ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Dele Alli ត្រូវ​ក្រុម​ចោរ​សម្រុក​ចូល​ប្លន់​​ដល់ក្នុងផ្ទះ​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ ខ្សែបម្រើ Dele Alli របស់​ក្រុម Tottenham Hotspur និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ត្រូវ​បាន​ចោរ​ភ្ជង់​នឹង​កាំបិត…

ប្រទេស​អង់គ្លេស ​៖ ខ្សែបម្រើ Dele Alli របស់​ក្រុម Tottenham Hotspur និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ត្រូវ​បាន​ចោរ​ភ្ជង់​នឹង​កាំបិត ព្រមទាំង​បាន​ដាល់​មុខ​ក្នុង​ហេតុការណ៍​ប្លន់​មួយ​នៅ​ឯ​ផ្ទះ​គេ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃ​ពុធ ។

បើ​យោង​តាម​ប្រភព​ពី BBC បាន​ឲ្យ​ដឹង​ថា ចោរ​ដែល​មាន​គ្នា​ពីរ​នាក់​បាន​សម្រុកចូល​ក្នុងផ្ទះ​របស់​កីឡាករ Dele Alli ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍ ដែល​ជា​កន្លែង​រូបគេ​កំពុង​ស្នាក់​នៅ​ជាមួយ​បងប្រុស និង​មិត្ត​ស្រី​រៀងខ្លួន ។ Alli ត្រូវ​បាន​ចោរ​គំរាម​ដោយ​ភ្ជង់​នឹង​កាំបិត និង​បាន​ដាល់​មុខ​រូបគេ​បណ្តាល​ឲ្យ​រង​របួស​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​ចោរ​បាន​ប្លន់​យក​គ្រឿងអលង្ការ រួម​ទាំង​នាឡិកា​ដ៏​មាន​តម្លៃ​មួយ​ចំនួន ។

ក្រោយ​ហេតុការណ៍​នោះ​កើតឡើង ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​រាយការណ៍​ទៅ​មន្ត្រី​ប៉ូលិស និង​បាន​ប្រគល់​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព (CCTV) ផង​ដែរ ។

កីឡាករ Dele Alli បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន នៅ​យប់​ថ្ងៃ​ពុធ​ថា «​សូម​អរគុណ​រាល់​សារ​ដែល​ផ្ញើ​មក​ទាំងអស់​។ វា​ជា​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​ពួក​យើង​មិន​មានរឿង​អ្វី​ទេ​ឥឡូវនេះ​» ។

ដោយឡែក​សេចក្តីថ្លែងការណ៍​មួយ​របស់​ប៉ូ​លី​សបាន​ឲ្យ​ដឹង​ថា «​បុរស​ពីរ​នាក់​បាន​ចូល​ប្លន់​ទ្រព្យសម្បត្តិ និង​បាន​យក​គ្រឿងអលង្ការ​​រួម​ទាំង​នាឡិកា មុន​ពេល​រត់គេច​ខ្លួន​។ ដោយឡែក​ជន​រង​គ្រោះ​ជា​បុរស​​ទាំង​ពីរ​នាក់ បាន​រង​របួស​ផ្ទៃមុខ​បន្តិចបន្តួច បន្ទាប់​ពី​រង​ការ​វាយតប់​ពី​ជនល្មើស ហើយ​ពួក​គេ​បាន​បដិសេធ​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ។ មិន​ទាន់​មានការ​ចាប់ខ្លួន​នរណា​ម្នាក់​នៅឡើយ​ទេ ហើយ​ការ​សាកសួរ​នៅ​តែ​បន្ត​ធ្វើ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ