ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជារឿងអកុសលមួយដែលគ្រូពេទ្យម្នាក់ជាធនធានដ៏កម្រមួយរូប ហើយទំរាំតែស៊ូរៀនចប់ក្លាយជាវេជ្ជបណ្ឌិតនោះ គឺអស់រយៈពេល៨ឆ្នាំមកហើយ តែបែរត្រូវបានមនុស្សស្រវឹងស្រាជោកជាំម្នាក់បើករថយន្តបុកពីក្រោយ បណ្ដាលឱ្យលោកគ្រូពេទ្យរងរបួសធ្ងន់ រហូតដល់បាត់បង់ជីវិតចោលប្រពន្ធ និងកូនតែម្តង ក្រោយពេលបង្កហេតុរួចរថយន្តបង្កនោះក៏បើករថយន្តគេចខ្លួនបាត់បន្សល់ទុកជនរងគ្រោះនៅនឹងកន្លែតកើតហេតុគួរឱ្យអាណិត ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភាឆ្នាំ 2020 ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ជឹម វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅខេត្តតាកែវ ។
បើតាមប្រភពពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត បានប្រាប់ថា លោកវេជ្ជបណ្ឌិតដែលរងគ្រោះដោយរថយន្តបើកបុកពីក្រោយនោះ បណ្តាលឱ្យបាត់បង់ជីវិត នៅមន្ទីរពេទ្យកាល់ម៉ែតនាយប់ថ្ងៃទី16 ខែឧសភា ឆ្នាំ2020 ម្សិលម៉ិញនេះ។ ហើយការបាត់បង់អាយុជីវិតរបស់លោកវេជ្ជបណ្ឌិតរូបនេះ ធ្វើឲ្យមិត្តរួមក្រុមការងារ ក៏ដូចជាអ្នកដែលបំរើការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានការសោកស្ដាយជាខ្លាំង ព្រោះការបាត់បង់អាយុជីវិតរបស់លោក គឺជាការបាត់បង់ធនធានដ៏កម្រមួយរូប។
បើតាមគ្រូពេទ្យមួយរូបបាននិយាយថា រូបលោកពិតជាមានការសោកស្តាយណាស់ គឺស្តាយធនធានមនុស្សដ៏ល្អ ទំរាំតស៊ូរៀនចប់ក្លាយជាំវេជ្ជបណ្ឌិតនោះ គឺអស់រយៈពេល៨ឆ្នាំ រួចបន្តប្រលងចូលក្របខ័ណ្ឌរដ្ឋជាប់ និងបំរើការងារជូនប្រជាពលរដ្ឋលះបង់គ្រប់បែបយ៉ាង មិនគួរណាត្រូវគេស្រវឹងជោកជាំរួចបើកទ្បានបុកគាត់ពីក្រោយ បណ្តាលឱ្យជនរងគ្រោះត្រូវឃ្លាតឆ្ងាយចាកចេញពីកូន និងប្រពន្ធ ដោយគ្មានថ្ងៃនឹងត្រលប់ឡើយ។ អ្វីដែលធ្វើឲ្យក្រុមគ្រូពេទ្យរឹងរឹតតែអាណិតអាសូរចំពោះវេជ្ជបណ្ឌិតរងគ្រោះរូបនេះ គឺប្រពន្ធរបស់លោកទើបតែសម្រាលកូនបានរយៈពេល8ខែប៉ុណ្ណោះ។
លោកវេជ្ជបណ្ទិត្យ ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានប្រាប់ផងដែរថា កាលពីនៅសង្គ្រោះបន្ទាន់ខាងមិត្តរួមអាជីពទាំងនៅឧដុង្គ និងពេទ្យខេត្ត ក៏បានទៅសួរសុខទុក្ខដែរ តែដោយសារតែអាការធ្ងន់ធ្ងរពេក ស្ថិតក្នុងការសង្គ្រោះបន្ទាន់ គឺបានត្រឹមនៅក្រៅបន្ទប់ជាមួយសាច់ញាតិ និងក្រុមគ្រួសារប៉ុណ្ណោះ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសលោក ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារក្នុងការជួយសង្គ្រោះ ប៉ុន្តែជាអកុសលគឺលោកគ្រូពេទ្យរងគ្រោះបានបាត់បង់ជីវិតកាលពីយប់មិញបាត់ទៅហើយ។ ការបាត់បង់ជីវិតរបស់លោកអាចនិយាយបានថា គឺជាការបាត់បង់នូវធនធានដ៏កម្រមួយក្នុងវិស័យសុខាភិបាលនៅខេត្តកំពង់ស្ពឺ។
ហើយពែលសពរបស់លោកវេជ្ជបណ្ឌិត ត្រូវបានដឹកយកទៅរៀបចំធ្វើបុណ្យនៅស្រុកកំណើតនៅភូមិអ្នកតាត្បាល់ ឃុំគោកពោធិ ស្រុកបូរីជលសារ ខេត្តតាកែវហើយ។
សូមរំលឹកថា លោកគ្រូពេទ្យនៅស្រុកឧដ្ដុង្គមួយរូប (ជនរងគ្រោះ) ដែលមកបំពេញការងារកម្មសិក្សានៅមន្ទីរពេទ្យខេត្តផ្នែកវះកាត់ ត្រូវរថយន្ត១គ្រឿងបុកពីក្រោយ បណ្ដាលឲ្យរងរបួសជាទម្ងន់ ក្រោយពេលបង្កហេតុហើយ រថយន្តបង្កនោះបានបើកគេចទៅទិសខាងកើតបាត់ស្រមោលតែម្តង ដោយបន្សល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុប៉ុណ្ណោះ ហើយក្រោយមកត្រូវបានមិត្តភក្តិហៅរថយន្តដឹកយកមកមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះ តែដោយសារអាការធ្ងន់ធ្ងរពេក ខាងមន្ទីរពេទ្យខេត្តក៏សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប៉ុន្តែជាអកុសលលោកគ្រូពេទ្យបាត់បង់ជីវិតទៅហើយ។
គួររំលឹកទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភាឆ្នាំ 2020 នៅចំណុចស្តុបសាធារណការ ស្ថិតនៅក្នុងសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ