ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ចោរ​ស៊ី​គ្រឿងក្នុង​​ឡាន​នៅ​កន្លែង​ប៉ូលិស​ បង្ក​ការ​រិះគន់

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ នគរបាល​នៃ​អធិការដ្ឋានស្រុក​អង្គស្នួល បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​រយៈពេល​២​ថ្ងៃ​មក​ហើយ ពី​រឿង​បាត់​គ្រឿង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង ពណ៌​ស ដែល​នគរ​បាល​នាំ​យកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋានរយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ កាល​ណោះ​រថយន្ត​ខាងលើ​នេះ…

ខេត្តកណ្តាល ៖ នគរបាល​នៃ​អធិការដ្ឋានស្រុក​អង្គស្នួល បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ តាម​បណ្តាញ​សង្គម​
ហ្វេ​សបុ​៊​ក​រយៈពេល​២​ថ្ងៃ​មក​ហើយ ពី​រឿង​បាត់​គ្រឿង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង ពណ៌​ស ដែល​នគរ​បាល​នាំ​យកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋានរយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ។ កាល​ណោះ​រថយន្ត​ខាងលើ​នេះ ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួសធ្ងន់​បាក់ជើង​រហូត​ដល់​៣​នាក់ ។

ភ្លាម​ៗ​ក្រោយ​កើតហេតុ​នោះ អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​មិន​បានចូលខ្លួន​ដោះ​ស្រាយ​ទេ ហើយ​បន្ទាប់​ពី​ស្រាវជ្រាវរក​អ្នកបើកបរ​អត់​ឃើញ នគរបាល​ក៏​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ លុះ​១​ឆ្នាំ​ក្រោយមក បន្ទាប់​ពី​ការ​ដោះស្រាយ​គ្នា​នៅ​តុលាការ​ចប់​សព្វគ្រប់ ម្ចាស់​ក៏​បាន​ទៅ​យក​រថយន្ត​ដែល​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​វិញ ស្រាប់​តែ​រថយន្ត​នោះ​បាន​ក្លាយជា​ខ្មោច​ទៅ​ហើយ​គឺ​បាត់​អស់​គ្រឿង​សំខាន់​ៗហើយ​ក៏​បាន​ថត​ជា​វី​ដេ​អូ និង​បង្ហោះ​តាម​បណ្តាញសង្គម​ហ្វេ​សបុ​៊​ក​ពី​រឿង​នេះ ។ ការ​បង្ហោះ​នេះ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​រិះគន់​ទៅ​លើ​មន្ត្រី​នគរបាល​យ៉ាង​ខ្លាំង ហើយ​អ្នកខ្លះ​ក៏​ចង់​ដឹង​មុខ​អ្នក​លួច​ដោះ​យក​គ្រឿងក្នុង​ថែម​ទៀត​ផង គឺ​ដោះ​យក​ហ្មត់ ។

ប៉ុន្តែ​ក្រោយមក នា​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ រឿងរ៉ាវ​ខាងលើ​ក៏​បាន​បញ្ចប់ ដោយ​ខាង​នគរ​បាល​ស្រុក​អង្គស្នួល បាន​ចេញ​សំណ​ង​ទៅ​ម្ចាស់​រថយន្ត​ខាងលើ​ចំនួន​១.២០០ ដុល្លារ ដើម្បី​យក​ទៅ​ទិញ​គ្រឿង​ដាក់​រថយន្ត​ឡើងវិញ ក្នុង​ភាព​ទទួលខុសត្រូវ ហើយ​នគរបាល​ក៏​កំពុង​បើក​ការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​អ្នក​លួច​ដោះ​គ្រឿង​រថយន្ត​នោះ ដែល​នាំ​ឱ្យ​ខូច​មុខមាត់​សមត្ថកិច្ច ។ សូម​បញ្ជាក់​ថា រថយន្ត​កាម​រី​បា​ឡែ​ន​ខាងលើ​នេះ ត្រូវ​ជន​មិន​ស្គាល់​មុខ​ដោះ​សុ​ី​គ្រឿង​ជា​ច្រើនមុខ​ដូច​ជា ម៉ា​ញ៉េ កង់ ស្តុ​ប ប៊ូ​ហ្សុ​ី អា​គុយ ប្រព័ន្ធ​ហ្វ្រាំង​ABS ធុង​ទឹក និង​គ្រឿង​ជា​ច្រើន​ទៀត​ក្លាយជា​រថយន្ត​កាប់​សាច់ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ កន្លង​មកនេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Hok Tang​hong» របស់​លោក ហុ​ក តាំង​ហុង អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​បង្ហោះ​ថា «​នេះ​ហើយ​ឡាន​ខ្ញុំ​ដែល​បាន​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ខេត្តកណ្ដាល កាល​ពេល​យក​មក​គ្រឿង​ពេញ ដល់​ពេល​មក​ដក​ឡាន​វិញ​ស៊ី​គ្រឿង​អស់ សុំ​ខ្លាច​ហើយ​លោក​ប៉ូលិស​អើយ ធ្លាប់តែ​ឮ​គេ​ថា ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​» ។ក្រោយ​ពី​ការ​បង្ហោះ​រួច ក៏​មាន​អ្នក​ស៊ែរ​(share) បន្ត និង​ចូល​ខ​មិ​ុ​ន​ជា​ច្រើន ដោយ​បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​នគរបាល​ស្រុក​អង្គស្នួល និង​ចង់​ដឹង​មុខ​អ្នក​លួច​ថែម​ទៀត​ផង ។

ទាក់ទង​នឹង​ហេតុការណ៍​នេះ មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​ឲ្យ​ដឹង​ថា រថយន្ត​កាម​រី​បា​ឡែ​ន​នេះ បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ឲ្យ​ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​បាក់ជើង ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួនបាត់​មិន​ទទួលខុសត្រូវ​ឡើយ ។ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ស្រុក បាន​នាំ​យក​រថយន្ត​នេះទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ធ្វើការ​ស្រាវជ្រាវ​រក​អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត​ឲ្យ​មក​ទទួលខុសត្រូវ ប៉ុន្តែ​រក​មិនឃើញ​សោះ ហើយ​ក៏​មិន​ដែល​ស្គាល់​មុខ​ថា ម្ចាស់​រថយន្ត​មួយ
ណា​ដែរ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ទើប​លេចមុខ​ម្ចាស់​នាំ​យក​ដីកា​សុំ​យក​រថយន្ត​វិញ និង​ប្រាប់​ថា​បាន​ដោះស្រាយ​ចប់​ហើយ ។ ពេល​នោះ​នគរបាល​ចរាចរណ៍​ស្រុក ក៏​បាន​ប្រគល់​រថយន្ត​ជូន តែ​ជា​ការ​ធ្វេសប្រហែស​គឺ​នគរបាល​មិន​បានដឹង​ថា​មាន​ចោរ​មក​លួច​សុ​ី​គ្រឿង​រថយន្ត​តាំងពី​ពេល​ណា​នោះ​ឡើយ ព្រោះ​រថយន្ត​ទុក​នៅ​ក្នុង​បរិវេណ​សាលាស្រុក នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​បន្តិច​ដែរ។ចំណែកឯ​ម្ចាស់​រថយន្ត គាត់​ក៏​មិន​បាន​ប្រ​តិកម្ម​ឲ្យ​ដឹង​ពេល​មក​យក​រថយន្ត​ភ្លាម​ៗ​ទេ គឺ​ទាល់តែ​ក្រោយ​ពេល​យក​រថយន្ត​ចេញ​ផុត ទើប​គាត់ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​ពី​រឿង​នេះ បង្ក​មានការ​ភ្ញាក់ផ្អើល និង​ផ្ទុះ​ការ​រិះគន់​ទៅលើ​នគរបាល ។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​អង្គភាព លោក​អធិការ​នគរបាល​ស្រុក មិន​បាន​បដិសេធ​នោះ​ឡើយ ហើយ​លោក​បាន​ទទួលខុសត្រូវ​ទាំងស្រុង និង​បាន​អញ្ជើញ​ម្ចាស់​រថយន្ត​ជួប​ដោះស្រាយ​គ្នា ព្រមទាំង​ចេញ​សំណង​បញ្ចប់រឿង​រួចរាល់​ហើយ ។

ដោយឡែក ម្ចាស់​រថយន្ត​ក៏​បាន​បង្ហោះ​សារលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ កាលពី​វេលា​ម៉ោង​៣​និង​៤៤​នាទី​រសៀល​ថ្ងៃ​ទី១៤ ខែឧសភា​ថា «​ខ្ញុំបាទ​ឈ្មោះ ហុ​ក តាំង​ហុង (Hok​Tang​hong) សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា​៖ កាលពី​ម្សិលមិ​ញ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​មានការ​សោកស្តាយ និង​ឈឺចាប់​នូវ​ការ​បាត់បង់​សម្ភារ​របស់​រថយន្ត​(​គ្រឿង​រថយន្ត​)​នៅ​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ខ្ញុំបាទ​បាន​ធ្វើការ​បង្ហោះ​ជា​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ អម​ជាមួយ​រូបភាព​មួយ​ចំនួន​ស្តី​ពី​ការ​បាត់បង់​សម្ភារ​ទាំងនោះ​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ។

នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ នៅ​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ជួយ​សម្រួល​ជា​សំណង​នូវ​ថ​វិកា​ចំនួន​១.២០០​ដុល្លារ ក្នុង​ការ​បាត់បង់​សម្ភារ​រថយន្ត​របស់​ខ្ញុំបាទ​វិញ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ជាន់ថ្នាក់ ដែល​បាន​ជួយ​អន្តរាគ​មន៍​ទាន់​ពេល​លើ​បញ្ហា​ដែល​កើតឡើង​នេះ ហើយ​ក៏​សូម​អរគុណ​ដល់​មហាជន​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្តាសារ​ព័ត៌មាន​ទាំងអស់ ដែល​បាន​ជួយ​Like&share បន្ត​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​រូប​ខ្ញុំ​» ៕

អត្ថបទសរសេរ ដោយ