ADB គ្រោង​ផ្ដល់​ហិរញ្ញវត្ថុ​ជាង​១៣០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​ពី​២០២១-២០២៣


រាជធានី​ភ្នំពេញ ៖ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB បាន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ប្រមាណ​១៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍ និង​ដោះស្រាយ​នូវ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​តាម​រយៈ Video Conference រវាង​នាយក​ប្រតិបត្តិ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នោះ​លោក វ​ង្សី វិស្សុត បានអោយ​ដឹង​ថា​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ជាក់ស្តែង​មួយ​ចំនួន ដើម្បី​ធានា​ថា​រាល់​កម្មវិធី និង​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ដែល​កំពុង​អនុវត្ត និង​បញ្ជី​គម្រោងស្នើ​សុំ​ថ្មី​ៗ​ត្រូវ​បាន​អនុវត្ត​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​ទ្រទ្រង់ និង​គាំទ្រ​ដល់ ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុងពេល និង​បន្ទាប់​ពី​វិបត្តិ​ជ​ម្ងី​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ចប់ ។

លោក​បាន​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុង​តែ​រៀបចំ​នូវ​សេចក្តី​ព្រាង​ផែនការ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ដោយ​ផ្អែក​លើ​សភាពការណ៍​វិវត្តន៍ និង​គោលការណ៍​សំខាន់​ៗ​ចំនួន​៤ រួម​មាន ១. និន្នាកា​សកល​បន្ទាប់​ពី​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩ (២).​ការ​កំណត់ និង​ជ្រើសរើស​វិស័យ​ដែល​អាទិភាព និង​មាន​សក្តានុពល​ខ្ពស់​, ៣.​ការ​កែទម្រង់ រចនាសម្ព័ន្ធ​ស៊ីជម្រៅ និង​ប្រាកដនិយម និង (៤).​ការ​បង្កើន​ចំណាយ​ថវិកា​កាន់តែ​ធំ​ជាង​មុន និង​កាន់ តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន តាម​រយៈ​ការ​បង្កើន​ទំហំ​នៃ​ការ​ខ្ចី ទាំង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា និង​តាម​ការ បោះ​សញ្ញាប័ណ្ណ​ក្នុងស្រុក​នា​ពេល​ខាង​មុខ ដោយ​ឯកឧត្តម​បាន​សង្កតធ្ងន់​ថា កម្ពុជា​នៅ​មាន​លំហ​ក្នុង​ការ​ខ្ចី ថ្មី​បន្ថែម ដោយសារ​អនុ​បាត​បំណុល​គន្លឹះ​ៗ​ទាំងអស់​របស់​កម្ពុជា​មាន​កម្រិត​ទាប​នៅឡើយ ធៀប​នឹង​អនុ​បាត​គោល​តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​។

បើ​តាម​លោកស្រី Durrani-Jamal នាយិកា​គ្រប់គ្រង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បានអោយ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ ២០២០​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន ប្រមាណ​២,៣​ភាគរយ ហើយ​ក្នុង​ឆ្នាំ ២០២១ សេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា​នឹង​កើនឡើង​ដល់​៥,៧​ភាគរយ ។

គួរ​បញ្ជាក់​ថា តាម​រយៈ​កម្មវិធី​/​គម្រោង​អភិវឌ្ឍន៍ និង​ជំនួយ​បច្ចេកទេស​ឆ្នាំ​២០២១-២០២៣​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​គ្រោង​នឹង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​អនុវត្ត​យុទ្ធ សាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ​២០១៩-២០២៣ របស់​ខ្លួន​សម្រេច​បាន​ជោគជ័យ​ក៏​ដូច​ជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​កិច្ច​អភិវឌ្ឍ​របស់កម្ពុជា ។

​គិត​ម​ដល់​បច្ចុប្បន្ន​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ប្រមាណ ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ផ្ដោត​លើ​វិស័យ​ធំ​ៗ​ជា​ច្រើន តែ​ក្នុង​នោះ​វិស័យ​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​វិស័យ​អភិវឌ្ឍន៍ជនបទ​កសិកម្ម និង​ធនធានធម្មជាតិ វិស័យ​ដឹក​ជញ្ជូន វិស័យ ទឹក​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ហិរញ្ញវត្ថុ និង​វិស័យ​គ្រប់គ្រង​សាធារណៈ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ