ខេត្តព្រះសីហនុ ៖ យោងតាមលោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឱ្យកោះសន្តិភាពដឹងថា ករណីឆេះយ៉ាងសន្ធោសន្ធៅនេះ គឺមុនកើតហេតុឃើញមានរថយន្តរបស់ក្រុមហ៊ុនលក់ចែកចាយប្រេងផ្តាច់មុខដែលមានទីតាំងស្តុកប្រេងដ៏ធំនៅស្រុកស្ទឹងហាវ បានដឹកប្រេងសាំងនេះទៅបូមផ្ទេរឱ្យម្ចាស់តូបដែលជាកន្លែងកើតហេតុ ហើយខណៈកំពុងបូមប្រេងសាំងចេញ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងខ្លាំងនិងសន្ធោសន្ធៅទៅហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើងបែបនេះ ។ តែយ៉ាងណា នៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ដោយកំពុងស្រាវជ្រាវបន្ត។
ប្រភពបន្តថា ភ្លាមៗនោះ មានខាងរថយន្តបង្ការនិងពន្លត់អគ្គិភ័យនៃអធិការនគរបាលស្រុកស្ទឹងហាវ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង និងរថយន្តបង្ការនិងពន្លត់អគ្គីភ័យឯករបស់ក្រុមហ៊ុនប្រេងចំនួន២ក្រុមហ៊ុនផ្សេងគ្នា មកបាញ់ពន្លត់សរុបអស់ចំនួន៧រថយន្ត អស់រយៈពេលជាងមួយម៉ោងទើបគ្រប់គ្រងភ្លឿងបានជាស្ថារពរ ដោយមិនមានឆ្លងឆេះរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងនោះទេ ។
សូមរំលឹកថា កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៣ ឧសភា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទីតាំងលក់សាំងមួយ ជាតូបរបស់ឈ្មោះហ៊ា អឹម ដែលមានទីតាំងនៅតាមបណ្តោយតិរវិថី សម្តេចហ៊ុន សែន ត្រង់ចំណុចប្រមាណជា២០០ម៉ែត្រពី រង្វង់មូលស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពពីលោកវរសេនីយ៍ឯក រស់ កី បានបញ្ជាក់បន្ថែមឲ្យដឹងជាចុងក្រោយថា នៅក្នុងហេតុការអគ្គិភ័យនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិតមនុស្សទេ ។
ចែករំលែកព័តមាននេះ