ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាយ ពិសិដ្ឋ ចង់​រស់នៅ​ក្រោម​ដំបូល​ក្លិប​នគរបាល​ជាតិ​រហូត​ដល់​ចូល​និវត្តន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​នគរបាល​ជាតិ​កីឡាករ សាយ ពិសិដ្ឋ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ទ្រនំ​ចាស់​នោះ​ទេ ព្រោះ​មុន​នឹង​លោក​ក្លាយជា​កីឡាករ​អាជីព និង​មានការ​ងារ​ល្អ​ធ្វើ​ដូច​សព្វ​ថ្ងៃនេះក៏​ដោយសារ​លោក​ជួន ណា​រិ​ន…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​នគរបាល​ជាតិ​កីឡាករ សាយ ពិសិដ្ឋ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ទ្រនំ​ចាស់​នោះ​ទេ ព្រោះ​មុន​នឹង​លោក​ក្លាយជា​កីឡាករ​អាជីព និង​មានការ​ងារ​ល្អ​ធ្វើ​ដូច​សព្វ​ថ្ងៃនេះក៏​ដោយសារ​លោក​ជួន ណា​រិ​ន ប្រធាន​ក្លិប​ជា​អ្នក​ជួយ​ជ្រោមជ្រែង​តាំងពី​លោក​ឈាន​ជើង​ចូល​លេង​បាល់ទាត់​ម៉្លេះ​។

សាយ ពិសិដ្ឋ ធ្លាប់​ជាប់​ជា​កីឡាករ​ក្នុង​ក្រុមជម្រើសជាតិ​ដែរ បន្ទាប់​ពី​ធ្វើ​ជា​កីឡាករ​ធម្មតា​ម្នាក់ ។ ប៉ុន្តែ​ដោយសារ​តែ​រូបគេ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​សំណាក់​លោក​ជួន ណា​រិ​ន ប្រធាន​ក្លិប​នគរបាល​ជាតិ​បែប​នេះ​ទើប​ធ្វើ​ឱ្យរូបគេ​គ្មាន​បំណង​ចង់​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លិប​ណាមួយ​ឡើយ ពោល​គឺ​ចង់​បន្ត​លេង​ឱ្យ​ក្លិប​នគរបាល​ជាតិ​រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ ក្រៅពី​ជួយ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ហើយ​លោក​ជួន ណារិ​ន បាន​ជួយ​ដល់​រូបគេ​និង​ប្អូន​របស់​គេ​ឱ្យ​មាន​ក្រប​ខណ្ឌ​សមរម្យ​ទៀត​ផង ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​គេហទំព័រ​CNCC​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ឧសភា កន្លង​មកនេះ ។

ខ្សែការពារ​ដែល​មាន​ប្រភព​មក​ពី​ខេត្តកណ្ដាល​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​រូបគេ​មក​ហាត់​នៅ​ក្លិប​នគរបាល​ជាតិ​បាន​មួយ​ឆ្នាំ​ក៏​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​តែ​ម្ដង ។ អ៊ីចឹង​ហើយ​បានជា​គេ​មិន​ភ្លេចគុណ​មេនោះ​ទេ​ទើប​គេ​មិន​ចង់ទៅ​លេង​ឱ្យ​ក្លិប​ណា​ទៀត​។ លោកឪពុក​របស់​គេ​ក៏​ធ្លាប់​ដាស់តឿន​ដែរ​ថា បើ​ទៅ​លេង​ឱ្យ​ក្លិប​ដទៃ​បាន​ប្រាក់​តម្លៃ​ខ្លួន​លើស​ក្លិប​ចាស់​បន្តិចបន្តួច នៅ​លេង​កន្លែង​ចាស់​ទៅ​ល្អ​ជាង ។

សាយ ពិសិដ្ឋ បាន​រំលឹក​ថា មុន​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ រូបគេ​ធ្លាប់​ត្រូវ​ឪពុក​ម្ដាយ​រារាំង​មិន​ឱ្យ​លេង​បាល់ទាត់​នោះ​ទេ ព្រោះ​គេ​កំពុង​តែ​រៀន​ពូកែ ហើយ​ចង់ឱ្យ​គេ​ផ្ដោត​លើ​ការ​សិក្សា​ច្រើន​ជាង ។ ប៉ុន្តែ​ដោយសារ​តែ​មានចិត្ត​ស្រឡាញ់​និង​ការ​ជម្នះ​ធ្វើ​ឱ្យ​រូបគេ​លួច​ហាត់​រហូត​ដល់​បាន​សម្រេច​បំណង​។

គួរ​រំលឹក​ថា កីឡាករ សាយ ពិសិដ្ឋ ចូល​ហ្វឹកហាត់​ជា​កីឡាករ​ថ្នាល​ដំបូង​នៅ​ក្លិប​ភ្នំពេញ​អ៊ីម​ផាយ​អឺរ​(​ក្លិប​ភ្នំពេញ​ក្រោ​ន​)​មុន​ពេល​រូបគេ​លេង​ជា​លក្ខណៈ​អាជីព​នៅ​ក្លិប​ឆ្លាម​សមុទ្រ​ឆ្នាំ​២០០៨​ហើយ​​ក៏​បាន​មក​ចូល​លេង​នៅ​ក្លិប​នគរបាល​ជាតិ​ក្នុង​ឆ្នាំ​២០១០​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ