាក់​។

លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ថា ដំបូង​ឡើយ​លោកស្រី​ក៏​គិត​ថា ជា​ថ្ម​ប្រាសាទបុរាណ​ដែរ ព្រោះ​វា​មាន​រាង​ជ្រុង​ៗ​ដូច​សសរ ប៉ុន្តែ​បើ​តាម​អ្នកជំនាញ​បច្ចេកទេស​ថា វា​គឺជា​កំអែល​ភ្នំភ្លើង ដែល​អាច​ដុះ​ឡើង​មាន​សណ្ឋាន​ដូច​ជា បួន​ជ្រុង​ៗ​ចឹ​ង​យើង​ត្រូវ​គោរព​ទៅ​តាម​អ្នកបច្ចេកទេស​ព្រោះ​គេ​បាន​និយាយ​អ៊ីចឹង​… កន្លង​មក លោកស្រី​រដ្ឋមន្ត្រី​បាន​យល់​ឃើញ​ថា ថ្ម​ទាំងនេះ ប្រាកដជា​ឆ្លងកាត់​ស្នាដៃ​របស់​មនុស្ស ទើប​វា​លេច​ចេញ​នូវ​រូបរាង​បែប​នេះ ប៉ុន្តែ​វា​បាន​កើតឡើង​ដោយ​ធម្មជាតិ​។

លោកស្រី ភឿ​ង ស​កុ​ណា បញ្ជាក់​ថា បើ​វា​មិន​មានការ​ប៉ះពាល់​ទៅ​លើ​ប្រភេទ​ថ្ម​ប្រាសាទបុរាណ​ទេ កិច្ចការ​បន្ត​គឺ​ទុក​ឲ្យ​ជំនាញ​បរិស្ថាន​ជា​អ្នកធ្វើការ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ