មណ្ឌលគីរី៖ ថ្លែងនៅក្នុងកិច្ចប្រជុំចង្អៀតលើកទៅ១ របស់គណៈកម្មការអន្តរក្រសួង ដើម្បី សិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគីរី នាថ្ងៃទី ១១ ឧសភានេះ លោក ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ខេត្តមណ្ឌលគីរី មានសក្តាធំធេងណាស់ សម្រាប់ការអភិវឌ្ឍជាកសិដ្ឋាន ផ្កា បន្លែ និងផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញទៅលក់នៅបណ្តាប្រទេសផ្សេងៗទៀត ។
លោក ថោង ខុន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងខេត្ត មណ្ឌលគិរី ខណៈដែលក្រសួងទេសចរណ៍តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាលក៏បានកំពុងរៀបចំបញ្ចប់សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបផងដែរ ។
លោកបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ការរៀបចំផែនការទាំងពីរនេះក្រសួងទេសចរណ៍បានបង្កើតនូវក្រុមការងារបច្ចេកទេស ដើម្បីជាសេនាធិការ ។ សម្រាប់ខេត្តមណ្ឌលគិរី ក្រុមការងារបច្ចេកទេសដឹកនាំដោយ លោក ថោង រដ្ឋសក្កិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងមានលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ជាសេនាធិការ ។
លោករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ខេត្តមណ្ឌលគិរីមានសក្ដានុពលដ៏សំបូរបែបលើពហុវិស័យ រួមទាំងមានវិស័យទេសចរណ៍ ឧស្សហកម្ម រ៉ែ និងថាមពល កសិកម្ម និងកសិ-ឧស្សាហកម្ម ច្រកទ្វារអន្តរជាតិ ព្រមជាមួយតំបន់អភិរក្សព្រៃឈើ និងធនធានធម្មជាតិជាច្រើនផងដែរ ។ សម្រាប់វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍគោលដៅទេសចរណ៍បែបសម្រាកលំហែកម្រិតខ្ពស់ និងទេសចរណ៍បែបធម្មជាតិ (Alternative Tourism) ជាពិសេសលើផ្នែកអេកូទេសចរណ៍ និងកសិ-ទេសចរណ៍ ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គឺខេត្តមណ្ឌលគិរីមានសក្ដានុពលធំធេងណាស់ សម្រាប់ការអភិវឌ្ឍជាកសិដ្ឋាន ផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ។
លោកថា ទីតាំងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានលក្ខណៈប្រហាក់ប្រហែលនឹងខេត្តឈៀងម៉ៃ ប្រទេសថៃ និងខេត្តដាឡាត់ ប្រទេសវៀតណាម ជាពិសេសភាពអំណោយផលនៃអាកាសធាតុត្រជាក់បង្គួរនៅតំបន់នេះរួមជាមួយដីដ៏មានជីជាតិ ៕
ចែករំលែកព័តមាននេះ