រទេះ​ចត​ចោល​​​ស្ទើរដុះស្មៅ​​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ ខណៈម្ចាស់​​ស្ទើរដាច់បាយ​ (មានវីដេអូ​)


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយសា​រ​មេរោគ​កូ​វីត​១៩​បាន​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​ទាំង​សេដ្ឋកិច្ច​ ទាំង​ពាណិជ្ជកម្ម​និង​វិស័យ​ទេសចរ​ ។ ​ជាមួយ​គ្នា​នេះ​ដែរ ខណៈ​ប្រទេស​ថៃ​នៅ​បន្ត​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​ជម្ងឺ​ខាងលើ​បាន​ធ្វើ​ឲ្យ​​ប្រជា​ពលរដ្ឋ​កម្ពុជា​ជួប​បញ្ហា​សេដ្ឋកិច្ច​ដូច​គ្នា​ទៅ​នឹង​ប្រជា​ពលរដ្ឋ​តាម​បណ្តា​ប្រទេស​​នានា​នៅ​លើ​ពិភពលោក​ផង​ដែរ​។​

ជាក់ស្តែង​ រទេះ​ដែល​កម្មករ​អូស​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​ និង​​ក្រុម​គ្រួសា​រស្ទើរដាច់បាយទៅហើយ​ ព្រោះ​ពេល​នេះ​រទេះចត​ចោល​ត្រៀបត្រា​ ដោយ​កន្លែង​ខ្លះ​ស្មៅ​ដុះ​ស្ទើរ​លិច​ក៏​មានដែរ​។​

ឈរ​ក្បែរ​រទេះ​ហាក់​អស់សង្ឃឹម​សាកសួរ​គេឯង​ថា​តើ​ព្រំដែន​នឹង​បើក​វិញ​ពេល​ណា? ​បុរស​ម្នាក់​រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា ​គាត់​និង​ក្រុម​គ្រួសារ​ស់ទាំង​លំបាក​ ព្រោះ​គ្មាន​ចំណូល​ប្រចាំ​ថ្ងៃ​ក្នុង​​អំឡុងផ្ទុះជំងឺ​​កូ​វីដ​១៩​នេះ​។​

ចំណែក​អ្នក​ផ្សេង​ទៀត​ក៏​ដូច​គ្នា​​នេះ​ដែរ ដោយ​​និយាយ​បែប​អស់សង្ឃឹម​ថា បើ​ស្ថានការណ៍​កូ​វីដ​១៩​មិន​ថមថយ​ ហើយ​ភាគី​ថៃ​មិន​បើក​ព្រំដែន​ដូច​ប្រក្រតី​ឡើង​វិញ​ទេ​នោះ ​គ្រប់​គ្នា​ប្រាកដជា​នឹង​ជួប​បញ្ហា​ជីវភាព​គ្រួសា​កាន់តែ​ធ្ងន់ធ្ងរ​ ពិសេស​ប្រាក់​បំណុល​តែ​ម្តង​។​

ដោយឡែក​ចំណុច​រង្វង់​មូល​ និង​ដងផ្លូវ​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហាក់​ស្ងប់ស្ងាត់​មិន​មាន​មនុស្ស​ឆ្លងកាត់​គគ្រឹកគគ្រេង​ដូច​មុន​​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ឡើយ​ គឺ​មាន​តែ​រថយន្ត​ធុន​ធំ​របស់​ថៃ​ដឹក​ទំនិញ​ចូល​កម្ពុជា​ សូ​ម្បី​ទំនិញ​របស់​ខ្មែរ​មានចំនួន​​តិចតួច​បំផុត​ដែល​ត្រូវ​ដឹក​ចេញ​ទៅ​ថៃ​ ។​

ជុំ​វិញ​ច​ម្ង​ល់​នានា​របស់​អ្នកស្រុក​ថា​តើ​ថ្ងៃ​ណា​គេ​នឹង​បើក​ព្រំដែន​ ហើយ​ឆ្លើយ​តប​និង​សំណួរ​នេះ លោក​គាត​ ហ៊ុ​ល ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ប្រទេស​ថៃ​ ពេល​នេះ​គេ​កំពុង​ស្ថិត​ក្នុង​គ្រាអាសន្ន​នៅឡើយ​ ដូច្នេះ​មិន​​ដឹង​ថា​ ពេល​ណា​ទើប​គេ​បើក​ព្រំដែន​នោះ​ទេ​។

​លោក​បញ្ជាក់​ថា​ កន្លង​ទៅ​ថ្មី​ៗនេះ ​សូ​ម្បី​អាជ្ញាធរ​ខេត្ត​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ​តាម​សំណើរ​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ចង់​ចូល​ទៅ​មើល​តូប​រៀងខ្លួន​ៗ ​ក្រែង​មាន​ទំនិញ​ខូចខាត​ដោយសា​ទឹកភ្លៀង​ ក៏​ត្រូវ​ភាគី​ថៃ​បដិសេធ ដោយ​អះអាង​ថា​ ប្រទេស​គេ​កំពុង​ស្ថិត​ក្នុង​គ្រាអាសន្ន​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ