ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូ​វី​ដ​-១៩ ​មិន​ទាន់​ចប់​នៅឡើយ​ទេលើពិភពលោក ដូច្នេះ​ប្រជាជន​កុំធ្វេសប្រហែស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​កម្ពុជា​លោកស្រី Li Ailan បាន​ព្រមាន​ថា​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​បិទ​ប្រទេស​ឬ​បិទ​តំបន់​បើ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ធ្វេសប្រហែស ដោយ​ធ្វើការ​ជួបជុំ​គ្នា​ច្រើន ហើយ​អាជីវកម្ម​ផ្សេង​ៗ​បន្តសកម្មភាព​ធម្មតា ដោយ​ពុំ​មាន​វិធាន​ការណ៍​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​វីរុស​ឆ្លងកូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​កម្ពុជា​លោកស្រី Li Ailan បាន​ព្រមាន​ថា​កម្ពុជា​អាច​ប្រឈម​មុខ​នឹង​ការ​បិទ​ប្រទេស​ឬ​បិទ​តំបន់​បើ​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ធ្វេសប្រហែស ដោយ​ធ្វើការ​ជួបជុំ​គ្នា​ច្រើន ហើយ​អាជីវកម្ម​ផ្សេង​ៗ​បន្តសកម្មភាព​ធម្មតា ដោយ​ពុំ​មាន​វិធាន​ការណ៍​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​វីរុស​ឆ្លង
កូ​វី​ដ​-១៩ ។

លោកស្រី​បាន​បញ្ជាក់​ថា ​ដូច​អ្វី​ដែល​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ គឺ​មិន​ទាន់​ចប់​នៅឡើយ​ទេ ដរាបណា​នៅ​មាន​ករណី​ថ្មី​នៅ​ប្រទេស​ផ្សេង​និង​តំបន់​ផ្សេង​ៗ​ក្នុង​ពិភពលោក ដូច្នេះ​បញ្ហា​នេះ​គឺ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រទេស​កម្ពុជា​ដដែល​។

លោកស្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ដោយសារ​តែ​យើង​មិន​អាច​ទាយ​ទុក​បាន​ជាក់លាក់​ទេ​សម្រាប់​ការ​វិវត្តន៍​របស់​មេរោគ​ហ្នឹង ការ​ផ្ទុះ​រាតត្បាត ជា​ពិសេស​ការ​ប្រឈម​ទៅ​នឹង​រលក​ទី​២ នៃ​ការ​ផ្ទុះ​រាតត្បាត​នេះ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​គឺ​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​កើតឡើង​ដែល​យើង​អាច​ប្រឈម » ។

លោកស្រី​បាន​បន្ត​ថា​ឆ្លៀតឱកាស​នៃ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​លោកស្រី​បាន​លើក​ឡើង​នូវ​ចំណុច​៣​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​និង​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​កើតឡើង​នូវ​រលក​ទី​២ នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​អាច​កើត​មាន ឬ​វិល​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី ។ ក្នុង​នោះ​ចំណុច​ទី​១ គឺ​យើង​ត្រូវ​តែ​នៅ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ជាប់​ជា​និច្ច កុំ​មានការ​ធ្វេសប្រហែស​, ចំណុច​ទី​២ គឺ​ត្រូវ​តែ​ធ្វើ​ជា​ជើងឯក​នៃ​របៀប​រស់​ប្រចាំ​ថ្មី​មួយ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ពី​ការ​ឆ្លង​វីរុស​នេះ និង​ចំណុច​ទី ៣ ត្រូវ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នេះ ។

លោកស្រី Li Ailan បាន​បញ្ជាក់​ថា «​មេរោគ​វា​មាន​ភាព​ឆ្លាត​ជួនកាល​ឆ្លាត​ជាង​យើង​ទៅ​ទៀត ដូច្នេះ ត្រូវ​រក្សា​នូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អ​ញ្ចឹ​ង​បើ​យើង​ធ្វេស​ប្រហែល​ដោយ​មើលឃើញ​ថា​ស្ថាន​ភាពល្អ​ស្រួល​ជាង​មុន នោះ​មេរោគ​នឹង​វាយប្រហារ​យើង​បាន​គ្រប់ពេល​» ។ ដូច្នេះ​ចំនុច​ទី​២ គឺ​សំខាន់​បំផុត​ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​ឆ្លង​កូ​វី​ដ​-១៩ ព្រោះ​មេរោគ​ឆ្លង​មួយ​នេះ​បាន​ផ្លាស់​ប្តូរ​ពិភពលោក​និង​សង្គម​របស់​យើង ដូច្នេះ​យើង​ត្រូវ​ផ្លាស់​ប្តូរ​នូវ​ឥរិយា​បទ​មួយ​ចំនួន តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​រស់នៅ ទម្លាប់​នៃ​ការ​ធ្វើ​ដំណើរ ទម្លាប់​នៃ​ការ​សិក្សា និង​ទម្លាប់​នៃ​ការ​ធ្វើការ ដូច្នេះ​រាល់​អាជីវកម្ម​មិន​គួរ​ងាក​មក​ធ្វើ​ដំណើរការ​ធម្មតា​ដូច​ពេល​មុន​ពេល​ដែល​គ្មាន កូ​វី​ដ​-១៩ នោះ​ឡើយ ។ ដែល​ត្រង់នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ និង​វិធាន​ការណ៍​ចាំបាច់​ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​នេះ ។

តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​បន្ថែម​ថា «​យើង​ម្នាក់​ៗ​នៅ​ពេល​ស្ថានភាព​ធូរស្បើយ​យើង​តែង​ចង់​វិល​ទៅ​កាន់​ស្ថានភាព​ធម្មតា​វិញ តែ​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​យើង​អំពាវនាវ​ឲ្យ​បងប្អូន​ពិចារណា​ថា​មុន​នឹង​វិល​ទៅ​រក​សកម្មភាព​ធម្មតា​វិញ ឧទាហរណ៍​ការ​បើក​ឡើង​វិញ​នូវ​ជំនួញ​ផ្សេង​ៗ​ឲ្យ​ធម្មតា​វិញ​នោះ​តោង​ត្រូវ​យល់​ថា រាល់​បុគ្គល​ម្នាក់​ៗ​និង​ស្ថាប័ន​នីមួយ​ៗ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ប្រកាន់ខ្ជាប់​នូវ​អ្វីមួយ​ដែល​តោងការ​ពារ​ខ្លួន​អ្នក ដូច្នេះ​បើ​មិន​ច្បាស់លាស់​ទេ ចូរ​កុំ​ទាន់​វិល​ទៅ​រក​ស្ថានភាព​ធម្មតា
វិញ​» ។

លោកស្រី Li Ailan បាន​បញ្ជាក់ «​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​ចុង​ក្រោយ​នេះ​គឺថា ខ្ញុំ​សូម​និយាយ​ថា​យើង (​កម្ពុជា​) ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​សម្រាប់​ការ​ឆ្លើយ​តប​ក្នុង​ករណី​មានការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ណាមួយ ដូច​យើង​បាន​សង្កេត​ឃើញ​ថា​កម្ពុជា​បាន​ធ្វើការ​ឆ្លើយ​តប​បាន​យ៉ាង​ល្អ​សម្រាប់​រយៈពេល ៣ ខែ​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើសិនជា​មានការ​កើតឡើង ឬ​ផ្ទុះ​ទ្រង់ទ្រាយ​ធំ នោះ​ជា​ការ​បារម្ភ​របស់​យើង​» ។

លោកស្រី​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្លះ​ហាក់ដូចជា​ប្រញាប់ប្រញាល​ក្នុង​ការ​បើក​ឡើង​វិញ​នូវ​អាជីវកម្ម​របស់​ខ្លួន ក្រោយ​ពី​ការ​រក​មិន​មាន​ករណី​ឆ្លង​ថ្មី​រយៈពេល​ជិត ១ ខែ​នេះ ដូច្នេះ​អង្គការ​សុខភាព​ពិភពលោក​សូម​ជម្រុញ​គ្រប់​ប្រទេស​ទាំងអស់ រួម​ទាំ​ប្រទេស​កម្ពុជា​ផង​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

គូរ​តែ​បើក​ឡើង​វិញ​នូវ​អាជីវកម្ម​ផ្សេង​ៗ​ដោយ​សន្សឹម​ៗ​កុំ​បើក​ឡើង​វិញ​ជា​គំហុក​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន នោះ​យើង​អាច​ប្រឈម​ក្នុង​ការ​បិទ​តំបន់​ណាមួយ ឬ​បិទ​ប្រទេស​កម្ពុជា​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ