ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ WHO ថា កូ​វី​ដ​១៩ អាច​នឹង​មិន​បាត់​ទៅ​ណា​ទេ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ផ្នែក​សុខភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត Mike Ryan នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ផ្នែក​សុខភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ អាច​នឹង​មិន​បាត់​ទៅ​ណា​ទេ ហើយ​អាច​នឹង​នៅ​បន្ត​សម្លាប់​មនុស្ស ដូច​ជា​វីរុស​ដទៃ​ទៀត​ដែរ ដែល​កំពុង​មាន​សព្វថ្ងៃ​។

លោក​វេជ្ជបណ្ឌិត Ryan បាន​មាន​ប្រសាសន៍​ថា​៖ «​វីរុស​នេះ អាច​នឹង​ក្លាយទៅជា​វីរុស​ដូច​វីរុស​ផ្សេង​ទៀត​ដែរ នៅ​ក្នុង​សហគមន៍​របស់​យើង ហើយ​វា​នឹង​មិន​បាត់​ទៅ​ណា​ទេ​។ ដូច​ជា​វីរុស​ហ៊ី​វ (HIV) ដែល​បង្ក​ឱ្យទៅ​ជា​ជំងឺអេដស៍​អ៊ីចឹង​ដែរ​។ ខ្ញុំ​មិន​ប្រៀបធៀប​ជំងឺ​ទាំង​ពីរ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់​ដែល​យើង​គិត​តាម​ទិដ្ឋភាព​ជា​ស្តែង​»​។

លោក​បាន​បន្ត​ថា​៖ «​ការ​ចាក់​វ៉ាក់សាំង គឺ​អាច​ការពារ​វីរុស​នេះ​បាន តែ​យើង​ត្រូវ​ប្រាកដ​ថា គ្រប់​គ្នា​សុទ្ធតែ​អាច​ចាក់​វា​បាន ហើយ​វា​ត្រូវ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

ទោះ​យ៉ាងណា​ក្តី អនាគត​នៃ​មេរោគ​ឆ្លង​នេះ មិនមែន​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល មើល​ពន្លឺ​មិនឃើញ​នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Maria Van Kerkhove ដែល​ជា​មន្ត្រី​អេ​ពី​ឌែ​មី​សាស្ត្រ​របស់ WHO​។

លោក​បាន​និយាយ​អំឡុង​ពេល​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​របស់​យើង​។ យើង​ទាំងអស់​គ្នា​ទូ​ទាំង​ពិភពលោក បាន​រួមដៃគ្នា​ធ្វើការ​លើ​បញ្ហា​នេះ​។ ពួក​យើង​បានឃើញ​ប្រទេស​មួយ​ចំនួន​បាន​គ្រប់គ្រង​ជំងឺ​នេះ បាន​ដោយ​ជោគជ័យ​។ យើង​ក៏​ឃើញ​ប្រទេស​ខ្លះ​បាន​ប្រើប្រាស់​វិធានការ​សុខភាព​សាធារណៈ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ ពិភពលោក​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ៤,៤២៨,២៣៨​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៩៨,០៨៣​ករណី និង ករណី​ជា​សះស្បើយ​សរុប ១,៦៥៨,៩៦០​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ