ប្រទេសអាល្លឺម៉ង់ ៖ ការប្រកួតក្របខណ្ឌកំពូល Bundesliga និង Bundesliga.2 បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើងវិញហើយកាលពីថ្ងៃសៅរ៍ ដោយបិទទ្វារកីឡដ្ឋាន ក្រោយត្រូវបានផ្អាកអស់ជាច្រើនសប្តាហ៍ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ-១៩ ។
ក្របខណ្ឌ Bundesliga បានក្លាយជាលីគកំពូលប្រចាំទ្វីបអឺរ៉ុប ដែលចាប់ផ្តើមសកម្មភាពប្រកួតប្រជែងបាល់ទាត់ឡើងវិញដំបូងគេបង្អស់ អំឡុងពិភពលោកកំពុងជួបវិបត្តិដោយសារវីរុសនេះ ។
ជាក់ស្តែងជំនួបដ៏ធំប្រចាំសប្តាហ៍ទី ២៦ រវាងក្រុមម្ចាស់ផ្ទះ Dortmund ទល់នឹងក្រុម Schalke 04 បានបញ្ចប់ទៅដោយក្រុមភ្ញៀវចាញ់ដោយលទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Signal Iduna Park ។ គេសង្កេតឃើញការប្រកួតនេះ រួមទាំងការប្រកួតជាច្រើនផ្សេងទៀត ធ្វើឡើងដោយមានវិធានការរឹតបន្តឹងជាច្រើនទាំងកីឡាករ ក្រុមគ្រូបង្វឹក ក្រុមមន្ត្រីរួមទាំងបុគ្គលិកដែលពាក់ព័ន្ធទាំងអស់ ។
ការខាកស្តោះ រួមទាំងការអបអរគ្រាប់បាល់ជាមួយមិត្តរួមក្រុម ត្រូវបានហាមឃាត់ជាដាច់ខាត ។ តម្រូវឲ្យមានការវាស់កម្តៅ និងត្រូវពាក់ម៉ាស់ការពារ ព្រមទាំងការរក្សាគម្លាតឆ្ងាយពីគ្នា ខណៈដែលការប្រកួតត្រូវបានអនុញ្ញាតឲ្យមានការផ្លាស់ប្តូរកីឡាករចំនួន៥នាក់ផងដែរ ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ