ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឱ្យសោកស្ដាយណាស់ ដែលលំនៅដ្ឋានសាងសង់អំពីឈើ ប្រក់ក្បឿងមួយខ្នងជារបស់លោកមេភូមិតាប៉ាង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិផងដែរ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក្នុងហេតុការណ៍នេះដែរ ភ្លើងមិនបានឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងឡើយ ដោយសារតែគម្លាតពីផ្ទះមួយទៅផ្ទះមួយនៅឆ្ងាយពីគ្នា។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និ៥០នាទីរសៀលថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០ នៅភូមិតាប៉ាង ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកឆយ វុទ្ធី នាយប៉ុស្តិ៍ឃុំពាមជីលាំង បានប្រាប់ឲ្យដឹងថា ផ្ទះកើតហេតុមួយខ្នងខាងលើមានម្ចាស់ឈ្មោះសុីន សយ ភេទប្រុស អាយុ៧៧ឆ្នាំ ជាមេភូមិតាប៉ាង និងប្រពន្ធឈ្មោះហួន ថេន អាយុ៧៣ឆ្នាំ ។
លោកនាយប៉ុស្តិ៍ឃុំពានជីលាំងបានឱ្យដឹងបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យរងការខូចខាតរួមមានផ្ទះទំហំ៨ម៉ែត្រគុណនឹង១២ម៉ែត្រ ធ្វេីអំពីឈេី ប្រក់ក្បឿង ជញ្ជាំងក្តារ ត្រូវភ្លើងឆេះរងការខូចខាតខ្ទេចអស់ទាំងស្រុង ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ខ្សែកមាសទម្ងន់២តម្លឹង, ប្រាក់២,៥លានរៀល, ស្រូវ២៥បេ និងសំភារៈផ្សេងៗទៀតដូចជាសម្លៀកបំពាក់ និងចានឆ្នាំង ត្រូវភ្លើងឆេះអស់។
លោកនាយប៉ុស្តិ៍ឃុំពាមជីលាំងបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យកើតឡើង លោកក៏បានរាយការណ៍បន្តទៅកាន់លោកអធិការនគរបាលស្រុកត្បូងឃ្មុំដើម្បីសុំឱ្យរថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ បន្ទាប់មក លោកបានដឹកនាំកម្លាំងចុះទៅកាន់ផ្ទះមេភូមិតាប៉ាងដែលរងគ្រោះដោយអគ្គីភ័យ ខណៈពេលចុះទៅដល់ ភ្លើងបានឆាបឆេះអស់ប្រហែលជា៨០ភាគរយទៅហើយ ដោយសសរផ្ទះចាប់ផ្ដើមរលំ។
តាមប្រភពពីម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា ដំបូងឡើយ គាត់ឃើញភ្លើងបានឆាបឆេះចេញពីក្នុងបន្ទប់កូននៅលើផ្ទះ ដោយសារតែទុស្សេខ្សែភ្លើង ភ្លាមៗនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ និងអ្នកជិតខាងបានដងទឹកមកជួយពន្លត់ដែរ ប៉ុន្តែមិនអាចទប់ស្កាត់បានឡើយ ដោយសារតែភ្លើងឆេះខ្លាំងយ៉ាងពេញបន្ទុកទៅហើយ។
លោកគង់ សុីហុង អធិការរងនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងដែរថា ក្នុងពេលមានអគ្គីភ័យឆាបឆេះផ្ទះលោកមេភូមិខាងលើនោះ លោកនាយប៉ុស្តិ៍បានរាយការណ៍មករូបលោកដើម្បីសុំអន្តរាគមន៍ឱ្យរថយន្តពន្លត់អគ្គីភ័យចុះទៅជួយបាញ់ទឹកពន្លត់ដែរ ប៉ុន្តែដោយសារតែទីតាំងកើតហេតុនៅឆ្ងាយពេក ទំរាំរថយន្តពន្លត់អគ្គិភ័យចុះមកដល់ ផ្ទះកើតហេតុខាងលើត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងទៅហើយ ។ ចំពោះមាសដែលបាត់បង់ដោយសារភ្លើងឆេះខាងលើ ត្រូវបានរកឃើញ១តម្លឹងវិញ។
ក្រោមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្ត ដោយបានឲ្យកម្លាំងពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកត្បូងឃ្មុំត្រូវយាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញទៅជួយអន្តរាគមន៍ឱ្យទាន់ពេលវេលានៅពេលមានករណីអគ្គិភ័យកើតឡើង ប៉ុន្តែករណីខាងលើនេះមិនអាចចុះទៅជួយទាន់ពេលវេលា ព្រោះដោយសារតែផ្លូវឆ្ងាយពេក៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ