ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បំ​បុក​ទូក​ដឹក​ភ្ញៀវ​ចេញពី​ហូប​ការ​នៅ​កណ្ដាលទន្លេ ​បាត់ខ្លួន​មនុស្ស​​៣​នាក់

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទូក​អូស​យ៉ាង​កាវ​១​គ្រឿង​បាន​បើក​បំ​បុក​ទូក​ដឹក​ភ្ញៀវ​ចេញពី​ហូប​ការ​នៅ​កណ្ដាល​ទន្លេមេគង្គ​ ត្រង់​ចំណុច​ឃុំ​រំចេក​ និង​ឃុំ​កោះសំរោង ស្ថិត​ក្នុង​ស្រុក​កំពង់​សៀម​​ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១០ ឧសភា ២០២០ បណ្ដាល​ឱ្យ​លិច​ទូក​បាត់​…

ខេត្តកំពង់ចាម ៖ ទូក​អូស​យ៉ាង​កាវ​១​គ្រឿង​បាន​បើក​បំ​បុក​ទូក​ដឹក​ភ្ញៀវ​ចេញពី​ហូប​ការ​នៅ​កណ្ដាល​ទន្លេមេគង្គ​ ត្រង់​ចំណុច​ឃុំ​រំចេក​ និង​ឃុំ​កោះសំរោង ស្ថិត​ក្នុង​ស្រុក​កំពង់​សៀម​​ កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១០ ឧសភា ២០២០ បណ្ដាល​ឱ្យ​លិច​ទូក​បាត់​ ក្នុង​នោះ​មនុស្ស​៧​នាក់​បាន​ហែល​រួច​ និង​បាត់​ខ្លួន​​ចំនួន​៣​នាក់​ ចំណែក​ទូក​បង្ក​បាន​បើក​គេច​​បាត់​ស្រ​មោល លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី១១​ ឧសភា បាន​រក​​ឃើញសពជន​រងគ្រោះម្នាក់​​​អណ្តែត​​នៅ​ចំណុច​ឃុំ​រអាង ស្រុក​កំពង់សៀម ​​ខណៈជនរងគ្រោះ​ចំនួន២នាក់ទៀតដែលបាត់ខ្លួនរួមជាមួយទូកដែលលិចបាត់ នៅមិនទាន់រកឃើញនៅឡើយទេ ។​

តាម​ប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ចំនួន​៣​នាក់​​ដែល​បាត់បង់ជីវិត​នោះ​រួម​មាន​ ១-ឈ្មោះ​​រិ​ន ជា ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ២-​ឈ្មោះ​ធី​ម ឋាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​៣-​ឈ្មោះ​ឡា​ង ម៉េ​ង​ហ៊​ត់​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទី​២ ឃុំ​កោះសំរោង ។​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសំរោង​បាន​នាំ​គ្នា​មក​ចូលរួម​មង្គលការ​គេ​នៅ​ឃុំ​រំចេក ស្រុក​កំពង់សៀម​ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​១០ ​ឧសភា​ លុះដល់​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃ​ដដែល​ក៏​បាន​នាំ​គ្នា​ជិះទូក​ម៉ាស៊ីន​មួយ​គ្រឿង ដើម្បី​ឆ្លងទន្លេ​ទៅ​កាន់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​វិញ ស្រាប់​តែ​បាន​ត្រឹម​ពាក់កណ្ដាល​ទន្លេ​ ​ក៏​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​តែម្តង ។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា​ មុន​នឹង​ហេតុការណ៍​បែបនេះ​កើតឡើង​ គេ​បានឃើញ​ក្រុម​អ្នក​រង​គ្រោះ​ដែល​កំពុង​ជិះទូក​ម៉ាស៊ីន​មួយ​គ្រឿង​ត្រូវ​បាន​ទូក​អូស​យ៉ាង​កាវ​មួយ​គ្រឿង​បញ្ចាំង​ភ្លើង​ហ្វា​ដាក់​​រួច​ក៏​បាន​បើក​មក​បំ​បុក​ទូក​ក្រុម​អ្នក​រង​គ្រោះជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ទូក​បាត់​នៅ​កណ្តាលទន្លេនា​ពេល​យប់​ កើតហេតុ​នោះ​ ​ហើយ​​បាត់​ខ្លួន​មនុស្ស​ចំនួន​៣​នាក់​ ដែល​គេ​សន្និដ្ឋាន​ថា​បាន​​បាត់បង់ជីវិត​ដោយ​សារ​លង់ទឹក​ទន្លេ​ ចំណែក​មនុស្ស​៧​នាក់​​ផ្សេង​ទៀត​​បានរួចផុតពីគ្រោះថ្នាក់ ព្រោះ​​ចេះ​ហែល​ទឹក​មក​ច្រាំង​ទន្លេ​ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ពី​ហេតុ​កា​រណ៍​​ខាងលើ​ដែល​បាន​កើតឡើង​។​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា​ សព​ជនរងគ្រោះ​ម្នាក់​ដែល​បាន​រក​ឃើញ​ ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១១ ឧសភា​ ទូក​ដែល​លិច​បាត់​កណ្តាលទន្លេ​នោះ​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយទេ ​រួម​នឹង​​ជនរងគ្រោះ​ចំនួន​២​នាក់​ទៀត​។

ក្រោយ​ពី​ទទួលបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​អោយ​លោក​​វរ​សេនី យ៍​ឯក ប៉ាន់ ដ​ន អធិការ​នគរ បាល​ស្រុក​កំពង់សៀម​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ខាងលើ​ តែ​មិន​ទាន់​មាន​តម្រុយ​ពី​ទូកបង្ក​នោះ​នៅ​ទីណា​​នៅឡើយ​ទេ​។

លោក​ឧត្តមសេនីយ៍ត្រី​សោម​ រស់​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្ដាប់ធ្នាប់​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ករណី​ខាងលើ ​មិនដឹង​ថា​តើ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​ ឬ​ក៏​ជា​ករណី​អ្វី​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​ ។ ​ជាមួយ​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​រួម​មាន​នគរបាល​ចរាចរណ៍​ផ្លូវទឹក​នគរបាល​ព្រហ្មទណ្ឌ​ចុះ​ធ្វើការ​ស៊ើបអង្កេត​​ជុំវិញករណី​ខាងលើ​​នេះ​បន្ត​ទៀត ​ដើម្បី​រក​មូលហេតុ​ពិត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ