ខេត្តកំពត ៖ ៣សប្តាហ៍ចាប់ពីពាក់កណ្តាលខែមេសា រហូតមកដល់សប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២០នេះ គេសង្កេតឃើញភ្ញៀវទេសចរជាតិដែលមកពីបណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេស បានធ្វើដំណើរមកលេងកំសាន្តជាលក្ខណៈគ្រួសារនៅក្នុងខេត្តកំពត។
ហើយការមកលេងកំសាន្តរបស់ភ្ញៀវទេសចរនេះផងដែរ ពេលចូលដល់ទឹកដីខេត្តកំពត ជាទឹកដីដែលមានសក្តានុពលផ្នែកទេសចរណ៍នេះ បងប្អូនតែងតែធ្វើដំណើរចូលលេងកំសាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិនានា ដូចជារមណីដ្ឋានធម្មជាតិទឹកឈូ កោះតាដា ដូងទេរ ឆ្នេរឋានសួគ៌ ជាដើម។
នៅក្នុងតំបន់រមណីឋានទាំងអស់ខាងលើនេះ សំរាប់ចំណីអាហារតម្រូវការហូបចុករបស់ភ្ញៀវ គឺមានគ្រប់មុខ ដូចជាត្រីទឹកសាប គ្រឿងសមុទ្រគ្រប់មុខ សាច់មាន់ សាច់ទា និងផ្លែឈើគ្រប់មុខដូចជាទុរេន មង្ឃុត សាវម៉ាវ និងភ្ញៀវជាដើម។ល។ ហើយម្ហូបអាហារទាំងនេះ តម្លៃសេវាសមរម្យ តាមការណែនាំរបស់លោកអភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តដែលបានធ្វើការណែនាំដល់បងប្អូនម្ចាស់រមណីយ៍ដ្ឋាន ក៏ដូចបងប្អូនអ្នកលក់ដូរនៅតាមតំបន់រមណីយ៍ដ្ឋាននានាទាំងអស់ កុំឲ្យមានការលក់ថ្លៃហួសហេតុ និងតាមតែអំពើចិត្តឲ្យសោះ ដើម្បីទាក់ទាញភ្ញៀវឲ្យចូលមកលេងកំសាន្តទៅថ្ងៃខាងមុខកាន់តែច្រើន ។
បើតាមក្រុមអាជីវករលក់ម្ហូបអាហារនៅរមណីយ៍ឋានទឹកឈូ ទាំង៣នាក់បានឲ្យដឹងថា តាំងពីមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់រមណីយដ្ឋានទឹកឈូ ក៏ដូចនៅតំបន់កំសាន្តនានាក្នុងស្រុកទឹកឈូនេះដែរ គឺគ្មានភ្ញៀវទេសចរណាម្នាក់មកលេងកំសាន្តនោះទេ សូម្បីតែភ្ញៀវក្នុងខេត្តកំពតខ្លួនឯងក៏មិនហ៊ានមកលេងកំសាន្តនៅតំបន់នេះដែរ ដោយសារបងប្អូនមានការភ័យខ្លាចពីការឆ្លងនៃមេរោគថ្មីនេះ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ។
អ្នកលក់ដូរទាំង៣នាក់ខាងលើបានឲ្យដឹងទៀតថា បន្ទាប់ពីបុណ្យចូលឆ្នាំរួច រាជរដ្ឋាភិបាលបានបើកចរាចរណ៍ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបាន ពេលនោះចាប់ពីពាក់កណ្តាលខែមេសា រហូតមកដល់ដើមខែឧសភានេះ ភ្ញៀវបានចូលមកលេងតំបន់រមណីយដ្ឋានទឹកឈូ ដូងទេរ និងឆ្នេរឋានសួគ៌ យ៉ាងច្រើនកុះករនាពេលនេះ ។
ប៉ុន្តែអ្វីដែលធ្វើឲ្យភ្ញៀវមានការចាប់អារម្មណ៍ និងមានមតិរិះគន់នោះ គឺនៅតំបន់រមណីយដ្ឋានធម្មជាតិទឹកឈូ តាំងពីអាជ្ញាធរខេត្តសំណូមពរឲ្យឈប់ដាក់កុងត្រូលយកលុយពីភ្ញៀវដែលធ្វើចរាចរទៅលេងកំសាន្ត ដោយជិះរថយន្តនោះរួចមក គេពិនិត្យឃើញថា ការរៀបចំសំអាតអនាម័យនៅតំបន់រមណីយនេះហាក់ដូចជាពុំបានល្អនោះទេ ហើយគេឃើញមានការចោលសំរាមនៅក្បែរមាត់ជ្រោះ បណ្តាលឲ្យកើតជារុយស្ទើរតែគ្រប់កន្លែងភ្ញៀវអង្គុយលេងផងដែរ ។
តែដោយឡែកដូចជានៅរមណីយដ្ឋានដូងទេ, រមណីឋានឆ្នេរឋានសួគ៌ មានការរៀបចំទទួលភ្ញៀវបានយ៉ាងស្អាត និងមានអនាម័យល្អផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)