បុរស​គួរ​លើកទឹកចិត្ត​ភរិយា​ក្នុង​ការ​បំពេញការងារ​ដើម្បី​បញ្ជៀ​ស​ហានិភ័យ​លុយកាក់


រាជធានី​ភ្នំពេញ​៖ ប្រសិនបើ​អ្នក​និង​អនាគត​ភរិយា​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ក្រុមហ៊ុន​ណាមួយ ឬ​ក៏​កំពុង​តែ​មានមុខ​ជំនួញ​នៅ​ក្នុង​ដៃ វា​ជា​រឿង​ប្រពៃ​បំផុត​ដែល​លោក​អ្នក​គួរ​លើកទឹកចិត្ត​សុភាព​នារី​យើង​ឲ្យ​បន្តការងារ​របស់​គាត់​ក្រោយ​ពី​ការ​រៀបចំ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​នោះ ព្រោះ​ធ្វើ​ដូច្នេះ​នឹង​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ហានិភ័យ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ ឬ​អាច​និយាយ​បាន​ថា​នឹង​ជៀស​ផុត​ពី​ភាព​ក្រីក្រ ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​និង​ជា​អ្នកជំនាញ​ខាង​វិស័យ​អចល​ទ្រព្យ​បាន​លើក​ឡើង​ថា ដៃគូរ​ដែល​មានការ​ងារ​រៀង​ៗ​ខ្លួន​ក្រោយ​ពេល​រៀប​ការ ក្លាយជា​ប្តី​ប្រពន្ធ មិន​គួរ​ភរិយា​លាឈប់​ពី​ការងារ​មក​ធ្វើ​ជា​ស្ត្រី​មេផ្ទះ​នោះ​ទេ ។

លោក ង៉ែត ជូ ដែល​តែងតែ​លើក​ឡើង​ពី​គុណសម្បត្តិ​ភរិយា​របស់​លោក​ដែល​បាន​ជួយ​លោក​ឲ្យ​ដើរទៅ​មុខជា​ប្រចាំ​នោះ​បាន​ពោល​ថា «​ជា​ទូទៅ ប្តី​ប្រពន្ធ​ពេល​រៀប​ការ​ហើយ​គួរ​ចេញ​រក​ប្រាក់​ទាំង​ពីរ​នាក់ មិន​គួរ​ចេញ​រក​ប្រាក់​តែ​ម្នាក់​នោះ​ទេ ។ ព្រោះថា​ជីវិត​មនុស្ស​យើង​មិន​ទៀងទាត់​នោះ​ទេ វា​អាច​ជួប​ហានិភ័យ​គ្រប់ពេល ។ ឧទាហរណ៍​បើ​អ្នក​ដែល​ចេញ​រក​ប្រាក់​សំរាប់​ផ្គត់ផ្គង់​គ្រួសារ​ជួប​ហានិភ័យ​ដោយ​ប្រការ​ណាមួយ នោះ​គ្រួសារ​និង​សមាជិកគ្រួសារ​ទាំងមូល​នឹង​ជួប​ហានិភ័យ​ដោយ​បាត់បង់​ប្រាក់​ចំណូល​ចូល​ផ្គត់ផ្គង់​គ្រួសារ​ទាំងមូល​។

លោក​បាន​បន្ត​ថា​យើង​បាន​សង្កេត​ឃើញ​នៅ​ករណី​ច្រើន​នៅ​សង្គម​ខ្មែរ​យើង នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ​បុរស​ជា​ប្តី តាំងខ្លួន​ជា​បុរស​ទ្រូង​៥ ហត្ថ ចិញ្ចឹម​គ្រួសារ​ហើយ​ឲ្យ​ភរិយា​លាឈប់​ពី​ការងារ ឬ​ការ​រកស៊ី​ណាមួយ ឲ្យ​ប្រពន្ធ​នៅផ្ទះ ។ បើ​និយាយ​តាម​វេជ្ជសាស្ត្រ​ស្ត្រី​ជា​ភរិយា​គឺ​គាត់​ពិបាក​មែន​ព្រោះ​ក្រោយ​រៀប​ការ​អាច​ត្រូវ​ពរ​ពោះ ឆ្លងទន្លេ ជាដើម ក៏​ប៉ុន្តែ បុរស​ជា​ស្វាមី​តោង​យល់​ថា​យើង​អត់​អាច​ដាក់​ពងមាន់​នៅ​ក្នុង​កន្ត្រក​តែ​មួយ​បាន​ទេ ។

បាន​ន័យ​ថា​ពងមាន់​ទាំងអស់​ដាក់​ក្នុង​កន្ត្រក​តែ​បាន​ទេ ដូច្នេះ​វា​មាន​ន័យ​ថា​យើង​មិន​អាច​ពឹង​តែ​លើ​ស្វាមី​ខ្លួនឯង​តែ​ម្នាក់​បាន​ទេ ព្រោះ​វា​អាច​មាន​ករណី​ចៃដន្យ​គាត់​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ធ្លាក់ខ្លួន​ពិសារ​ដោយសារ​តែ​ជំងឺ​អ្វីមួយ​ដែល​ធ្វ​ឲ្យ​បន្ទុក​ធ្លាក់​លើ​ភរិយា​ដែល​ជា​ស្ត្រី​មេផ្ទះ​អត់​មាន​ចំណូល ។ ម្យ៉ាង​ណា​វា​ក៏​អាច​មាន​ករណី​លែងលះ​អី ស្ត្រី​នៅ​តែ​មាន​លំនឹង​ឬ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ