ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ក្នុង​ផ្សារ​ត្អូញត្អែរ​រឿង​ថ្លៃ​តូប​​ថ្លៃ តែ​ម្ចាស់​ផ្សា​រថា មិន​បាន​តម្លើង​ថ្លៃ​ទេ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជីវករ​លក់​បន្លែ ត្រី សាច់ ជា​ច្រើន បាន​ប្រតិកម្ម​ទៅ​នឹង​ម្ចាស់​ផ្សារ​ប៉ា​ហ៊ី​ជើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ អាជីវករ​លក់​បន្លែ ត្រី សាច់ ជា​ច្រើន បាន​ប្រតិកម្ម​ទៅ​នឹង​ម្ចាស់​ផ្សារ​ប៉ា​ហ៊ី​ជើង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខណៈ​ម្ចាស់​ផ្សារ​ជួល​តូប​តម្លៃ​ខ្ពស់ ។ ម្យ៉ាងទៀត​ដោយសារ​តែ​ស្ងាត់​ម៉ូយ​លក់ដូរ​អត់​សូវ​ដាច់ បណ្តាល​ឱ្យ​មាន​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ ហើយ​ពួក​គាត់​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ជួយ​សម្រួល ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ម្ចាស់​ផ្សារ​ជួយ​បញ្ចុះតម្លៃ​ដូច​កាលពី​ដំបូង​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​អាជីវករ​ផ្សារ​ប៉ា​ហ៊ី​ជើង​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ផ្សារ​ប៉ា​ហ៊ី​ជើង ។
បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អាជីវករ​ដូច​ជា ១-​ឈ្មោះ ឆាយ ហាក់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ លក់​បបរ (​តូប​ប្រវែង​២​ម៉ែត្រ​បួន​ជ្រុង បង់​១​ខែ ចំនួន​១០​ម៉ឺន​រៀល​), ២-​ឈ្មោះ ប៉ែន វី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ (​តូប​២​ម៉ែត្រ បួន​ជ្រុង បង់​១០​ម៉ឺន​រៀល ក្នុង​១​ខែ​), ៣-​ឈ្មោះ ណុ​ប សូ​នី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ លក់​សាច់​ជ្រូក​,

៤-​ឈ្មោះ ប្រាក់ សឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ លក់​បន្លែ បង់​១​ខែ​៦​ម៉ឺន​រៀល និង​៥-​ឈ្មោះ ម៉ៅ រែ​ម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ លក់​បន្លែ (​តូប​៤​ម៉ែត្រ​៤​ជ្រុង បង់​១​ខែ​១២​ម៉ឺន​រៀល​) ដោយ​ពួក​គាត់​បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ការ​បង់ថ្លៃ​តូប​នេះ ពិតជា​មាន​តម្លៃ​ខ្ពស់ ខណៈ​ពួក​គាត់​លក់ដូរ​តែ​១​ព្រឹក​ប៉ុណ្ណោះ ហើយ​ការ​លក់ដូរ​ទៀត សោត អត់​សូវ​មាន​ម៉ូយ​ចូល​ទិញ​បន្លែ ត្រី​សាច់​នោះ​ទេ ពោល​គឺ​តាំងពី​កើត​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​មក​ម្ល៉េះ គឺ​អត់​សូវ​មាន​ម៉ូយ​ចូល​ទិញ​បន្លែ​របស់​ខ្លួន ។

ក្រុម​អាជីវករ​បន្ត​ទៀត​ថា បើ​ម្ចាស់​ផ្សារ​យក​ថ្លៃ​តូប​ខ្ពស់​បែប​នេះ ពួក​គាត់​ពិតជា​មិន​អាច​រក​ប្រាក់​សម្រាប់​បង់ថ្លៃ​តូប​បាន​ទាន់​ពេលវេលា​នោះ​ឡើយ ព្រោះ​ការ​លក់ដូរ​ក្នុង​១​ថ្ងៃ​ៗ ជួនកាល​បាន​ប្រាក់​ត្រឹមតែ​២០០០០​រៀល​ទៅ​៣០០០០​រៀល​ប៉ុណ្ណោះ ដោយ​ណាមួយ​បង់ថ្លៃ​ភាស៊ី​រួច​ហើយ ម្ចាស់​ផ្សារ​ដើរ​យក​ប្រាក់​ក្នុង​១​តូប​២០០០០​រៀល​បន្ថែម​ទៀត ។

ចំណែក​អ្នកខ្លះ​លើក​ឡើង​ថា ខ្លួន​បាន​ជួល​តូប​ឱ្យទៅ​អ្នក​ផ្សេង បែរជា​ម្ចាស់​ផ្សារ​ទៅ​ដើរទារ​លុយ​ថ្លៃ​តូប ដែល​ជួល​នោះ​ពីលើ​បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​បង់​ត្រួត​គ្នា​អស់ប្រាក់​ចំនួន​២​ដង​ទៅ​វិញ ។ ពួក​គាត់​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុង ក៏​ដូច​ជា​អភិបាលខេត្ត​ប៉ៃលិន លោក ផា​ន់ ចាន់​ធុ​ល ជួយ​សម្របសម្រួល​បញ្ហា​ថ្លៃ​តូប​ដែល​ខ្ពស់​បែប​នេះ ឱ្យ​ចុះ​តម្លៃ​ដូច​អ្វី​ដែល​ម្ចាស់​ផ្សារ​មុន​បាន​កំណត់​ផង ។

ចំណែក​លោក រស់ លី​អូន អាយុ​៤៥​ឆ្នាំ ជា​អ្នក​ទារ​ភាស៊ី​ផ្សារ​ប៉ា​ហ៊ី​ជើង​ខាងលើ និង​ជា​អតីត​ម្ចាស់​ផ្សារ​បានឱ្យ​ដឹង​ថា កាលពី​លោក​ជា​ម្ចាស់​ផ្សារ​មុន គឺ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៤ ខាង​លោក​បាន​ស្នើ​សុំ​គោលការណ៍​ពី​ខេត្ត ឱ្យ​កំណត់​តម្លៃ​តូប​រួចរាល់​អស់ហើយ ដោយ​តូប​១ ដែល​មាន​ប្រវែង​២​ម៉ែត្រ​៤​ជ្រុង តម្រូវ​ឱ្យ​អាជីវករ​បង់​ត្រឹមតែ​៣០០០០​រៀល​ប៉ុណ្ណោះ ។ បើ​ជួល​២​តូប តម្រូវ​ឱ្យ​បង់​៦០០០០​រៀល ពោល​គឺ​មិន​មានការ​បង់ប្រាក់​ថ្លៃ​ខ្ពស់​បែប​នេះ​ទេ ។

លោក​រស់ លី​អូន បន្ត​ថា ក្រោយ​ពី​លោក​បាន​គ្រប់គ្រង​រយៈពេល​៥​ឆ្នាំ ស្រាប់តែ​ឈ្លោះ​បែកបាក់​គ្នា​ជាមួយនឹង​ស្ត្រី​អតីត​ប្រពន្ធ​ដែល​ម្ចាស់​ផ្សារ​បច្ចុប្បន្ន ទើប​ខាង​លោក​ឈប់​គ្រប់គ្រង ដោយ​ដើរទារ​តែ​ថ្លៃ​ភាស៊ី​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា កាលពីមុន បើ​តូប​ចំ​កន្លែង​ជ្រុង​ផ្លូវ ឬ​កាច់​កែង ប្រវែង​២​ម៉ែត្រ​៤​ជ្រុង តម្រូវ​ឱ្យ​អាជីវករ​បង់ប្រាក់​ក្នុង​តម្លៃ​៤០០០០ រៀល​ទៅ​៥០០០០​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ តម្លៃ​តូប​មានការ​ឡើង​ខ្ពស់​ខ្លាំង ដោយ​តូប​១ ម្ចាស់​ផ្សារ​ទារ​ឱ្យ​បង់​ក្នុង​តម្លៃ​១០០០០០​រៀល ក្នុង​១​ខែ តូប​ខ្លះ​ទៀត​ឡើងថ្លៃ រហូត​ដល់​១៥០០០០​រៀល​ឯណោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ម្ចាស់​ផ្សារ​ឈ្មោះ គង់ វ​ណ្ណា ហៅ​មួ​ង ភេទ​ស្រី អាយុ​៤០​ឆ្នាំ បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ​ដែរ​ថា ក្នុង​នាម​គាត់​ជា​ម្ចាស់​ផ្សារ គឺ​មិន​បាន​តម្លើង​ថ្លៃ​តូប​នោះ​ឡើយ ដោយ​តូប​១​ប្រវែង​២​ម៉ែត្រ​៤​ជ្រុង តម្រូវ​ឱ្យ​អាជីវករ​បង់ប្រាក់​ចាប់ពី​៣០០០០​រៀល រហូត​ដល់​១៥០០០០​រៀល តាម​កន្លែង​កែង ឬ​កាច់ជ្រុង ។

ប្រភព​បន្ត​ទៀត​ថា ចំពោះ​ការ​ទារ​លុយ​ពី​អ្នក​លក់ដូរ​ចំនួន​២០០០​រៀល បើសិនជា​ម្ចាស់​តូប​មក​លក់ដូរ គឺ​គាត់​អត់​យក​ប្រាក់​នោះ​ឡើយ បើ​ម្ចាស់​អត់​មក​អ្នក​ផ្សេង​លក់​ជំនួស ទើប​គាត់​ទារ​ឱ្យ​បង់​ក្នុង​តម្លៃ​៣០០០​ទៅ​៥០០០​រៀល ។ គាត់​បញ្ជាក់​ថា តាំងពី​ដើម​រៀង​មក គឺ ឈ្មោះ រស់ លី​អូន អតីត​ប្តី មិន​ដែល​កាន់កាប់​ផ្សារ​នោះ​ឡើយ គឺ​គាត់​ជា​អ្នកគ្រប់គ្រង​ទាំងអស់ ។

បើ​តាម​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ដែរ​ថា ការ​កំណត់​តម្លៃ គឺ​ខាង​ក្រុង​ធ្លាប់​ហៅ​អាជីវករ និង​ម្ចាស់​ផ្សារ ទៅ​សម្របសម្រួល​ម្តង​រួច​មក​ហើយ ដោយ​ព្រម​ទទួល​យក​តាម​ការ​កំណត់​រៀង​ៗ​ខ្លួន មិន​ឱ្យ​ម្ចាស់​ផ្សារ​មានការ​ឡើងថ្លៃ​តូប​តាម​ចិត្ត​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា បើសិនជា​អាជីវករ​លើក​ឡើង​បែប​នេះ​ថា ម្ចាស់​ផ្សារ​បាន​តម្លើង​តម្លៃ​តូប ខាង​លោក​នឹង​ហៅ​ឱ្យទៅ​ចរចា ដើម្បី​តទល់​គ្នា​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ នៅ​ក្នុង​សាលាក្រុង​ប៉ៃលិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ