រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី ១៧ ខែឧសភានេះបានឲ្យដឹងថា កម្ពុជានៅមិនទាន់បានទទួលព័ត៌មានផ្លូវការពីភាគីវៀតណាមជុំវិញការចុះផ្សាយរបស់សារព័ត៌មានវៀតណាមដែលថា មានជនជាតិវៀតណាមចេញពីខេត្តសៀមរាបនៃប្រទេសកម្ពុជារកឃើញផ្ទុកកូវីដ-១៩ នៅវៀតណានៅឡើយទេ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា «ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណីដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ »។
លោកជំទាវបានបន្តថា «តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង»។
លោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្ថែមថា «គ្រប់ព័ត៌មាន ដែលទទួលបាន យើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ។
អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះ គឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថា រកឃើញវិជ្ជមាននោះ ។ ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការ ល្អ មានតម្លាភាព ជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ ក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណជនឲ្យបានជ្រាបជាមិនខានឡើយ» ។
លោកជំទាវក៏បានបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃើញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មី នោះទេ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហើយចូលរួមបន្តការពារខ្លួនកុំមានការឆ្លងវីរុសនេះ ប្រសិនបើមានព័ត៌មាន ឫមានបញ្ហាសុខភាព សូមទាក់ទងទៅលេខ ១១៥ ឫទៅស្វែងរកការពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ