ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បែកធ្លាយ​សារ​ទាក់ទង​នារី​ភេទ តើ​ភិក្ខុ​ឡុ​ង ច​ន្ថា ត្រូវ​អាប​តិ្ត​កម្រិត​ណា ?

3 ឆ្នាំ មុន

ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ពី​រឿង​ដែល​ព្រះ​អង្គ​លួច​ទាក់ទង​និង​ប្រើ​ពាក្យ​សម្តី​បែប​លែបខាយ​ក្នុង​ន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់ ដែល​មតិ​ភាគច្រើន​យល់​ថា ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បារាជិក ល្មម​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ហើយ ។ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​សាសង​រវាង​ភិក្ខុ​ឡុ​ង ច​ន្ថា…

ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ពី​រឿង​ដែល​ព្រះ​អង្គ​លួច​ទាក់ទង​និង​ប្រើ​ពាក្យ​សម្តី​បែប​លែបខាយ​ក្នុង​ន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់ ដែល​មតិ​ភាគច្រើន​យល់​ថា ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បារាជិក ល្មម​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក​ហើយ ។

បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​សាសង​រវាង​ភិក្ខុ​ឡុ​ង ច​ន្ថា និង​នារី​ម្នាក់​នោះ​ភ្លាម កាលពី​ថ្ងៃ​ទី​៤ ខែឧសភា​កន្លង​មក សម្តេច​គណៈសង្ឃ​នាយក ន​ន្ទ ង៉ែត បាន​ស្នើ​ឲ្យ​ព្រះ​មេគណ​ខេត្តតាកែវ និមន្ត​ព្រះ​អង្គ ឡុ​ង ច​ន្ថា ចូល​ទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​នេះ ។ ក្រោយ​ឆ្លងកាត់​ការ​ដោះស្រាយ​រួច​មក ព្រះ​អង្គ ឡុ​ង ច​ន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ជា​ការ​យល់ព្រម​ដោយ​ព្រះ​អង្គ​ឯង​ពុំ​មានការ​បង្ខិតបង្ខំ​ឲ្យ​ព្រះ​អង្គ​សឹក​ឡើយ ។

តែ​ទោះជា​យ៉ាងណា ភិក្ខុ​ឡុ​ង ច​ន្ថា បាន​បដិសេធ​ថា ព្រះ​អង្គ​ពុំ​ត្រូវ​អាបត្តិ​បារាជិក​ដែល​ជា​អាបត្តិ​ធ្ងន់​ជាងគេ​បំផុត​ក្នុង​ព្រះ​វិន័យ​នោះ​ទេ ។

លុះដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​កំណត់​បែរជា​ភិក្ខុ ឡុ​ង ច​ន្ថា គេចវេះ​មិន​បាន​លាចាក​សិក្ខាបទ​ទៅ​តាម​ការ​សន្យា​ទៅ​វិញ ដោយ​ព្រះ​អង្គ​បាន​អះអាង​ក្នុង​លិខិត​មួយ​ថា ព្រះ​អង្គ​មិន​ទាន់​អស់​និស្ស័យ​ពី​ព្រះ​ផ្នួស ប៉ុន្តែ​ព្រម​ទទួលកំហុស និង​ប្រព្រឹត្ត​ឲ្យ​បាន​តាម​វិន័យ​ឡើង​វិញ​។

«​ទូលព្រះបង្គំ សូម​ទូល​ថ្វាយ និង​ចម្រើនពរ​ថា ដោយ​និស្ស័យ​ព្រះ​ផ្នួស​របស់ខ្ញុំ​ព្រះករុណា អាត្មាភាព​មិន​ទាន់​អស់​នៅឡើយ ទូលព្រះបង្គំ ទទួលកំហុស និង​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​តាម​វិន័យ ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​» ។ នេះ​បើ​យោង​តាម​លិខិត​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Long Chantha នា​ថ្ងៃ​ទី​១៤ ខែឧសភា ដើម្បី​ក្រាបទូល​ថ្វា​យ សម្តេចព្រះសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក មន្ត្រី​សង្ឃ និង​ចម្រើនពរ​ដល់​ញាតិ​ញោម​ទាំងអស់​ជ្រាប ។

បើ​តាម​ផ្លូវ​វិន័យ តើ​ភិក្ខុ​ឡុ​ង ច​ន្ថា​ត្រូវ​អាបត្តិ​ធ្ងន់​កម្រិត​ណា ?

ការ​ប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង​ដែល​នាំ​ឲ្យ​ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក​រួម​មាន ១-​ការ​សេពសន្ថវៈ​ជាមួយ​ស្ត្រី ២-​ការ​លួច​ទ្រព្យ​របស់​គេ ៣-​ការ​សម្លាប់​មនុស្ស និង​៤-​ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម គឺជា​ការ​អួត​ថា​ខ្លួន​ជា​មនុស្ស​មានគុណ​វិសេស​លើសលែង​ជាង​មនុស្ស​ធម្មតា ហើយ​បាន​សម្រេច​ធម៌​វិសេស ដើម្បី​ទទួល​បាន​លាភ​សក្ការ​ពី​បរិស័ទ​ដែល​មាន​ជំនឿ​ពី​ការ​អួត​នោះ ។

បើ​ពិនិត្យ​ទៅ​តាម​វិន័យ​វិនិច្ឆ័យ ទោស​របស់​ភិក្ខុ​ឡុ​ង ច​ន្ថា គឺ​មិន​ទាន់​ឈាន​ដល់​អាបត្តិ​បារាជិក​នោះ​ទេ តែ​អាចនឹង​ស្ថិត​នៅ​ក្នុង​អាបត្តិ​ធ្ងន់​ទី​២​គឺ​អាបត្តិ​សង្ឃា​ទិ​សេស​ត្រង់​ចំណុច ភិក្ខុ​មាន​តម្រេក ហើយ​និយាយ​លួងលោម​ស្ដ្រី​ឲ្យ​បម្រើ​ខ្លួន​ដោយ​កាម និង​បញ្ចុះបញ្ចូល​ឲ្យ​បុរស​-​ស្ដ្រី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាដើម​នោះ ។

អាបត្តិ​សង្ឃា​ទិ​សេស​នេះ​គឺជា​ទោស​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​បារាជិក ។ ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​សង្ឃា​ទិ​សេស​ហើយ នៅ​តែ​មានឈ្មោះ​ថា​ជា​ភិក្ខុ​ដដែល ហើយ​មិន​ដល់​ថ្នាក់​ត្រូវ​ចាប់​ផ្សឹក​នោះ​ទេ ។

ប៉ុន្តែ​នៅ​ពេល​មានទោស​សង្ឃា​ទិ​សេស ដើម្បី​លុបលាង​ទោស​កំហុស​នេះ ភិក្ខុ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដ៏​ធ្ងន់​មួយ ដែល​ហៅ​ថា​ការ​ធ្វើ «​បរិវាសកម្ម​» ។ បរិវាសកម្ម គឺជា​កិច្ច​ក្នុង​ព្រះ​វិន័យ ដែល​តម្រូវ​ឲ្យ​ភិក្ខុ​ត្រូវ​បំពេញ​យ៉ាង​តឹងរ៉ឹង​ដើម្បី​រួច​ផុត​ពី​ទោស​សង្ឃា​ទិ​សេស ហើយ​បាន​ក្លាយទៅជា​ភិក្ខុ​ស្អាតស្អំ​ឡើង​វិញ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ