រាជធានីភ្នំពេញ ៖ ទីបំផុតអ្នកលេងកណ្ដាប់ដៃឆ្វេងរឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍បានបំបាក់អ្នកលេងស្នៀតជង្គង់នី សុភី មកពីក្លិបកុលបុត្រគុនខ្មែរឱ្យចាញ់ពិន្ទុទាំងមិនអស់ចិត្តក្នុង
ជំនួបសងសឹកកាលពីថ្ងៃទី១០ ឧសភា នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី។
រវាងរឿង សោភ័ណ្ឌ និងនី សុភី ធ្លាប់ប៉ះគ្នាចំនួន២លើករួចមកហើយ ដោយមានចាញ់ឈ្នះគ្នាទៅវិញទៅមក ។ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះអ្នកប្រដាល់ដែលមានរហស្សនាមខ្លាកន្ដឿ រឿង សោភ័ណ្ឌ បានធ្វើឱ្យនី សុភី ខកចិត្តយ៉ាងខ្លាំង ។ ខកចិត្តដោយសារមុនពេលប្រកួតនី សុភា បង្ហាញជំនឿចិត្តយ៉ាងច្រើនថានឹងអាចយកឈ្នះរឿង សោភ័ណ្ឌបានដោយស្រួលទៀតផង ។
ទោះជាយ៉ាងណាសម្រាប់ការប្រកួតនៅក្នុងទឹកទី១និងទី២ រឿង សោភ័ណ្ឌមិនសូវហ៊ានចូលកៀក នី សុភី នោះទេព្រោះអីរាល់ពេលចូលកៀកម្ដងៗត្រូវនី សុភី ធាក់ចេញជាញឹកញាប់ ។ ប៉ុន្តែនៅពេលទទួលបានឱកាសចូលកៀក ម្ដងៗ រឿង សោភ័ណ្ឌ បានបញ្ជូនស្នៀតកណ្ដាប់ដៃម៉ាត់ទៅលើផ្ទៃមុខគូប្រកួតចូលពេញៗធ្វើឱ្យនី សុភី ចាប់ផ្ដើមថមថយកម្លាំងស៊ុហ្វជាបណ្ដើរៗ។ ការប្រកួត៤ទឹកកន្លងមក កីឡាករទាំងពីរមានឱកាសវាយចេញប្រហាក់ប្រហែលគ្នា ប៉ុន្តែនី សុភី ចាញ់ប្រៀបកម្លាំងរឿង សោភ័ណ្ឌបន្តិចនៅចុងទឹកទី៥ុធ្វើឱ្យគេចាញ់ពិន្ទុទាំងមិនអស់ចិត្ត។
ចំណែកគូប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់វិញនោះកីឡាករ សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែក និងកីឡាករ សេក គឹមរួន មកពីក្លិបមកុដរាជសីហ៍ បានបាត់បង់ឱកាសឡើងទៅប្រកួតវគ្គបន្តដូចគ្នា បន្ទាប់ពីប្រកួតចាញ់ពិន្ទុគូប្រកួតរៀងៗខ្លួន ។ កីឡាករ សូត្រ វាសនា ប្រកួតចាញ់ពិន្ទុកីឡាករ អេ ណារ័ត្ន មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ខណៈកីឡាករ សេក គឹមរួន ប្រកួតចាញ់ពិន្ទុកីឡាករឡុង បេនលឿន មកពីក្លិបសាលវ័ន្តកីឡា។
តាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួត អ្នកដែលឈ្នះនៅក្នុងវគ្គនេះនឹងមានឱកាសឡើងទៅប្រកួតនៅវគ្គបន្តដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដែលមានរង្វាន់ម៉ូតូ Zoomer X១រង្វាន់ និងទឹកប្រាក់៥០០ដុល្លារ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ