រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩


ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ក្នុងស្រុក​កំពង់សៀម ជា​តំបន់​មួយ​មានការ​ទាក់​ទេ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​លេង​រៀងរាល់ថ្ងៃ ។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧសភា ២០២០ នៅ​លើ​ភ្នំ​ហាន់ជ័យ មាន​សភាព​ស្ងប់ស្ងាត់ សូ​ម្បី​តែ​អ្នក​លក់ដូរ​ម្នាក់​ក៏​មិន​មាន​លក់ កតា្ត​នេះ​ដោយសារ​ម្នាក់​ៗ​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩ ។

អ្នកលក់​ពង​ទា​អាំង​ឈ្មោះ ស៊ីនួន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ខាងលើ​រូបគេ​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ចេញពី​ភូមិ​របស់​ខ្លួន ដើម្បី​ឆ្ពោះទៅ​កាន់​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​បាន​ឈៀង​ឡើង​មក​លេង​លើ​ភ្នំ​ហាន់ជ័យ នេះ​ជា​លើក​ទី​៥​ហើយ ឃើញ​ថា បរិយាកាស​នៅ​លើ​ភ្នំ​ស្រឡះ​ល្អ ។

បុរស​លក់​ពង​ទា​អាវ​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​មក​ដល់​លើ​ភ្នំ​មិនឃើញ​មាន​វត្តមាន​អ្នកលក់​ដូរ​ណា​ម្នាក់​នោះ​ទេ ដោយ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​លើក​មុន ដែល​ពេល​មក​លេង​ម្ដង​ៗ​ឃើញ​អ្នក​លក់ដូរ​ជា​ច្រើន​នាក់ រួម​ទាំង​ភ្ញៀវ​ទេសចរ​មក​លេង​មាន​មិន​ដាច់​នោះ​ទេ ។

ចំពោះ​បញ្ហា​ដែល​មើល​ភ្នំ​ដែល​មាន​សភាព​ស្ងប់ស្ងាត់​បែប​នេះ រូបគេ​យល់​ថា អាច​មក​ពី​ប្រជាពលរដ្ឋ​នៅ​តែ​មានការ​ខ្លាច​ជំងឺ​កូ​វី​ដ​-១៩ ទេ មិន​ហ៊ាន​មក​លេង​សម្រាប់​ក្រុម​គ្រួសារ​របស់​គេ​ផ្ទាល់​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ដោយ​រាល់ថ្ងៃ​តែងតែ​ប្រើប្រាស់​អាល់កុល​លាងដៃ​និង​ពាក់​ម៉ាស់ នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន ។

លោកស្រី សុ​ភ័​ក្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ប្រាប់ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ ឧសភា​ថា មុន​ពេល​ជំងឺ​កូ​វី​ដ​បាន​ផ្ទុះ​ឡើង ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចេញ​លិខិត​ណែនាំ​ទៅ​ដល់​អ្នកគ្រប់គ្រង​សាសនា​ក្នុង​នោះ​រួម​មាន ព្រះពុទ្ធ អ៊ី​ស្លា​ម​និ ង​គ្រិ​ស្ទ​សាសនា ឲ្យ​ផ្អាក​សកម្ម ភាព​ជួបជុំ​ការ​ថ្វាយបង្គំ​ព្រះ​នៅ​តាម​ព្រះ​វិហារ​នីមួយ​ៗ ដើម្បី​ជៀសវាង​កុំអោយ​ឆ្លង​ជំងឺ​ជា យថាហេតុ​ណាមួយ​។

លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ប្រាប់​បន្ត​ថា មាន​ព្រះ​ចៅអធិការ​វត្ត​ចំនួន​៤០​វត្ត បាន​ដាក់​សំណើរ​មក​ធម្មការ​ខេត្ត ដើម្បី​សុំ​រៀបចំ​បុណ្យ​កាន់​អង្គ​ឆ្លង​សមិទ្ធផល​នានា ។ តែ​គំរោងការ​ទាំងនេះ​ត្រូវ​បាន​លុប​ចោល​វិញ​ទាំងអស់ ។

ចំពោះ​វត្ត​ភ្នំ​ហាន់ជ័យ ដែល​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​យល់​ដឹង​គ្រប់​ៗ​គ្នា ដោយ​មិន​ហ៊ាន​មក​លេង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ហើយ​ព្រះ​ចៅអធិការ​វត្ត​ក៏​បាន​ស្ដាប់​តាម​ការ​ណែនាំ ដោយនៅ​ថ្ងៃសីល​មិន​ឲ្យ​មានការ​ជួបជុំ​ថ្វាយបង្គំ​ព្រះ​នៅ​វត្ត​នោះ​ទេ ។ ជំនឿ​សាសនា​នៅ​តែ​មាន​ដដែល​ដោយ​តម្រូវ​ឲ្យ​ចាស់​ៗ​ថ្វាយ បង្គំ​ព្រះ​នៅ​តាម​ផ្ទះ​រាង​ៗ​ខ្លួន ។

ព្រះ​គ្រូ​ប៊​ត តាំង​ឆេ​ង ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ហាន់ជ័យ និង​ជា​ព្រះ​មេគណៈ​ខេត្ត មាន​ថេរ​ដិ​កា​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​នៅ​ក្នុង​ទី​អារាម​ដែល​មាន​សភាព​ស្ងប់ស្ងាត់​នេះ ដោយសារ​ព្រះ អង្គ​បាន​បិទ​មិន​ឲ្យ​មានការ​លក់ដូរ​នៅ​ក្នុង​ទីធ្លា​វត្ត​មួយ​រយៈ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​ពី​ភ្ញៀវ​ទេសចរ​មក​អ្នកលក់ និង​ចម្លង​បន្ត​មក​ព្រះសង្ឃ ។ មក​ដល់​ពេល​នេះ​ព្រះសង្ឃ​គង់នៅ​លើ​វត្ត​ភ្នំ​ហាន់ជ័យ​មាន​ព្រះ​សុខភាព​ល្អជា​ធម្មតា ហើយ​ព្រះ​អង្គ​នឹង​រក្សា​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ជា​បន្ត​ទៀត​ដើម្បី​សុវត្ថិភាព ៕

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ