ទុរេន​នៅ​ក្បែរផ្លូវ​ទៅ​កាន់​ទឹកធ្លាក់​អូរ​តា​វ៉ៅ នរណា​មិន​ល្បី​ពី​រសជាតិ​នោះ (​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ល្បី​ពី​រសជាតិ​ផ្លែ​ទុរេន​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូង​ពេជ្រ​ដែរ​ថា មាន​រសជាតិ​ផ្អែម និង​ឈ្ងុយ​ឆ្ងាញ់ ដូច្នេះ​នៅ​ពេល​ភ្ញៀវ​ទេសចរណ៍ ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងត្បូង​ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ នឹង​ឃើញ​មាន​ដើម​ទុរេន ដែល​កំពុង​តែ​ផ្លែ​ជិត​ទុំ​អស់​ហើយ ក៏​ត្រូវ​បាន​ម្ចាស់​បេះ​លក់​ឱ្យ​ម៉ូយ និង​ភ្ញៀវ​ទេសចរណ៍ ជា​បណ្តើរ​ៗ ដោយ​គេ​ទិញ​យក​ទៅ​ទទួល​ជួបជុំ​គ្រួសារ​គ្រប់​ៗ​គ្នា​ផង​ដែរ ។

ជួប​ជាមួយនឹង​ភ្នាក់ងារ​សារព័ត៌មាន​យើង កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ បុរស​ម្នាក់​ឈ្មោះ ផា​ន់ រក្សា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា រូបគេ​បាន​ដាំ​ដំណាំ​ទុរេន​ប្រភេទ «​ម៉ា​ន់​ថង​» ជាង​១០០០​ដើម អស់​រយ​:​ពេ ល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏​ទទួល​បាន​ផល ជា​រៀង​រាល់​ឆ្នាំ​ដែរ ដោយ​បាន​ដាំ​ក្នុង​ចម្ការ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជាង​៦០០​ដើម និង​ដាំ​នៅ​ក្នុង​ចម្ការ​ផ្លូវ​ឆ្ពោះទៅ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ក្រុងប៉ៃលិន ជាង​៥០០​ដើម​ដែរ ។

ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ រូបគេ​ទើបតែ​ប្រមូល​ផល​ផ្លែ​ទុរេន បាន​ជាង​១២០០​គីឡូក្រាម​ប៉ុណ្ណោះ ហើយនឹង​ប្រមូល​ជា​បន្តបន្ទាប់ ដោយ​លក់​ក្នុង​១​គីឡូក្រាម តម្លៃ​២៣០០០​រៀល (​បោះ​ដុំ​) និង​១​គីឡូក្រាម​តម្លៃ​២៨០០០​រៀល (​លក់រាយ​) ។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន មាន​ម៉ូយ​កម្ម​ង់​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។ តែ​ក៏​មានការ​បញ្ចុះតម្លៃ​បន្តិច​បន្តួច បើសិនជា​ផ្លែ​ទុរេន កាន់តែ​សម្បូរ​នៅ​តាម​ចម្ការ​នីមួយ​ៗ ខណ​:​កសិករ​កំពុង​នាំ​គ្នា​ប្រមូល​ផល​គ្រប់​ៗ​គ្នា​ផង​ដែរ ។ ចំពោះ​ការ​ថែទាំ​ក៏​មិន​ខុស​ពី​ដាំំ​ហូប​ផ្លែ​មួយ​ចំនួន​ដែរ គឺ​ត្រូវការ​យក​ចិត្តទុកដាក់ និង​ព្យាយាម​រហូត ជា​ពិសេស​បូមទឹក​ស្រោច​គល់ ខណ​:​ពេល​ទុរេន​កំពុង​ចេញ​ផ្កា​ក្តិប ។

ចំណែក​ការ​បណ្តុះ​កូន​ធុ​រេ​ន​លក់ ដោយ​ក្នុង​១​ឆ្នាំ​បណ្តុះ​កូន​បាន​ជាង​៨០០០០​ដើម ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​ត្រឹម តែ​៦០០​ទៅ​៧០០​ដើម​ប៉ុណ្ណោះ ដោយ​គេ​កម្ម​ង់​ទិញ​អស់ហើយ ក្នុង​១​ដើម​លក់​ចាប់ពី​៤៥០០​រៀល ទៅ​១២០០០​រៀល ។ លោក​ក៏​នាំ​កូន​ទុរេន​ល្អ ឈ្មោះ (​សាំង​ឃី​ង​) ពី​ប្រទេស​ថៃ ចូល​មក​ដាំ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដោយ​១​ដើម​ទិញ​តម្លៃ​១០​ដុល្លារ រីឯ​ផ្លែ​វា​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍ ពិតជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែ​ទុរេន ទោះបីជា​កសិករ​ដាំ​បាន​ច្រើន​ប៉ុណ្ណា ក៏​គេ​ទិញ​យក​ទៅ​អស់ពី​ចម្ការ គ្មាន​សល់​នោះ​ឡើយ ហើយ​ក៏​មាន​កសិករ​រស់នៅ​ខេត្ត​ប៉ៃលិន ជា​ច្រើន​កំពុង​នាំ​គ្នា​ដាំ​ទុរេន​នៅ​លើ​ដីចម្ការ​របស់​ខ្លួន រាប់រយ​រាប់​ពាន់​ដើម​ឯណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កសិកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ