ខេត្តប៉ៃលិន ៖ នរណាៗក៏ល្បីពីរសជាតិផ្លែទុរេននៅក្នុងទឹកដីខេត្តត្បូងពេជ្រដែរថា ពិតជាមាន រសជាតិផ្អែមឈ្ងុយឆ្ងាញ់តែម្តង ។ ដូច្នេះនៅពេលភ្ញៀវទេសចរ ធ្វើដំណើរចេញពីទីរួមខេត្ត ប៉ៃលិន ឆ្ពោះទៅទិសខាងត្បូងប្រមាណពី ៧ ទៅ ៨គីឡូម៉ែត្រ នឹងឃើញមានដើមទុរេនដែល ផ្លែជិតទុំអស់ហើយ ហើយក៏ត្រូវបានម្ចាស់បេះលក់ឱ្យម៉ូយ និងភ្ញៀវទេសចរជាបណ្តើរៗផងដែរ ។
ជួបជាមួយនឹងភ្នាក់ងារសារព័ត៌មាន «កោះសន្តិភាព» កាលពីពេលថ្មីៗមកនេះយុវជន ឈ្មោះ ផាន់ រក្សា អាយុ ២៨ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាន រៀបរាប់ឱ្យដឹងថា ខ្លួនបានដាំដំណាំទុរេនប្រភេទ «ម៉ាន់ថង» ជាង ១០០០ដើមអស់រយ:ពេល ជាច្រើនឆ្នាំមកហើយដែលទទួលបានផលជារៀងរាល់ឆ្នាំ ដោយបានដាំក្នុងចម្ការនៅស្រុក សំឡូត ខេត្តបាត់ដំបង ជាង ៦០០ដើម និងដាំនៅក្នុងចម្ការផ្លូវឆ្ពោះទៅទឹកធ្លាក់អូរតាវ៉ៅ ហៅ ទឹកធ្លាក់ភ្នំខៀវ ក្រុងប៉ៃលិន ជាង ៥០០ដើមដែរ ។
ផាន់ រក្សា បន្តទៀតថា រហូតមកដល់ពេលនេះ គឺទើបតែប្រមូលផលផ្លែទុរេន បានជាង ១២០០គីឡូក្រាមប៉ុណ្ណោះ ហើយនឹងប្រមូលជាបន្តបន្ទាប់ទៀតដោយលក់ក្នុង ១គីឡូក្រាម តម្លៃ ២៣០០០រៀល (បោះដុំ) និង ១គីឡូក្រាមតម្លៃ ២៨០០០រៀល (លក់រាយ) ។ លោកបញ្ជា ក់ទៀតថា រហូតមកដល់បច្ចុប្បន្ន មានម៉ូយកុម្មង់យកទៅលក់បន្តនៅតាមបណ្តាខេត្តនានា ដូច ជា បាត់ដំបង សៀមរាប ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ តែក៏មានការបញ្ចុះតម្លៃបន្តិចបន្តួច បើសិនជាផ្លែទុរេន កាន់តែសម្បូរនៅតាមចម្ការនីមួយៗ ខណ:កសិករកំពុងនាំគ្នាប្រមូលផល គ្រប់ៗគ្នាផងដែរ ។ ចំពោះការថែទាំក៏មិនខុសគ្នាពីដំណាំហូបផ្លែមួយចំនួនដែរ គឺត្រូវថែទាំ ជា ពិសេសបូមទឹកស្រោចគល់ ខណ:ពេលទុរេនកំពុងចេញផ្កាក្តិប ។
ផាន់ រក្សា បន្ថែមទៀតថា ចំណែកការបណ្តុះកូនទុរេនលក់ ដោយក្នុង ១ឆ្នាំបណ្តុះកូន បានជាង ៨០០០០ដើម ហើយរហូតមកដល់បច្ចុប្បន្ននៅសល់ត្រឹមតែ ៦០០ទៅ ៧០០ដើម ប៉ុណ្ណោះ ដោយគេកុម្មង់ទិញអស់ហើយដែលក្នុង ១ដើមលក់បានតម្លៃចាប់ពី ៤៥០០រៀល ទៅ ១២០០០រៀល ។
លោកក៏នាំកូនធុរេនល្អឈ្មោះ (សាំងឃីង) ពីប្រទេសថៃចូលមកដាំ នៅក្នុងចម្ការរបស់ ខ្លួនដែរ ដោយ ១ដើមទិញគេតម្លៃ ១០ដុល្លារ រីឯផ្លែវាក៏លក់បានថ្លៃផងដែរ ។ ទោះបីជាយ៉ាង ណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរពិតជាចូលចិត្តទទួលទានផ្លែទុរេន ទោះបីជា កសិករដាំបានច្រើនប៉ុណ្ណា ក៏គេទិញយកទៅអស់ពីចម្ការគ្មានសល់នោះឡើយ ហើយមាន កសិករខេត្តប៉ៃលិន ជាច្រើនកំពុងនាំគ្នាដាំទុរេននៅលើដីចម្ការរបស់ខ្លួន រាប់រយ រាប់ពាន់ដើម ផងដែរ ៕
ចែករំលែកព័តមាននេះ