សណ្ឋាគារ​ធំ​ៗ​លំដាប់​ផ្កាយ​៥​នៅ​ភ្នំពេញ​ចាប់ផ្ដើម​ព្យួរការងារ​បុគ្គលិក​បណ្ដើរ​ៗ


រាជធានី​ភ្នំពេញ ៖ ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​បណ្តាល​មក​ពី ជំងឺ​កូ​វី​ដ ១៩ កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជា​ច្រើន​បាន​សម្រេច​ផ្អាក​ការងារ និង​ស្នើរ​សុំ​បិទ​អាជីវកម្ម​ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ចូល​មក​សម្រាក ​និង​ស្នាក់​នៅ ក្នុង​នោះ​ផង​ដែរ​សណ្ឋាគារ​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ​ក៏​បាន​ចាប់ផ្ដើម​ព្យួរការងារ​បុគ្គលិក​បណ្ដើរ​ៗ​ផង​ដែរ តែ​មិនមែន​បុគ្គលិក​ទាំង​អស់នោះ​ទេ ។

បើ​តាម​មន្ត្រី​នៃ​ក្រសួង​ការងារ​មួយ​រូប បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ស​ណ្ឋាគារ​ធំ​ៗ​ដូច​ជា ​កាំ​បូ​ឌី​យ៉ា​ណា សាន់​វេរ សណ្ឋាគារ​ភ្នំពេញ ហ៊ី​ម៉ា​វ៉ា​រី ជាដើម សុទ្ធសឹងតែ​ជា​សណ្ឋាគារ​ធំ​ៗ​ដែល​បាន​ព្យួរការងារ​បុគ្គលិក​បណ្ដើរ​ៗ​ហើយ តែ​មិនមែន​ព្យួរ​ទាំងអស់​ទេ គឺ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​សណ្ឋាគារ​ខ្លះ​១០០​នាក់ ខ្លះ​៨០​នាក់ ខ្លះ​ជាង​១០០​នាក់ជាដើម ។

ការ​ព្យួរការងារ​របស់​សណ្ឋាគារ​នេះ ត្រូវ​បាន​មើលឃើញ​ថា ពុំ​មាន​ភ្ញៀវ​មក​សម្រាក​ និង​ស្នាក់​នៅ​ច្រើន​ដូច​មុន ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ដែល​ជា​បន្ទុក​របស់​ខ្លួន ម្ចាស់​សណ្ឋាគារ ដែល​គេ​ដឹង​ថា​សុទ្ធសឹងតែ​កំពូល​អ្នក​មាននៅ​ស្រុក​ខ្មែរ ក៏​បាន​កាត់​បន្ថយ​បុគ្គលិក ដោយ​ព្យួរការងារ​របស់​បុគ្គលិក​មួយ​រយៈ​សិន ។

បើ​តាម​លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក៏​បានអោយ​ដឹងផង​ដែរ​ថា ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​ទេសចរណ៍ ដូច​ជា​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹ​ប​កម្សាន្ត​ជាដើម​នោះ មាន​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​ហើយ គិត​មក​ដល់​ពេល​នេះ ហើយ​បើ​និយាយ​ពី​វិស័យ​សណ្ឋាគារ​វិញ​ឃើញ​ថា នៅ​ខេត្តសៀមរាប​មាន​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ ដែល​មាន​ទំហំ​រហូត​ដល់​ជាង​៦៤​ភាគរយ គិត​ជា​ជា​ចំនួន​សណ្ឋាគារ​មាន​១៤៨​សណ្ឋាគារ ។

លោក​បន្ត​ថា ក្រៅពី​សៀមរាប ដែល​មាន​ផល​ប៉ះពាល់​ជាង​៦៤​ភាគរយ​នោះ ខេត្ត​រាជធានី​ផ្សេង​ទៀត​ក៏​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ រាជធានី​ភ្នំពេញ មាន​៧​ភាគរយ ខេត្ត​ព្រះ​សីហ​នុ មាន​២៧,៨២​ភាគរយ កំពត​១៥​ផា​គរ​យ ។

ដោយឡែក​ខេត្ត​នៅ​ភូមិភាគ​ឦសាន មិន​រង​ផល​ប៉ះពាល់​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​ធម្មជាតិ ដូចនេះ​ទេសចរ​ក្នុងស្រុក ក៏​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​នៃ​តំបន់​ទាំងនោះ ដូច្នេះ​ម្ចាស់​សណ្ឋាគារ​នៅ​តែ​អាច​ទទួល​បាន​ចំណូល​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​របស់​ខ្លួន​ដដែល ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ