ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​២​នាក់​បងប្អូន​​ព្រួត​គ្នាវាយស្ត្រីចំណាស់​ម្នាក់ក្នុងផ្សារ​ ​ត្រូវតុលាការ​សម្រេចហើយ​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់…

ខេត្តកណ្តាល ៖ លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ​បន្ទាប់ពី​ជនសង្ស័យទាំង២នាក់​​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ បណ្តាល​ឱ្យ​រង​របួស ដោយសារខឹង​ជន​រង​គ្រោះ​​មក​ទារ​លុយ​ដែល​ខ្លួន​ជំពាក់ ដែលសកម្មភាពវាយជនរងគ្រោះ​បាន​​ប្រព្រឹត្ត​នៅ​ក្នុង​ផ្សារ​កំពង់កន្ទួត ស្ថិត​ក្នុង​ភូមិ​ស្វាយមីង​ ឃុំបារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០ ។

ជន​រង​គ្រោះ​ឈ្មោះ ញឹ​ម ប៉ាច ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច សង្កាត់ ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ​សោម ចាន់​លី​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​មុខរបរ​លក់​បាយ មាន​ទីលំនៅ​ភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ​សោម ចាន់​រី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​បាយ មាន​ទីលំនៅ​ភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​រំលឹក​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ផ្សារ​កំពង់កន្ទួត​ដើម្បី​ទិញ​ម្ហូបអាហារ និង​ទារ​លុយ​ពី​ជនសង្ស័យ​ឈ្មោះ​សោម ចាន់​រី ដែល​ជំពាក់​លុយ​ខ្លួន​ចំនួន​២០០​ដុល្លារ លុះ​ពេល​ទារ​លុយ​នោះ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ជនសង្ស័យ​បាន​ហៅ​ជន​រង​គ្រោះ​ដែល​មាន​អាយុ​ច្រើន​ជាង​ថា «​ហ្អែ​ង​ៗ» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ សោម ចាន់​លី​ន ជា​ប្អូនបង្កើត​របស់​ឈ្មោះ​សោម ចាន់​រី ដែល​នៅ​ក្បែរ​នោះ​ដែរ​បាន​យក​កាំបិត​បុ័ងតោ​វាយ​ទៅ​លើ​តុ​ឈើ​លាន់ឮ​ផាំង​ៗ រួច​រុញ​ទ្រូង​ជន​រង​គ្រោះ​ឲ្យ​ចេញពី​កន្លែង​ជនសង្ស័យ​លក់​នំ​បញ្ចុក​និង​បាយ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ​សោម ចាន់​លី​ន បាន​ជេរ​បញ្ចោរ និង​យក​កាំបិត​បុ័ងតោ​ខាងលើ​មក​ជន្លរ​កកាប់​ក្បាល​ជន​រង​គ្រោះ​ថែម​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​ឈ្មោះ សោម ចាន់​រី បាន​ស្ទុះ​មក​ចាប់​ក្របួច​អាវ​ជន​រង​គ្រោះ​ពីមុខ​បោក​ទៅ​លើ​ផ្លូវ​បេតុង​បណ្តាល​ឲ្យ​ដាច់​ឡេវអាវ​ចំនួន​២ និង​ដាច់​ខ្សែបូ​ចង​អាវ និង​បាន​ក្រញៅ​មាត់​និង​ចិញ្ចើម​ខាងស្តាំ បណ្តាល​ឲ្យ​ដាច់​រលាត់ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារគូ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​សោម ចាន់​រី បាន​រត់​ដេញ​តាម​វាយ​ជន​រង​គ្រោះ​បន្ត​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ