រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»នឹងវិលត្រឡប់មកវិញហើយនៅថ្ងៃទី១៦ ឧសភា ខាងមុខនេះ នៅលើសង្វៀនស៊ីអិនស៊ីបន្ទាប់ពីបានផ្អាកមួយរយៈដោយសារតែជំងឺកូវីដ-១៩ ។ នេះបើតាមការឱ្យដឹងពីលោកម៉ា ស៊ីថេត អ្នកចាត់ការទូទៅកម្មវិធីប្រដាល់របស់ក្រុមហ៊ុនCBS។
លោកម៉ា ស៊ីថេត និយាយថា ក្រោយពីបានពន្យារពេលប្រកួតលក្ខណៈដណ្ដើមខ្សែក្រវាត់អស់មួយរយៈមកនេះ បានធ្វើឱ្យកម្មវិធីប្រកួតប្រដាល់ដ៏មានប្រជាប្រីយមួយនេះប្រែទៅជាការប្រកួតលក្ខណៈដណ្ដើមប្រាក់លានជំនួសវិញ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គណៈកម្មការរៀបចំការប្រកួតបានប្រកាសរួចហើយថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្រុមទី២នឹងដំណើរការឡើងវិញនៅថ្ងៃសៅរ៍ទី១៦ ឧសភា ។ ចំណែកសមាសភាពកីឡាករដែលត្រូវប្រកួតរួមមាន ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហូកីឡា ត្រូវប៉ះជាមួយកីឡាករពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ និងកីឡាករ ឃឹម បូរ៉ា មកពីក្លិបមោងឬស្សីខេត្តបន្ទាយមានជ័យ ត្រូវប៉ះជាមួយកីឡាករថៃប្រាប់ផៃរី ។
ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ភាគីថៃបិទព្រំដែនមិនអាចមកប្រកួតបាន ដូច្នេះកីឡាករ ឃឹម បូរ៉ា ត្រូវឈ្នះដោយស្វ័យប្រវត្តិ ។ បានន័យថាសម្រាប់ការប្រកួតរវាងកីឡាករពុទ្ធ សំបូរនិងកីឡាករឈុត សេរីវ៉ាន់ថង អ្នកណាឈ្នះនឹងត្រូវឡើងមកជួបជាមួយឃឹម បូរ៉ា នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកពានរង្វាន់ កម្ពុជា សង្វៀនគុនខ្មែរតែម្ដង។
លោកម៉ា ស៊ីថេត បានឱ្យដឹងទៀតថា ការប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»គឺជាព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏កក្រើកមួយដែលមានការពេញនិយមខ្លាំងណាស់នាពេលកន្លងមក ព្រោះថាកម្មវិធីមួយនេះប្រមូលផ្ដុំទៅដោយអ្នកប្រដាល់ដ៏ល្បីឈ្មោះមកពីគ្រប់ទិសទីទាំងនៅកម្ពុជានិងនៅប្រទេសថៃ ។ ប៉ុន្តែដោយសារតែភ័យខ្លាចជំងឺកូវីដ-១៩ធ្វើឱ្យភាគីថៃមិនបានចូលរួមនោះទេ។
សម្រាប់ព្រឹត្តិការណ៍មួយនេះ លោកម៉ា ស៊ីថេតថា កំពុងតែពិភាក្សាជាមួយម្ចាស់ឧបត្ថម្ភកម្មវិធីថាតើការប្រកួតលើកក្រោយៗទៀតត្រូវធ្វើបែបណា? ឬចង់ឱ្យមានការប្រកួតរវាងកីឡាករកម្ពុជាគ្នាឯងសិន?៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ